តែ រតនៈ​៖ រៀន​ខ្សោយ​មិន​មែន​ជា​ចំណោទ​​ធំ​ទេ​ តែ​​ការ​តាំង​ចិត្ត​​ជា​រឿង​សំខាន់ ​

  • 2014-11-12 14:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងវ័យ​ ២៨​ ​ឆ្នាំ​​ យុវជន​ តែ រតនៈ​ គឺ​ជាអតីត​​និស្សិត​អាហារូបករណ៍​​​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​នៅ​ប្រទេស អេស្តូនី​ លើ​មុខ​ជំនាញ​គ្រប់​គ្រង​បច្ចេកវិទ្យា​ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​បន្ទាប់​ពី​​បញ្ចប់​ការ​សិក្សា​អាហារូបករណ៍​​នៅ​ប្រទេស​ចិន​លើ​ជំនាញ​គ្រប់ ​គ្រង​ពាណិជ្ជកម្ម​។

 

រតនៈ​ បាន​រំលឹក​ថា ដើម ​ឡើយ​​ធ្លាប់​ជា​អតីត​សិស្ស​មួយ​រូប​ងប់ងុល​​នឹង​កីឡា​បាត់​ទាត់​ ​បាល់​ទះ​ ​គេច​​សាលា ​រហូត​ចំណាយ​ពេល​ស្ទើរ​ទាំង​ស្រុង​ពី​ការ​សិក្សា​ដើម្បីលេង​កីឡា។ ប៉ុន្តែ​ដោយ​​ការ​​ភ្ញាក់​រលឹក​​ រតនៈ បាន​​តស៊ូ​រហូត​ទទួល​បាន​​អាហារូបករណ៍​សិក្សា​នៅ​ក្រៅ​ប្រទេស​។

 

មាន​​ស្រុក​កំណើត​ នៅ​ភូមិ​វត្ត​ ឃុំ​វត្ត​ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​ រតនៈ​គឺជា​កូន​ច្បង​គេ​ ក្នុង​ចំណោម​បង​ប្អូន​ចំនួន​៤ នាក់​ ​​ឪពុកម្ដាយ​គឺជា​អាជីវករ​លក់ដូរ​បន្តិច​បន្តួច​នៅ​ផ្ទះ​។ អំឡុង​ឆ្នាំ​២០០២ ក្រោយ​ចប់​​អនុវិទ្យាល័យ​ក្រចេះ​ក្រុង​ ​រតនៈ​បាន​​ចូល​សិក្សា​នៅ​វិទ្យាល័យ​ព្រះកុសុមៈ​ ។ពេល​នោះ​ហើយ​ ដែល​​​ ​រតនៈ បានភ្លេច​សាលា​ បែរ​ទៅ​​លេង​​កីឡា​បាល់​ ទាត់​ និង​បាល់​ទះ។

 

 

ទោះយ៉ាង​​ណា​ នៅ​ឆ្នាំ​២០០៥ ​រតនៈ​ ប្រលង​បាក់​ឌុប​ជាប់​កាល​ពី​​ឆ្នាំ​២០០៥ ​​បាន​​និទ្ទេស​ D នេះ​។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ រតនៈ ​​ខ្មាស​គេ​​​ទៅ​វិញ​ ដោយ​សារ​តែ​មិត្តភ័ក្ដិ​ជាច្រើន​បាន​និទ្ទេស​ល្អ។ "និទ្ទេស​នេះ​ ខ្ញុំ​មិន​បាន​ទទួល​អាហារូបករណ៍​ពី​សាកល​វិទ្យាល័យ​ណាមួយ​ឡើយ​ ។ ​ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា​ គួរ​ធ្វើ​អ្វី​បន្ត​?”។ រតនៈ បន្ថែម។​

 

