យុវជនខ្មែរឈឺចិត្តគេមិនស្គាល់កម្ពុជា យកវប្បធម៌ទៅបង្ហាញមុខបរទេសជាង៨០ប្រទេស
- 2014-11-14 16:20:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនខ្មែរឈឺចិត្តគេមិនស្គាល់កម្ពុជា យកវប្បធម៌ទៅបង្ហាញមុខបរទេសជាង៨០ប្រទេស
ចន្លោះមិនឃើញ
"វាពិតជាគួរឲ្យឈឺចិត្តណាស់ ដែលទៅរៀននៅបរទេស ហើយគេសួរខ្ញុំថា អ្នកមកពីប្រទេសណា? ខ្ញុំប្រាប់ថាមកពីកម្ពុជា តែគេធ្វើមុខឆ្ងល់ៗហើយសួរទៀតថា កម្ពុជានៅឯណា? នៅអាហ្វ្រិកមែនទេ?” នេះបើតាមការប្រាប់ឲ្យដឹងរបស់យុវជន ស៊ុន ឆៃលាង ដល់ Sabay។
យុវជនមានអាយុ ២១ឆ្នាំ មានស្រុកកំណើតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រូបនេះប្រាប់បន្តថា រឿងនេះកើតឡើងនៅពេល ឆៃលាង ជាប់អាហារូបករណ៍ទៅប្រទេសអាមេរិក។ ឆៃលាង បានប្រលងយកអាហារូបករណ៍ទៅរៀននៅសាលា Armand Hammer United World College of the American West នៅរដ្ឋ New Mexicoប្រទេសអាមេរិក ដែលមានសិស្សដាក់ពាក្យប្រហែល៧០០នាក់ មកពីខេត្តផ្សេងៗ ក្នុងឆ្នាំ២០១២ ពេលរៀនថ្នាក់ទី១១ នៅវិទ្យាល័យសម្ដេចឪ។ ក្រោយប្រលងជាប់បីដំណាក់កាលរួច ឆៃលាង ត្រូវជ្រើសរើសជាសិស្សអាហារូបករណ៍ UWC ( United World College ) ដើម្បីទៅសិក្សាកម្មវិធីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្តរជាតិ ( International នៅសម្ព័ន្ធវិទ្យាល័យពិភពលោក Armand Harmmer United World College of the American West ( UWC- USA) នៅរដ្ឋ New Mexico សហរដ្ឋអាមេរិក រយៈពេល២ឆ្នាំ ដែលកម្មវិធីសិក្សាស្រដៀងនឹងថ្នាក់ទី១១ និង១២ដែរ ប៉ុន្តែរៀនតែ៦មុខវិជ្ជាប៉ុណ្ណោះ។
លាងបន្តថា មករៀននៅទីនេះមានសិស្សប្រហែល២០០នាក់មកពីប្រទេសជាង៨០ជុំវិញពិភពលោកដើម្បីមករស់នៅ រៀន និងចែករំលែកវប្បធម៌ឲ្យគ្នាទៅវិញទៅមក ព្រោះសាលានេះមានគោលដៅក្នុងការបង្កើតការអប់រំឲ្យក្លាយជាកម្លាំងមួយដើម្បីបង្រួបបង្រួមជាតិសាសន៍ មនុស្សនិងវប្បធម៌ដើម្បីសន្តិភាពនិងអនាគតប្រកបដោយចីរភាព។
ពេលមកដំបូង ឆៃលាងជួបការលំបាកដែរ ដូចជាភាសាអង់គ្លេស ការសម្របខ្លួននឹងម្ហូបអាហារ អាកាសធាតុ (ព្រិល) និងត្រូវរៀនបើកផ្នត់គំនិតស្វែងយល់ពីវប្បធម៌ពីសិស្សដែលមកពីវប្បធម៌ផ្សេងគ្នា។ លាងបានចូលរួមក្នុងសកម្មភាពសាលា និងសង្គមជាច្រើនដូចជា ទស្សនកិច្ចសិក្សា South West Study នៅជ្រលងភ្នំ Grand Canyon ដ៏ល្បីមួយនៅរដ្ធ Arizona, កិច្ចការសង្គម