តារា​សម្ដែង​ជើង​ចាស់ នារី រ័ត្ន​គន្ធា ចង់​រត់​ចោល​អាមេរិក

  • 2015-01-30 15:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់​អ្នក​នាង នារី រ័ត្ន​គន្ធា ​ដែល​មាន​​រូប​រាង​ទ្រលុក​ទ្រលន់ បាន​លេច​មុខ​​ជា​ថ្មី​មក​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ការ​ចាក​ចេញអស់ ១៣​ឆ្នាំ។អ្នក​នាង​ប្រាប់​ថា នឹង​មិន​​ស្លាប់​ចោល​ឆ្អឹង​លើ​ដី​ស្រុក​អាមេរិក​ឡើយ ត្រូវ​តែ​មក​ស្រុក​កំណើត​វិញឲ្យ​បាន។

 

“នៅ​ទី​នោះ​ឯកា​ណាស់...ខ្ញុំ​មិន​នៅ​ទី​នោះ​រហូត​ទេ រឿង​ត្រឡប់​មក​ប្រទេស​យើង​វិញ គឺ​ដឹង​តែ​មក​ហើយ គ្រាន់​តែ​មិន​ដឹង​ថា​អាច​មក​ឆាប់​ៗ​នេះ ឬ​ពេល​ណា និយាយ​ទៅ​ខ្ញុំ​មិន​ស្លាប់​ចោល​ឆ្អឹង​នៅ​ទី​នោះ​ទេ!”។

 

 

អ្នក​នាង រ័ត្ន​គន្ធា បាន​ចាក​ចេញ​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​តាំង​ពី​ឆ្នាំ ២០០១ បន្ទាប់​ពី​បាន​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ឈ្មោះ ផល្លី ជា​ទាហាន​ធ្វើ​ការ​លើ​កប៉ាល់។ បច្ចុប្បន្ន​អ្នក​នាង និង​ស្វាមី​រួម​ទាំង​កូន​ៗ​ទាំង​ពីរ កំពុង​រស់​នៅ​ក្នុង​រដ្ឋ​អាយលែន និង​មាន​មុខ​របរ​បើក​ហាង​មួយ​យីហោ "នារី រ័ត្ន​គន្ធា New Collection” មាន​លក់​សំលៀក​បំពាក់​ខ្មែរ និង​វត្ថុ​បុរាណ​ខ្មែរ។

 

អ្នក​នាង​ប្រាប់​ថា អ្នក​នាង​ឯកា​ណាស់ ក្នុង​នោះ​ក្រៅ​ពី​ស្វាមី និង​កូនៗ អ្នក​នាង​គ្មាន​សាច់​ញាតិ​ណា​ផ្សេង​ឡើយ ហើយ​ក្នុង​រដ្ឋ​នោះ ក៏​មិន​សូវ​ឃើញ​មាន​បង​ប្អូន​ខ្មែរ​យើង​រស់​នៅ​ដែរ។ ជីវិត​បែប​នេះ អ្នក​នាង​យល់​ថា ត្រមង់ត្រមោច​ពេក​ណាស់។ "ដូច​អត់​សូវ​មាន​ខ្មែរ​ទេ ខ្ញុំ​ខ្មែរ​តែ​ឯង ហ៊ឺ Lonely ណាស់"។

 

ក្រៅ​តែ​ពី​មិន​មាន​សាច់​ញាតិ នៅ​មាន​ការ​ប្រឈម​មួយ​ទៀត គឺ​ប្រើ​ប្រាស់​ភាសា ដែល​ធ្វើ​ឲ្យ​អ្នក​នាង​កាន់​តែ​ដាច់​ឆ្ងាយ​ពី​គេ​ឯង ខណៈ​អ្នក​នាង​ប្រាប់​ថា ចេះ​ត្រឹម​បន្តិច​បន្តួច​។ ដូច្នេះ​ហើយ មិន​យូរ​មិន​ឆាប់​នឹង​មក​ត្រឡប់​មក​រស់​នៅ​កម្ពុជា​ដី​កំណើត​វិញ។ ទន្ទឹម​នឹង​ការ​បង្ហើប​ចង់​មក​រស់​នៅ​ស្រុក​កំណើត​វិញ អតីត​សិស្ស​វិទ្យាល័យ​បឹង​ត្របែក​រូប​នេះ បន្លឺ​ទៀត​ថា​នឹង​ចូល​សិល្បៈ​វិញ បើ​បង​ប្អូន​នៅ​តែ​គាំទ្រ។

 

 

 

“មាន​អី​បើ​ពុក​ម៉ែ​បង​ប្អូន​នៅ​តែ​គាំទ្រ ខ្ញុំ​ក៏​មិន​ចង់​ចោល​សិល្បៈ​រហូត​ដែរ សម្ដែង​តួ​ម៉ែ​ក៏​បាន តួ​យាយ​ក៏​បាន​ដែរ បំណាច់​នឹង​ស្រឡាញ់​ទៅ​ហើយ​(សើច)"។

 

អ្នក​នាង រ័ត្ន​គន្ធា បាន​មក​ដល់​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន ដែល​នេះ​គឺ​ជា​ដំណើរ​លើក​ទី​៤ រាប់​ត្រឹម​ឆ្នាំ ២០១១​មក។ មក​លើក​នេះ អ្នក​នាង ថា មាន​គោល​បំណង​សំខាន់​ៗ​៣ ទី​១​មក​ធ្វើ​បុណ្យ​ឆ្លង​ចេតិយ​ឪពុក​នៅ​វត្ត​មួយ​នា​ស្រុក​កណ្ដាល​ស្ទឹង។ ទី​២ មក​នាំ​ទំនិញ​មួយ​ចំនួន​ទៅ​លក់ និង​ទី​៣ គឺ​មក​លេង​ក្រុម​គ្រួសារ។

 

នារី រ័ត្ន​គន្ធា គឺ​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​ជំនាន់​អ្នក​នាង អម្ពរ ទេវី និង​សុខ ស្រី​មុំ ដែល​មុន​ទៅ​សហរដ្ឋ​អាមេរិក អ្នក​នាង​ធ្លាប់​បាន​សាង​ស្នាដៃ​ក្នុង​រឿង​ជា​ច្រើន​ដូច​ជា "កំលោះ​ឆ្នាំ ៩១" "បុប្ផា​ភ្នំពេញ" និង​រឿង "ផ្លូវ​បែក​ជា​បី" ជា​ដើម។ តារា​ជើង​ចាស់​រូប​នេះ ទទួល​ថា​ខ្លួន​រាង​មាន​ព្រលឹង​(ធាត់)បន្តិច ប៉ុន្តែ​អ្នក​នាង យុគ ចិន្ដា ដែល​បាន​ធ្វើ​សម្ភាសន៍ លាន់​ថា អ្នក​នាង រ័ត្ន​គន្ធា ដូច​អត់​ចាស់​សោះ។

 

ចុះ​ប្រិយមិត្ត​មើល​ឃើញ​យ៉ាង​ម៉េច ស្អាត ហើយ​នៅ​តែ​ក្មេង?

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី