អតីត​តារា​សម្ដែង​ម្នាក់​លើក​ទាំង​គ្រួសារ​ពី​អាមេរិក មក​ដើរ​ចែក​ទាន​ពេញ​ស្រុក​ខ្មែរ

  • 2015-01-28 18:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង​ទសវត្សរ៍​ទី​៩០​ម្នាក់ គឺ​អ្នក​នាង ណិប កេសី បាន​លើក​ទាំង​គ្រួសារ​មាន​ស្វាមី និង​បុត្រា​បុត្រី​ពីរ​នាក់ ជិះ​យន្តហោះ​ពី​អាមេរិក​មក​ស្រុក​ខ្មែរ​ក្នុង​បំណង​តែ​មួយ​គត់ គឺ​មក​ចែក​ទាន​ដល់​ជន​ក្រីក្រ។

 

“ខ្ញុំ​មក​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ឆ្នាំ​មុន​ៗ​គឺ​ខ្ញុំ​មក​ធ្វើ​បុណ្យ តែ​លើក​នេះ គឺ​អត់​ធ្វើ​បុណ្យ​ទេ គឺ​មក​ចែក​ទាន​តែ​ម្ដង ហើយ​ខ្ញុំ​បាន​ទៅ​ច្រើន​កន្លែង​ហើយ គឺ​ចង់​ជួយ​អ្នក​ក្រីក្រ​ពិត​ប្រាកដ​តាម​លទ្ធភាព​ដែល​ខ្ញុំ​អាច​ជួយ​បាន!”។ អ្នក​នាង ណិប កេសី ថ្លែង។

 

 

អតីត​តារា​សម្ដែង​រូប​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៦ មករា ២០១៥​នេះ។ រយៈ​ពេល​ពីរ​សប្ដាហ៍​មក​នេះ អ្នក​នាង កេសី បាន​ធ្វើ​សកម្មភាព​សប្បុរស​មួយ​ចំនួន​ដូច​ជា ផ្ដល់​អណ្ដូង​ទឹក​ចំនួន​២ សៀវភៅ ១៥០​ក្បាល និង​កៅអី​សម្រាប់​អង្គុយ​មួយ​ចំនួន​ទៀត​ទៅ​ឲ្យ​កុមារ​ៗ និង​ប្រជាពលរដ្ឋ​ក្រី​ក្រ​ក្នុង​ភូមិ​មួយ​របស់​ខេត្ត​សៀមរាប។ ជំនួយ​នេះ​គឺ​តាម​គម្រោង​ទឹក​ស្អាត​របស់​លោក សាវិន ភីលីប។

 

បន្ត​មក​ទៀត អ្នក​នាង កេសី បាន​នាំ​អំណោយ​សប្បុរស​ផ្ទាល់​ខ្លួន​ទៀត​ទៅ​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ចំនួន ៦​គ្រួសារ​នៅ​សង្កាត់​ព្រែក​ប្រា។ "ខ្ញុំ​ទៅ​តាម​បង​ប្រុស​ខ្ញុំ​ណែ​នាំ គាត់​ថា​ទាំង​៦​គ្រួសារ​នោះ​ក្រី​ក្រ​ណាស់ រាល់​ថ្ងៃ​គឺ​ពឹង​តែ​លើ​របរ​រាវ​ខ្ចៅ​ខ្យង​ក្នុង​បឹង​ឆ្ងាយ​ៗ​ប៉ុណ្ណឹង ដល់​ទៅ​ផ្ទាល់​គឺ​មែន ពួក​គាត់​មហា​ក្រ​បំផុត អីចឹង​ខ្ញុំ​សម្រេច​ជូន​គាត់ ១​គ្រួសារ​១៥ម៉ឺន​រៀល"។

 

 

អ្នក​នាង ណិប កេសី និង​កូន​ទាំង​ពីរ

 

សកម្មភាព​ចុង​ក្រោយ​មួយ​កាល​ពី​ម្សិល​មិញ​នេះ គឺ​អ្នក​នាង និង​ក្រុម​គ្រួសារ​បាន​ទៅ​តំបន់​សំរាម​ស្ថិត​ក្នុង​សង្កាត់​ជើង​ឯក។ កន្លែង​នេះ គឺ​ព្រះ​សង្ឃ​មួយ​អង្គ​នៅ​វត្ត​បទុម​ណែ​នាំ " លោក​ឃើញ​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ទាន តេជគុណ ក៏​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​កន្លែង​រើស​សំរាម​ទៅ ហ៊ឺ...ទៅ​ដល់​ក្ដុកក្ដួល​ណាស់ ទី​នោះ​មាន​ក្លិន​ស្អុយ ឆ្អេះឆ្អាប តែ​ពួក​គេ​ញុំា​ហ្នឹង​គេង​ហ្នឹង...ខ្ញុំ​បាន​ជួយ​ពួក​គាត់ ៥០​គ្រួសារ ក្នុង​១​គ្រួសារ ៣​ម៉ឺន​រៀល"។