នៅទីក្រុង Las Vegas, សន្និសីទស្តីពីសិទ្ធមនុស្សនៅ Chicago និងបញ្ហាជនអន្តោប្រវេសន៍ នៅប្រទេសម៉ិកស៊ីកូ ជាមួយគ្នានេះដែរ លាងត្រូវបានគេចាត់តាំងជាប្រធានក្លឹបអង្គការលើកលែងទោសអន្តរជាតិ(Amnesty International) ដែលមានគោលដៅលើកកម្ពស់ការយល់ដឹងផ្នែកសិទ្ធិមនុស្ស។ លាងរួមនិងមិត្តរួមក្លឹបពីរនាក់ទៀតមកពីអេស្ប៉ាញ និងអាហ្វហ្គានីស្ថាន ត្រូវបាន អនុញ្ញាតឲ្យជួបសមាជិកសភាអាមេរិកប្រចាំរដ្ឋ New Mexico ដើម្បីស្នើសុំការឧបត្ថម្ភដល់គម្រោង International Violence Against Women Act (I-VAWA) ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៣។
ទោះរៀននៅបរទេស ក្នុងប្រទេសឡូយហ៊ឺហារក៏ពិតមែន តែលាងមិនភ្លេចពាំនាំយកវប្បធម៌ដ៏ផូផង់ទៅបង្ហាញបរទេសឡើយ ព្រោះលាងចង់ឲ្យគេស្គាល់ប្រទេសខ្មែរកាន់តែច្រើន។
លាងបញ្ជាក់ដូច្នេះថា៖ “មានមិត្តភ័ក្ដិបរទេសខ្ញុំម្នាក់សួរថា ខ្ញុំមកពីណា? ខ្ញុំប្រាប់ថាមកពីកម្ពុជា រួចគេក៏សួរទៀតថាកម្ពុជានៅឯណា? នៅអាហ្វ្រិកឬ? "។ ឆៃលាងមានអារម្មណ៍មិនសប្បាយចិត្តទេ ពេលលឺគេថាអញ្ចឹង។
ដោយសារបែបនេះហើយ ឆ្លៀតពេលមួយសាលារៀបចំការសំដែងវប្បធម៌តាមតំបន់ ដែលហៅថា Cultural Show មានសិស្សប្រមាណជាង៨០ប្រទេសចូលរួម ស៊ុនលាងលើកយកការសំដែងរបាំគោះត្រឡោក និងដើរម៉ូតសំលៀកបំពាក់ខ្មែរ ក្នុងន័យបង្ហាញអ្នកទស្សនាឲ្យជ្រួតជ្រាបពីវប្បធម៌ខ្មែរ។
“កាលហ្នឹង អត់មានត្រឡោកទេ អញ្ចឹងហើយខ្ញុំយកចានក្រឡូមជំនួសវិញ។ ខ្ញុំចំណាយពេលហាត់រយៈពេលមួយអាទិត្យជាមួយមិត្តជនជាតិកូរ៉េ- អាមេរិកកាំងដែលធ្លាប់ទៅកម្ពុជា ដោយមើលតាម Youtube។ ដំបូងខ្ញុំអៀនៗដែរ ព្រោះមិនធ្លាប់ហាត់ពីមុន ប៉ុន្តែខ្ញុំមោទនភាពបំផុតក្រោយគ្រូនិងមិត្តភ័ក្ដិមួយចំនួនសរសើរថា របាំខ្មែរល្អមានចង្វាក់គួរជាទីទាក់ទាញនិងម៉ូដសំលៀកបំពាក់ស្អាត ។ ខ្ញុំសប្បាយចិត្តដែលបានចែករំលែករូបភាពវប្បធម៌ខ្មែរទៅប្រទេសដទៃស្គាល់ពីកម្ពុជា ហើយហើយតាមរយៈការសំដែងនេះមានគេស្គាល់កម្ពុជាកាន់តែច្រើន"។
លើសពីនេះ ឆៃលាងក៏បានចូលរួមសំដែងក្បាច់គុនចម្រុះ ដូចជាល្បុក្កតោ កុងហ្វូ តេក្វាន់ដូ និងក្បាច់គុនម៉ាឡេស៊ី បូកបញ្ចូលគ្នាដោយសំដែងរួមជាមួយសិស្សចិន ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូណេស៊ីជាដើម ។