រតនៈ ​ បាន​សម្រេច​ចិត្ត​មក​ទីក្រុង​ភ្នំពេញ​ ហើយ​ចុះ​ឈ្មោះ​ចូល​រៀន​បង់​ថ្លៃ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផ្នែក​ វិទ្យាសាស្ត្រ​កុំព្យូទ័រ​ តាម​ការ​ណែនាំ​ពីសំណាក់​បង​ប្អូន​ និង​មិត្តភ័ក្ដិ​មួយ​ចំនួន​ ។​ ឆ្នាំ២០០៩​ ​ រតនៈ ​​ក៏បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ ប៉ុន្តែ​ពិន្ទុ​មធ្យម​ភាគ​គឺ​ទាប​មែន​ទែន​(GPA <3.0)។ វា​គឺ​ជា​បរាជ័យ​លើក​ទី២​ បន្ទាប់​ពី​ការ​ប្រលង​បាក់​ឌុប​ ​។ តែ​អាច​ចាត់​​ទុក​ថា​ ជា​​សំណាង​របស់​ខ្លួន​​ រតនៈ​ បាន​រៀន​ភាសា​អង់គ្លេស​មួយ​រយៈ​ នៅ​វិទ្យាស្ថាន​ភាសា​បរទេស​(IFL)​ ក្រោយ​មក​ក៏​បាន​សម្ភាសន៍​ជាប់​ចូល​បម្រើ​ការងារ​នៅ​ធនាគារ​ANZ Royal Bank ។ ធ្វើ​ការងារ​នៅ​ទីនោះ​ រតនៈ​ បាន​ស្គាល់​មនុស្ស​ជាច្រើន​រួម​មាន​ មិត្ត​រូម​ការងារ​ អ្នក​គ្រប់​គ្រង​តាម​ផ្នែក​និមួយៗ​  និង​បាន​រៀន​សូត្រ​ពី​របៀប​ធ្វើការ​ងារ​​ពី​បុគ្គលិក​មួយ​ចំនួន​។

 

ពេល​នោះ​ហើយ​ ដែល​​រតនៈ​ចាប់​ផ្ដើម​មាន​ចំណង់​ចំណូល​ចិត្ត ផ្នែក​ជំនួញ​ និង​គ្រប់​គ្រង​ធនធាន​មនុស្ស​  ហើយ​គិត​ថា​ តើ​ត្រូវ​ប្តូរ​មុខ​ជំនាញ​ពី​​កុំព្យូទ័រ​​ ជា​អ្នក​​​គ្រប់​គ្រង​ ដោយ​វិធី​ណា?​។

 

គំនិត​មួយ​បាន​ ផុស​ឡើង​ គឺ​មាន​តែ​ដាក់​អាហារូបករណ៍​ទៅ​បរទេស​ទេ​ ទើប​អាច​សម្រេច​ការ​ស្រម៉ៃ​នេះ​បាន​។​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ រតនៈ​​ក៏​សួរ​ខ្លួន​ថា​ តើ​ទៅ​​ដោយ​របៀប​ណា ​បើ​ខ្លួន​មិន​មែន​ជា​សិស្ស​ពូកែ​ផង​?​ នេះ​គឺ​ជា​ការ​សុបិន​ទាំង​ថ្ងៃ​ ព្រោះ​វា​ជា​រឿង​មួយ​លំបាក​ណាស់​ ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ ។​ អាហារូបករណ៍​នៅ​ក្នុង​ស្រុក​ខ្លួន​មិន​ជាប់​ផង​ ចុះ​ទម្រាំ​បរទេស​ទៀត​ ពិត​ជា​ការ​ស្រមើ​ស្រ​ម៉ៃ​ពេក​​ហើយ រតនៈ​ អើយ​​។

 

រតនៈ ​ បាន​បញ្ជាក់​ថា​ ជាទូទៅ​អាហារូបករណ៍​មាន​ពីរ​ប្រភេទ​ ប្រភេទ​ទី១​ គឺ​អាហារូបករណ៍ តាម​អ៊ីនធឺណិត​(Online Scholarship) ដែល​តម្រូវ​ឲ្យ​បេក្ខជន​ផ្ញើ​សំណុំ​បែប​បទ​ទៅ​អ្នក​ផ្ដល់​អាហារូបករណ៍ ​។សំណុំ​បែប​បទ​ អាហារូបករណ៍ ដែល​ត្រូវ​ផ្ញើ​ទៅ​រួម​មាន​ សញ្ញា​បត្រ​បញ្ចប់​ការ​សិក្សា​(Diploma) ព្រឹត្តិបត្រ​ពិន្ទុ​ខ្ពស់​(Transcript: GPA>3.5)​លិខិត​ណែនាំ​ពី​សាស្ត្រាចារ្យ(Letter of recommendation ) ថ្លៃ​​ដាក់​ពាក្យ​(Application Fee)ពិន្ទុ​អង់គ្លេស​(Official English Score:TOEFLE/IELTs) លិខិត​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត ​(Letter of Motivation)​ គម្រោង​ ដែល​ត្រូវ​ទៅ​ធ្វើ​ការ​ស្រាវ​ជ្រាវ​(Research Proposal)ជាដើម។

 

រតនៈ និយាយ​ថា​ ចំណុច​ទាំង​អស់​នេះ​បើ​ក្រឡេក​មើល​ពី​សមត្ថ​ភាព​របស់​ខ្លួន​ គឺ​ពិត​ជា​មិន​អាច​ទៅ​រួច​ទាល់​តែ​សោះ​ ព្រោះ​ព្រឹត្តិបត្រ​ពិន្ទុ​ទាប​មែន​ទែន​(GPA<3)​ ហើយ​ពិន្ទុ​ភាសា​អង់គ្លេស​ទៀត​សោត​(TOEFLE/IELTs)ក៏​មិន​ទាន់​មាន​ ព្រោះ​គ្មាន​ប្រាក់​ទៅ​ប្រលង​ ខណៈ​ការ​​ចំណាយ​ប្រហែល​១៧០​ដុល្លារ​។ប៉ុន្តែ ​កត្តា​ឧបសគ្គ​ខាង​លើ​មិន​បាន​ធ្វើ​ឲ្យ​ រតនៈ​ អស់​សង្ឃឹម​ទេ​ ព្រោះ​អាហារូបករណ៍​ប្រភេទ​ទី២​ មិន​តម្រូវ​ឲ្យ​ផ្ញើរ​សំណុំ​បែប​បទ​ទាំង​នោះ​ទេ​។​ ជា​ដំបូង​ត្រូវ​ទៅ​ទិញ​ពាក្យ​ប្រលង​នៅ​នាយក​ដ្ឋាន​អាហារូបករណ៍​ ហើយ​ដាក់​ពាក្យ​ជាមួយ​ និង​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​ រួច​រង់​ចាំ​ថ្ងៃ​ប្រលង​ ដែល​រៀប​ចំ ដោយ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា។

 

រតនៈ ​ បាន​រៀបរាប់​ទៀត​ថា​ “ខ្ញុំ​រៀន​មិន​ពូកែ​តាំង​ពី​ថ្នាក់​វិទ្យាល័យ​ រហូត​មក​​ដល់​មហាវិទ្យាល័យ​ ប៉ុន្តែ​ដោយ​សារ​តែ​ចង់​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​បរទេស​ មុន​ពេល​ប្រលង​ប្រហែល​ជា​៣​ ខែ​ខ្ញុំ​បាន​ចាប់​ផ្ដើម​មើល​សៀវភៅ​ទាក់​ទង​​នឹង​ចំណេះ​ដឹង​ទូទៅ​ ប្រឹង​រៀន​ភាសា​អង់គ្លេស​ ទាំង​ការ​និយាយ និង​សរសេរ​។មិន​តែ​ប៉ុណ្ណោះ​ខ្ញុំ​បាន​សុំ​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ អ្នក​គ្រូ​លោក​គ្រូ ដែល​មាន​បទ​ពិសោធន៍​ ក៏​ដូច​ជា​រស់​នៅ​បរទេស​ ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​”។ រតនៈ​ និយាយ​ថា​ សម្រាប់​ភាសា​អង់គ្លេស​មិន​សូវ​ចោទ​ជា​ញ្ហា​ប៉ុន្មាន​ទេ​ គួប​ផ្សំ​នឹង​ការ​សិក្សា​នៅ​វិទ្យា​ស្ថាន​ភាសា​បរទេស​បាន​ខ្លះ​ ព្រោះ​ឪពុក​ម្ដាយ​ប្អូន​បាន​ជំរុញ​តាំង​ពី​នៅ​ខេត្ត​មក​ម្ល៉េះ​ ​។ថ្ងៃ​ប្រកាស​លទ្ធ​ផល​បាន​មក​ដល់​គឺ​ជា​អ្វី ដែល រតនៈ​ ស្ទើរ​មិន​ជឿ​ថា​បាន​ប្រលង​ជាប់​លេខ​២ ក្នុង​ចំណោម​បេក្ខជន​១៥ នាក់​ ដែល​ត្រូវ​បាន​ជ្រើស​រើស​។ ក្រោយ​ពី​បាន​សម្ភាសន៍​ជាមួយ​មន្ត្រី​ទូត​ចិន​ ​រតនៈ​ ក៏​បាន​ជាប់​ជា​ស្ថាពរ។

 

នៅចុង​ខែ​សីហា​ ឆ្នាំ​២០១០​ រតនៈ​ បាន​ចេញ​ទៅ​បន្ត​ការ​សិក្សា​​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ នៅ​ University of Science and Technology Beijing ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​។​ ពេល​ទៅ​ដល់​ប្រទេស​ចិន​ដំបូង​ មាន​ការ​លំបាក​ជា​ខ្លាំង ​ព្រោះ​នៅ​ប្រទេស​ចិន​កម្រ​និយាយ​ភាសា​អង់គ្លេស​ណាស់​​ ឯ​អាកាស​ធាតុ​វិញ​ត្រជាក់​ក្រោម​សូន្យ​អង្សា​ ធ្លាក់​ទឹកកក​ ហើយ​បើ​អាហារ​វិញ​ក៏​ពិបាក​ញ៉ាំ​​ទៀត​។ ទោះ​យ៉ាង​ណា​ប្រាក់​អាហារូបករណ៍​គឺ​គ្រប់​គ្រាន់​សម្រាប់​ការ​រស់​នៅ​យ៉ាង​ សមរម្យ​ គឺ​១៧០០ យ៉ាន់​​ ក្នុង​មួយ​ខែ។

 

​ “មិន​យូរ​ប៉ុន្មាន​ ខ្ញុំ​​ក៏​អាច​សម្រប​ខ្លួន​បាន ហើយ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​សាស្ត្រា​ចារ្យ​ និង​មិត្ត​រូម​ថ្នាក់​ ដែល​មក​ពី​គ្រប់​ទិស​ទី​ ក្នុង​សាកល​លោក​ ទន្ទឹម​គ្នា​នោះ​ការ​សិក្សា​ក៏​មាន​ការ​វិវឌ្ឍ​គួរ​ឲ្យ​កត់​សំគាល់​ រហូត​ទទួល​បាន​រង្វាន់​ដូច​ជា​ Excellent International Student Award, Excellent Article Publication, Excellent Thesis Presentation ហើយ​​​​ទទួល​បាន​សញ្ញាប័ត្រ​អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​(MBA) នៅ​ខែ​កក្កដា​ឆ្នាំ២០១២​”។ រតនៈ​ បន្ថែម​ថា​ “ជាមួយ​​នឹង​ភាព​ជោគជ័យ​នេះ​ រង្វាន់​ ដែល​ខ្ញុំ​ទទួល​បាន​ និង​ព្រឹត្តិបត្រ​ពិន្ទុ​ល្អ​(GPA=3.8 ខ្ញុំ​ក៏​កាន់​តែ​មាន​ទំនុក​​ចិត្ត​កាន់​តែ​ខ្លាំង ហើយ​ចង់​ដឹង​ថា​ការ​អប់រំ​នៅ​អឺរ៉ុប​ ខុស​ប្លែក​ពី​ប្រទេស​នៅ​អាស៊ី​ប៉ុណ្ណា​ ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​ប្រកួត​ប្រជែង​យក​អាហារូបករណ៍​អនុ​​បណ្ឌិត​មួយ​ទៀត ​តាម​រយៈ​អ៊ីនធឺណិត​ ដែល​ផ្ដល់​ដោយ​ Ragar Nurkse School of Innovation and Governance នៃ​ Tallinn University of Technology នៅ​ប្រទេស​អេស្តូនី​(អឺរ៉ុប​ខាង​ជើង​​) ដែល​ស្ថិត​នៅ​សហ​ភាព​អឺរ៉ុប​”។ រតនៈ ​ បន្ថែម។

 

