យុវតីខ្មែរឆ្នើម ក្លាយជានិស្សិតជំនាន់ទី១សាកលវិទ្យាល័យអន្តរជាតិដ៏ធំនៅអាស៊ី
- 2015-01-30 16:52:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវតីខ្មែរឆ្នើម ក្លាយជានិស្សិតជំនាន់ទី១សាកលវិទ្យាល័យអន្តរជាតិដ៏ធំនៅអាស៊ី
ចន្លោះមិនឃើញ
ជា កំពង់ផែដ៏មមាញឹក ប្រកបដោយជួរភ្នំស្រស់ស្អាត និងជាប់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏សម្បូរណ៍បែប តែកកកុញទៅដោយប្រជាជនរស់នៅក្នុងភាពក្រីក្រ ជួបប្រទះបញ្ហាវិបត្តិនយោបាយ ព្រមទាំងគ្រោះធម្មជាតិញឹកញយ ទីក្រុង Chittagong របស់ប្រទេសបង់ក្លាដេស បែរជាក្លាយជាជង្រុកចំណេះដឹងមួយដល់យុវតីខ្មែរជាច្រើននាក់ ដែលគ្មានអ្នកណានឹកស្មានដល់។
ឌុត គីមស្រ៊ូ អាយុ២៦ឆ្នាំ មានសម្បុរសណ្ដែកបាយ រាងតូចស្ដើង តែរួសរាយរាក់ទាក់ ជាយុវតីខ្មែរម្នាក់ក្នុងចំណោមនារីវ័យក្មេងខ្មែរជាច្រើន ដែលបានវិលត្រឡប់ពីប្រទេសបង់ក្លាដេសកន្លងទៅ បន្ទាប់ពីនាងបានបញ្ចប់ថ្នាក់អាហារូបករណ៍ទៅសិក្សាបរិញ្ញាបត្រនៅសាកល វិទ្យាល័យអាស៊ីសម្រាប់នារី ឬ Asian University for Women ក្នុងទីក្រុងChittagong រយៈពេលប្រាំឆ្នាំឯណោះ។
គីមស្រ៊ូ បាន ដឹងដំណឹងអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យអាស៊ីសម្រាប់នារី នេះ តាមរយៈមិត្តភ័ក្ដិម្ដាយរបស់ខ្លួន ក្រោយពីកញ្ញាទើបប្រឡងជាប់បាក់ឌុបថ្មីថ្មោងកាលពីឆ្នាំ២០០៧។ យុវតីរូបនេះបានដាក់ពាក្យសុំអាហារូបករណ៍ទៅកាន់ប្រទេសនោះ ខណៈដែលខ្លួនកំពុងសិក្សាជំនាញគណនេយ្យនៅវិទ្យាស្ថានវ៉ាន់ដា តាមរយៈអាហារូបករណ៍ស្ទើរតែពេញមួយរយភាគរយទៅហើយក្ដី។
អានអត្ថបទ៖ ៤សាកលវិទ្យាល័យល្បីៗនៅភ្នំពេញមួយឆ្នាំបង់រាប់ពាន់ដុល្លារទើបរៀនបាន
គីមស្រ៊ូ បញ្ជាក់ថា៖ «ពេលដែលដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសបង់ក្លាដេសនោះ ខ្ញុំមិនទាន់ដឹងថា នឹងត្រូវរៀនពីអ្វីទេ ដោយសារសាកលវិទ្យាល័យនោះទើបតែនឹងបើក។ ខ្ញុំជានិស្សិតជំនាន់ទីមួយតែម្ដង។ គេពុំទាន់មានជំនាញសិក្សាច្បាស់លាស់ គឺដោយសារគេចង់ស្ទង់មតិយើងសិន ថាយើងចង់សិក្សាជំនាញអ្វី»។
ប៉ុន្តែ កញ្ញាផ្ទាល់មានគម្រោងជាមុនថា នឹងសិក្សាជំនាញណាទាក់ទងនឹងការគិត ការគណនា ដូចជំនាញគណនេយ្យ ដែលខ្លួនធ្លាប់បានរៀននៅវិទ្យាស្ថានវ៉ាន់ដាអីចឹងដែរ។ យុវតីរូបនេះត្រូវឆ្លងកាត់ការធ្វើតេស្តដ៏តឹងតែងចំនួនបីដំណាក់ កាល ដោយទីមួយ គឺការដាក់ពាក្យស្នើសុំ ទីពីរ ការប្រឡងលើមុខវិជ្ជាភាសាអង់គ្លេស និងគណិតវិទ្យា និងទីបី គឺការធ្វើសម្ភាសន៍ផ្ទាល់ជាមួយគណៈកម្មការ។
ជាជោគជ័យ គីមស្រ៊ូ ត្រូវបានសាកលវិទ្យាល័យអាស៊ីសម្រាប់នារីនោះ ផ្ដល់អាហារូបករណ៍ឲ្យរៀនមួយចប់បរិញ្ញាបត្រ។ ថ្លៃសំបុត្រយន្តហោះទៅមក កន្លែងស្នាក់នៅ ថ្លៃទិញសម្ភារៈសិក្សា ថ្លៃម្ហូបអាហារ និងការចាយវាយផ្សេងៗ ក៏ជាបន្ទុករបស់សាកលវិទ្យាល័យដែរ។ យុវតីរូបនេះបានចាកចេញទៅកាន់ប្រទេសបង់ក្លាដេសនៅដើមឆ្នាំ២០០៨ ជាមួយនឹងយុវតីខ្មែរផ្សេងទៀត។
សាកលវិទ្យាល័យអាស៊ីសម្រាប់នារី ស្ថិតនៅក្នុងទីក្រុង Chittagong ដែលជាទីក្រុងធំលំដាប់ទីពីររបស់ប្រទេសបង់ក្លាដេស។ ទីក្រុងនេះមានភ្នំស្រស់ស្អាត កំពង់ផែដ៏ធំ និងជាជម្រកប្រជាជនក្នុងស្រុករហូតដល់ទៅ៦លានកន្លះឯណោះ។
ពេល ទៅដល់ប្រទេសបង់ក្លាដេសភ្លាម គីមស្រ៊ូ ត្រូវរៀនភាសាអង់គ្លេសត្រៀមរហូតដល់ជាងមួយឆ្នាំ ជាមួយនឹងនិស្សិតស្រីមកពីបណ្ដាប្រទេសផ្សេងៗទៀតនៅអាស៊ី។ នៅឆ្នាំទីពីរ ទើបនិស្សិតខ្មែររូបនេះជ្រើសរើសរៀនជំនាញមួយដែលសិក្សាក្ដោបទាំង នយោបាយ ទស្សនៈវិជ្ជា និងសេដ្ឋកិច្ច។ ការជ្រើសរៀនជំនាញនេះ គឺដោយសារកញ្ញាយល់ថា វាអាចជួយឲ្យខ្លួនពូកែក្នុងការពិចារណា វិភាគវែកញែកបានស៊ីជម្រៅ និងត្រឹមត្រូវទៀតផង។
«ពេលដែលខ្ញុំ ជ្រើសរៀនជំនាញ ខ្ញុំមិនបានគិតថា វាត្រូវតាមតម្រូវការឱកាសការងារ ឬអត់នោះទេ ពេលរៀនចប់។ ខ្ញុំគិតអីចេះទៅវិញថា ត្រូវប៉ាន់ ឬមិនត្រូវប៉ាន់ អាស្រ័យលើយើងដែរ។ យើងជាអ្នកធ្វើឲ្យជំនាញរបស់យើងមានគេត្រូវការ។ តាមស្ថាប័នមួយចំនួនមិនមែនត្រូវការត្រឹមតែអ្នកជំនាញបច្ចេកទេសឯ ណា គេក៏ត្រូវការអ្នកពូកែខាងគិតដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់គីមស្រ៊ូ។