 

មិន​អស់​នៅ​ឡើយ អ្នក​នាង ណិប កេសី បញ្ជាក់​ថា អ្នក​នាង និង​គ្រួសារ​នឹង​ទៅ​ចែក​ទាន​បន្ត​ទៀត​នៅ​តំបន់​ភ្នំ​តាម៉ៅ​ ទន្លេ​បាទី នៅ​ថ្ងៃ​នេះ មុន​អ្នក​នាង​ចាក​ចេញ​ទៅ​វិញ​នៅ​ថ្ងៃ​ស្អែក។ សកម្មភាព​ចែក​ទាន​នេះ មិន​រាប់​បញ្ចូល​សកម្មភាព​តូច​ៗ​រាល់​ថ្ងៃ​នៅ​ឡើយ​ទេ។ អ្នក​នាង ថ្លែង​ថា រាល់​ពេល​ដែល​អ្នក​នាង​ចេញ​ទៅ​ណា ញុំា​អី​នៅ​កន្លែង​ណា ឲ្យ​តែ​ជួប​អ្នក​សុំ​ទាន​អ្នកនាង​ដាក់​ទាន​ឲ្យ​ទាំង​អស់ មាន​ប៉ុន្មាន​នាក់​ដាក់​ប៉ុណ្ណឹង គឺ​ដាក់​ទាល់​តែ​គ្រប់​គ្នា។

 

 

 

អ្នក​នាង ណិប កេសី ចូល​រួម​ពិធី​កាត់​ចំណង​ដៃ​ ឆ័យលី ដាឡែន

 

អ្នក​នាង ណិប កេសី គឺ​ជា​អតីត​ជ័យលាភី​លេខ​៣​ក្នុង​ការ​ប្រឡង​មួយ​រៀប​ចំ​ដោយ​ទស្សនាវដ្ដី​ជីវិត​កម្សាន្ត។ បន្ត​មក​នៅ​ឆ្នាំ ១៩៩៥ អ្នក​នាង​បាន​ចូល​ក្នុង​ការងារ​សម្ដែង ដោយ​បាន​សម្ដែង​ភាពយន្ត ខារ៉ាអូខេ រួម​ទាំង​ដើរ​ម៉ូដ​ទៀត។ អ្នក​នាង​ធ្លាប់​សម្ដែង​ក្នុង​រឿង​ជា​ច្រើន​ដូច​ជា "រំដួល​ទង​មាស" និង​"បិសាច​ចម្លែក" សុទ្ធ​ជា​រឿង​ដែល​អ្នក​នាង​ទទួល​បាន​ការ​គាំទ្រ​ច្រើន។ ដោយ​ឡែក​ខាង​ចម្រៀង​ខារ៉ាអូខេ​វិញ អ្នក​នាង​បញ្ជាក់​ថា គ្រប់​ផលិតកម្ម​ក្នុង​ស្រុក​ខ្មែរ អ្នក​នាង​ធ្លាប់​សម្ដែង​ឲ្យ​ទាំង​អស់។

 

អ្នក​នាង ណិប កេសី បាន​រៀប​ការ​ជាមួយ​អាណិកជន​ខ្មែរ​-អាមេរិក​នៅ​ឆ្នាំ​១៩៩៩ លុះ​ឆ្នាំ ២០០០​អ្នក​នាង បាន​ចាក​ចេញ​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក បច្ចុប្បន្ន​នៅ​ក្នុង​រដ្ឋ ម៉ារីលែន។ មក​ទល់​នឹង​ពេល​នេះ អ្នក​នាង ទទួល​បាន​បុត្រា​បុត្រី​ចំនួន​ពីរ​រូប គឺ​កូន​ស្រី​ច្បង​ឈ្មោះ Magaret អាយុ ១៤​ឆ្នាំ និង​កូន​ប្រុស​ពៅ​ឈ្មោះ Vin Cene អាយុ ១០។ អ្នក​នាង កេសី សុំ​សិទ្ធិ​មិន​និយាយ​លំអិត​ពី​ស្វាមី៕

 

 

 

 

 

 

 

សកម្មភាព​សប្បុរស​នានា​របស់​អ្នក​នាង ណិប កេសី(រូប​​ភាព​ផ្ដល់​ដោយ​អ្នក​នាង ណិប កេសី)

អត្ថបទ៖នារី​ជនជាតិ​ដើម​ទំពួន​កាន់​តែ​ស្អាត និង​ ចាប់​អារម្មណ៍​សិល្បៈ​កាន់​តែ​ច្រើន!

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី