អើត​មុខ​មក​ដល់​ស្រុក​ភ្លាម សៀម ស្រីណុច ត្អូញ​នឹក​រឿង​អតីត

  • 2015-01-29 17:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង សៀម ស្រីណុច ដែល​បាន​ដក​ខ្លួន​ប្រមាណ​ជាង​១០​ឆ្នាំ​ពី​សិល្បៈ ទៅ​រស់​នៅ​ប្រទេស​កាណាដា​ជាមួយ​ស្វាមី​នោះ បាន​ប្រាប់ Sabay ថា នាង​នៅ​តែ​វិល​វល់​នឹង​រឿង​អតីត​ជា​ច្រើន ពិសេស​វេលា​ដែល​នាង មិត្តភ័ក្ដិ​២-៣​នាក់​ទៀត ត្រូវ​គេ​ចាត់​ថា​ជា​ស្រី​ស្អាត​ទាំង​៤។

 

 

“ចាស៎ នឹក...និយាយ​ទៅ​គឺ​នឹក​គ្រប់​ពេល​តែ​ម្ដង ព្រោះ​ពួក​យើង​ដើរ​លើ​ផ្លូវ​តែ​មួយ ហើយ​ចៃដន្យ​អី​ពួក​យើង​ឡើង​ល្បី​តំណាល​ៗ​គ្នា​អីចឹង លុះ​ដល់​បែក​គ្នា​អស់​អីចឹង​ទៅ...ពេល​ខ្លះ​ខ្ញុំ​ដេក​គិត​ថា ហ៊ឺ​បើ​ថ្ងៃ​ណា​មួយ​ពួក​យើង​បាន​ជួប​គ្នា​មិន​ដឹង​ល្អ​យ៉ាង​ណា"។

 

ស្រី​ស្អាត​ទាំង​៤​កាល​ពី​អតីតកាល ដែល​ត្រូវ​បាន​ប្រិយមិត្ត​ចាត់​ថ្នាក់​នោះ​មាន សៀម ស្រីណុច ឡាយ លក្ខិណា ស្រី​តូច ចំណាន និង​ពេជ្រ ច័ន្ទ​បូរមី។ ពួក​គេ​ទាំង​៤​ចាប់​ផ្ដើម​ល្បី​ខ្លាំង​តំណាល​គ្នា​ចន្លោះ​ឆ្នាំ ១៩៩៩-២០០៣។ យ៉ាង​ណា​បុប្ផា​៤​ទង​នេះ បាន​បែក​ខ្ញែក​គ្នា​មាន​គ្រួសារ​រៀង​ៗ​ខ្លួន ក្នុង​នោះ​ស្រីណុច រៀប​ការ​ស្វាមី​ហើយ​ចេញ​ទៅ​រស់​នៅ​កាណាដា​នា​ឆ្នាំ ២០០៧។

 

ស្រី​តូច​ចំណាន​ត្រូវ​បាន​គេ​ដឹង​ថា មាន​ជីវភាព​ស្ដុកស្ដម្ភ​ជាង​គេ ដោយ​មាន​អ្នក​ឧកញ៉ា គិត ម៉េង ជា​ខ្នង​បង្អែក។ ពេជ្រ ច័ន្ទបូរមី ក៏​ស្ដុកស្ដម្ភ​ដែរ ដោយ​មាន​ស្វាមី​ជា​មន្ត្រី​ប៉ូលិស​អន្តរជាតិ ហើយ​អ្នក​នាង​ខ្លួន​ឯង​ក៏​មាន​ជំនួញ​ជា​ច្រើន​កាន់​ការ​មើល​ខុស​ត្រូវ​ដែរ។ មាន​តែ ឡាយ លក្ខិណា ប៉ុណ្ណោះ​ដែល​មាន​ជីវភាព​ទន់​ខ្សោយ​ជាង​គេ ដោយ​បាន​ធ្លាក់​ខ្លួន​មេម៉ាយ​រស់​ក្នុង​ជីវភាព​សាមញ្ញ ពោល​គឺ​ជា​អាជីវក​លក់​សំលៀក​បំពាក់​នៅ​ផ្សារ​អូឬស្សី​សព្វថ្ងៃ។

 

ស្រីណុច ថ្លែង​ថា តាំង​ពី​បែក​គ្នា​អស់​មក នាង​មិន​ដែល​បាន​ជួប​មិត្តភ័ក្ដិ​ទាំង​បី​អតីត​ស្រី​ស្អាត​ទាំង​៤ ជា​ក្រុម​ទេ គឺ​បាន​ជួប​ត្រឹម​លក្ខណៈ​បុគ្គល​ប៉ុណ្ណោះ។ "ខ្ញុំ​បាន​ជួប​ពីរ​បី​ដង​ដែរ ប៉ុន្តែ​អត់​ជួប​ទាំង​អស់​គ្នា​ទេ គឺ​ធ្លាប់​ជួប​តែ ពេជ្រ ច័ន្ទ​បូរមី ហើយ​មិន​មាន​អី​ច្រើន​ទេ គឺ​យើង​គ្រាន់​តែ​និយាយ​លេង​សួរ​សុខ​ទុក្ខ​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណឹង!”។

 

អ្នក​នាង សៀម ស្រីណុច សម្រេច​ឈប់​ពី​សិល្បៈ​តាំង​ពី​អំឡុង​ឆ្នាំ ២០០៤ គឺ​មុន​៣​ឆ្នាំ ដែល​អ្នក​នាង​បាន​រៀប​ការ​ជាមួយ​ស្វាមី​លោក ស៊ីម ប៊ុនថង នៅ​ឆ្នាំ​២០០៦​ទៅ​ទៀត។ អតីត​តារា​ចម្រៀង​រូប​នេះ បាន​ចាក​ចេញ​ទៅ​រស់​នៅ​ប្រទេស​កាណាដា​ជា​មួយ​ស្វាមី​នៅ​ឆ្នាំ ២០០៧ ដោយ​បច្ចុប្បន្ន​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ ណាលីន អាយុ ៦​ឆ្នាំ និងកំពុង​រស់​នៅ​ខេត្ត កេប៊ិច។

 

ផ្ញើ​ខ្លួន​នៅ​ស្រុក​គេ សៀម ស្រីណុច បាន​បើក​ហាង​លក់​បាយ​មួយ​ឈ្មោះ "ម្លិះ" មាន​លក់​ម្ហូប​ខ្មែរ អឺរ៉ុប និង​ម្ហូប​របស់​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អាស៊ី ដោយ​អ្នក​នាង និង​ស្វាមី មើល​ការ​ខុស​ត្រូវ​រួម​គ្នា។ អ្នក​នាង បាន​មក​ដល់​ប្រទេស​កំណើត​កាល​ពី​ថ្ងៃ​ទី ១០ មករា និង​ជា​ដំណើរ​លើក​ទី​៣​មក​កម្ពុជា ដើម្បី​មក​លេង​ក្រុម​គ្រួសារ។ អ្នក​នាង គ្រោង​ត្រឡប់​ទៅ​កាណាដា​វិញ​នៅ​ដើម​ខែ​កុម្ភៈ​នេះ។

 

 

ខុស​ពី​រាល់​ដង មក​លេង​ស្រុក​លើក​នេះ​អ្នក​នាង សៀម ស្រីណុច បាន​ឆ្លៀត​បង្ហាញ​មុខ​ក្នុង​កម្មវិធី​សិល្បៈ​នានា ដោយ​ដំបូង​ឡើយ បាន​ចូល​រួម​ពិធី​កាត់​ចំណង​ដៃ​របស់ ឆ័យលី ដាឡែន បន្ត​មក​ទៀត បាន​ចូល​រួម​កម្មវិធី​សិល្បៈ​មួយ​របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣ និង​ម្សិលមិញ​នេះ បាន​ចូល​រួម​ថត​ទុក​កម្មវិធី CTN Channel 21 ត្រៀម​ចាក់​ផ្សាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ ៕

 

មើល​សម្រស់​អតីត​ស្រី​ស្អាត​ក្នុង​ពេល​នេះ​មើល៍ អ្នក​នៅ​តែ​ស្អាត​ជាង?

 

អត្ថបទ៖ អតីត​តារា​សម្ដែង​ម្នាក់​លើក​ទាំង​គ្រួសារ​ពី​អាមេរិក មក​ដើរ​ចែក​ទាន​ពេញ​ស្រុក​ខ្មែរ

 

អត្ថបទ៖ ទារិកា