ខណៈពេលកំពុងសិក្សា យុវតីដែលបានកើតនៅខេត្តកំពង់ចាមរូបនេះមិនអាចបន្ធូរដៃ មើលងាយលើមុខវិទ្យាតូចៗនីមួយៗបានទេ ពីព្រោះនេះជាសាកលវិទ្យាល័យលំដាប់អន្តរជាតិ បង្រៀនដោយសាស្ត្រាចារ្យមកពីបណ្ដាប្រទេសផ្សេងៗក្នុងសាកលលោក។
ក្រៅ ពីការសិក្សា យុវតីរូបនេះក៏មានភាពឆ្លាតវៃចំពោះសុវត្ថិភាពផ្ទាល់ខ្លួនដែរ។ បង់ក្លាដេស ដែលជាប្រទេសមានប្រជាជនរហូតដល់១៦០លាននាក់ ឬជាប់ចំណាត់ថ្នាក់លេខ៨ក្នុងសាកលលោក ក៏ប្រឈមនឹងបញ្ហាវិបត្តិនយោបាយ ភាពក្រីក្រ និងគ្រោះធម្មជាតិផងដែរ។ កញ្ញាសម្រេចមិនចេញពីបរិវេណអន្តេវាសិកដ្ឋានឡើយ បើសិនជាគេជូនដំណឹងអំពីបញ្ហាអសន្តិសុខផ្សេងៗ។
កញ្ញាថា៖ “មុននឹងមកសិក្សា ខ្ញុំមានការអៀនខ្មាសណាស់ មិនសូវចេះនិយាយទេ តែក្រោយពីរៀនចប់ ខ្ញុំមើលឃើញថាខ្លួនឯងមានភាពរីកចម្រើនខ្លាំង ទាំងភាសាអង់គ្លេស ទាំងចំណេះដឹង និងភាពក្លាហាន”។
ប្រាំ ឆ្នាំក្រោយស្នាក់នៅប្រទេសកាន់សាសនាឥស្លាមមួយនេះ គីមស្រ៊ូបានត្រឡប់មកកាន់ស្រុកកំណើតវិញជាមួយនឹងសញ្ញាប័ត្រ បរិញ្ញាបត្ររបស់ខ្លួន ដែលទទួលបានតាមរយៈការសិក្សាដ៏លំបាក។
ប៉ុន្តែ ការតស៊ូបានតបស្នងដល់កញ្ញាវិញដែរ។ ប្រហែលជាពីរទៅបីខែក្រោយមកដល់ប្រទេសរបស់ខ្លួនវិញ កញ្ញាទទួលបានការងារនៅអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា PEPY នៅខេត្តសៀមរាប ដោយទទួលបន្ទុកជួយស្វែងរកឱកាសទទួលបានការអប់រំដល់យុវជនខ្មែរ។
កញ្ញាគីមស្រ៊ូថ្លែងថា កញ្ញានឹងចូលរួមជួយសង្គម ជាពិសេសសិស្ស ឬនិស្សិតក្រីក្រតាមរយៈការស្វែងរកអាហារូបករណ៍ឲ្យពូកគេ។ នៅពេលខាងមុខដ៏ខ្លីនេះ កញ្ញានឹងសហការជាមួយសាលារដ្ឋដើម្បីជួយសម្របសម្រួលដល់សិស្សឲ្យ ទទួលបានអាហារូបករណ៍ទៅសិក្សានៅថ្នាក់ឧត្ដម នៅពេលដែលពួកគេរៀនចប់។
ប៉ុន្តែ ដើម្បីអាចទទួលបានឱកាស ជាពិសេសទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស យុវតីរូបនេះផ្ដាំថា យុវជនខ្មែរទាំងអស់អាចតាមដានព័ត៌មានទាក់ទងអាហារូបករណ៍ ត្រូវមានឆន្ទៈខ្ពស់ ព្រមទាំងមានសមត្ថភាពផងដែរ ពីព្រោះអាហារូបករណ៍មិនងាយធ្លាក់ទៅលើមនុស្សដែលខ្ជិលនោះទេ៕
យុវជនខ្មែរឈឺចិត្តគេមិនស្គាល់កម្ពុជា យកវប្បធម៌ទៅបង្ហាញមុខបរទេសជាង៨០ប្រទេស
អត្ថបទ៖ មាស រ័ត្ន