ក្រោយពីបញ្ចប់ការសិក្សានៅ UWC- USA នៅឆ្នាំ២០១៤ ស៊ុន ឆៃលាង ក៏ទទួលបានអាហារូបករណ៍មួយទៀតនៅសាកលវិទ្យាល័យ Lewis & Clarkនៅទីក្រុងPortland រដ្ឋ Oregon , USA រយៈពេលបួនឆ្នាំ ដោយត្រូវបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៨។
ពេលនេះ ឆៃលាង ជានិស្សិតឆ្នាំទី១ហើយសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងភាសាអេស្ប៉ាញ ក្នុងប្រទេសអាមេរិក។ នៅឆ្នាំសិក្សាក្រោយ ឆៃលាង នឹងទៅរៀននៅប្រទេសអេស្ប៉ាញរយៈពេលមួយឆមាស។ “ ខ្ញុំនឹងចេញទៅសិក្សាអំពីវប្បធម៌ទូទៅនៅទីក្រុងSivilla ប្រទេសអេស្ប៉ាញ ដែលតម្រូវអោយរៀនថ្នាក់វប្បធម៌ទូទៅដើម្បីបញ្ចប់កាសិក្សា។ នៅសាកលវិទ្យាល័យនេះ សាលាមានកម្មវិធីទៅសិក្សានៅបរទេស (Oversea Programs)ដែលយើងអាចទៅរៀនយកក្រេឌីតបន្ថែម។ ដូច្នេះយើងអាចជ្រើសរើសកម្មវិធីនេះនៅអាមេរិកក៏បាន នៅបណ្ដាប្រទេសផ្សេងៗក៏បាន។ ប៉ុន្តែបើយើងចង់ទៅប្រទេសផ្សេងទៀត យើងត្រូវដាក់ពាក្យ GPA និងសម្ភាសជាប់ ទើបបានទៅ"។
យុវជន ស៊ុន ឆៃលាង ប្រាប់ថា ពេលរៀនចប់ថ្នាក់បរិញ្ញបត្រនៅអាមេរិកហើយ ចង់បន្តថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិកមុននឹងត្រលប់ទៅជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាវិញ។ បើសិនជាមានលទ្ធភាព ឆៃលាងលាងនឹងបើកអាជីវកម្មមួយ ឬធ្វើការនៅស្ថាប័នរដ្ឋ ឬឯកជនណាមួយ។
យុវជននេះ បន្ថែមថា បើទោះជាអ្នករស់នៅ ឬទៅរៀនចាកឆ្ងាយពីមាតុភូមិកំណើតយ៉ាងណាក៏ដោយ អ្វីដែលអាចអ្នកគួរធ្វើ គឺការចែករំលែកវប្បធម៌ប្រទេសរបស់ខ្លួនទៅអ្នកដទៃ ព្រោះវាបង្ហាញឲ្យឃើញពីឆន្ទៈស្រលាញ់ និងរួមចំណែកអភិរក្សវប្បធម៌ជាតិ កុំភ្លើតភ្លើនតែវប្បធម៌បរទេសហើយបំភ្លេចចោលវប្បធម៌ជាតិខ្លួនឯង។
ចុងក្រោយ ស៊ុនលាងសូមឲ្យយុវជនទាំងអស់ខិតខំរៀន និងសង្ឃឹមជឿជាក់លើខ្លួនឯងដើម្បីឈានទៅរកភាពជោគជ័យ ព្រមទាំងចូលរួមជួយការងារសង្គមដើម្បីជាបទពិសោធន៍បន្ថែម ព្រោះឱកាសល្អៗច្រើនណាស់កំពុងទន្ទឹងរង់ចាំ។ ម្យ៉ាងទៀត នៅពេលដែលនៅពេលអ្នកឈរកាន់តែខ្ពស់ នោះអ្នកអាចសម្លឹងបានកាន់តែឆ្ងាយ មើលឃើញពិភពលោកកាន់តែទូលំទូលាយ ហើយជឿជាក់ដោយប្ដេជ្ញាចិត្តខ្ពស់ នោះពាក្យថាមិនអាចនឹងលែងដក់ជាប់ក្នុងខួរក្បាលអ្នកទៀតឡើយ ហើយលាងក៏សូមអរគុណប៉ាម៉ាក់ បងប្អូនទាំងអស់ លោកគ្រូអ្នកគ្រូ តែងជួយទំនុកបម្រុងលាងឲ្យមានថ្ងៃនេះ៕
សូមអាន៖ តែ រតនៈ៖រៀនខ្សោយមិនមែនជាចំណោទធំទេ តែការតាំងចិត្តជារឿងសំខាន់
អត្ថបទ៖ លឹម សុនា
រូបថត៖ ផ្ដល់ឲ្យ