ការដាក់​ពាក្យ​តម្រូវ​ឲ្យ​មាន​ពិន្ទុ​អង់គ្លេស​  (TOEFLE/IELTs)​។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​សិក្សា​នៅ​ប្រទេស​ចិន​ ធ្វើ​ឡើង​ជា​ភាសាអង់គ្លេស​សុទ្ធ​ ទើប​គណៈ​កម្មការ​លើក​លែង​សម្រាប់​តម្រូវ​ការ​នោះ​។​​​​ប្អូន​​បាន​ផ្ញើ​ សំណុំ​បែប​បទ​ទៅ​ប្រទេស​អេស្តូនី​ និង​ឆ្លង​កាត់​ការ​សម្ភាសន៍​ជាមួយ​គណៈកម្មការ​អាហារូបករណ៍​ រតនៈ ​គឹ​ជា​បេក្ខ ជន​តែ​ម្នាក់​គត់​ ដែល​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​កម្ម​វិធី​អនុ​បណ្ឌិត​គ្រប់​គ្រង​ បច្ចេកវិជ្ជា​ និង​សេដ្ឋកិច្ច​​អភិវឌ្ឍន៍​(Technology Governance Innovation and Development Economics) ក្នុងចំណោម​បេក្ខជន​ជាច្រើន​រយ​នាក់​ទូទាំង​ពិភព​លោក​។​ប្រាក់​អាហារូបករណ៍​ ប្រហែល​ ១០០០០ ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​​ ហើយ​ចំនួន​នេះ​ក៏​គ្រប់​គ្រាន់​សម្រាប់​ការ​​ចំណាយ​ផ្សេងៗ​ប្រចាំ​ថ្ងៃ​​ ហើយ​ចំពោះ​ផល​លំបាក​វិញ​មិន​ខុស​ពី​ប្រទេស​ចិន​ទេ ប៉ុន្តែ​ស្រួល​បន្តិច​ត្រង់​ថា​ប្រជាជន​គេ​និយាយ​ភាសា​អង់គ្លេស​។ផល​លំបាក​ មួយ​ទៀត​គឺ​ ប្អូន​ជា​និស្សិត​ខ្មែរ​តែ​ម្នាក់​​គត់​ នៅ​ទី​នេះ​ ដែល​ធ្វើ​ឲ្យ​តប់​ប្រមល់​ពេលខ្លះ​ មិន​ដូច​នៅ​ប្រទេស​ចិន​ ដែល​​មាន​មិត្តភ័ក្ដិ​ខ្មែរ​ច្រើន​។

 

សិក្សា ​នៅ​ប្រទេស​អេស្តូនី​ រតនៈ​ ទទួល​​បាន​ពិន្ទុ​ល្អ(GPA>3.7)ហើយ​ក៏​អាច​​មាន​ឱកាស​ដាក់​អាហារូបករណ៍ (Erasmus scholarship) បន្ទាប់​ពី សម្ភាស​ជាមួយ​គណៈកម្មការ​ជ្រើសរើស រតនៈ​ ក៏​បាន​ជាប់​អាហារូបករណ៍​សិក្សា​នៅ​ Ruhr University Bochum ប្រទេស​អាល្លឺម៉ង់​ ដែល​បាន​ចាក​ចេញ​ទៅ​សិក្សា​នៅ​ខែ ​តុលា​ ឆ្នាំ ២០១៣។គោលបំណង​ទៅ​ថ្ងៃ​អនាគត​ ក្រោយ​បញ្ចប់​ការ​សិក្សា រតនៈ​ ចង់​ក្លាយ​ជា​សាស្ត្រាចារ្យ​ម្នាក់​ ដោយ​អាច​ចែក​រំលែក​បទ​ពិសោធន៍​ ដែល​ខ្លួន​បាន​​ឆ្លង​កាត់ កន្លង​មក​ឲ្យ​ប្អូន​ៗ​ជំនាន់​ក្រោយ​បាន​ចេះ​ដឹង​  និង​មើល​ឃើញ​បាន​វែង​ឆ្ងាយ​។ ក្រៅ​ពី​នេះ​ក៏​ចង់​ចូល​ធ្វើ​ការងារ​នៅ​តាម​ស្ថាប័ន​ក៏​ដូច​ជា​អង្គ​ការ​ ដែល​មាន​គោល​ដៅ​លើកកម្ពស់​​ការ​អប់រំ​ និង​ការ​អភិវឌ្ឍន៍​ ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ ​ជា​ការ​​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ទោះ​បី​ជា​​​ធ្លាប់​ជា​សិស្ស​រៀន​ខ្សោយ​ តាំង​ពី​ថ្នាក់​ក្រោយ​រហូត​ដល់​មហាវិទ្យាល័យ​ ក៏​យើង​អាច​វិវត្តន៍​ខ្លួន​យើង​ ហើយ​និង​ទទួល​បាន​អាហារូបករណ៍​ ទៅ​សិក្សា​នៅ​បរទេស​បាន​ដែរ​ តាម​រយៈ​ការ​តាំង​ចិត្ត​ និង​ការ​ស្រ ម៉ៃ​ ការ​រស់​​នៅ​ជាមួយ​ក្តី​សង្ឃឹម​​ជា​និច្ច​ទោះ​ជា​រស់​នៅ​ស្ថិត​ ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ”។

 

ម្យ៉ាង​យើង ​ត្រូវ​ស្វែង​យល់​ពី​ សមត្ថភាព​ ភាព​ខ្លាំង​ និង​ភាព​ខ្សោយ​របស់​យើង ហើយ​កំណត់​ថា​អាហារូបករណ៍​ប្រភេទ​ណា​សក្ដិសម​ នឹង​ខ្លួន​យើង​។​បន្ទាប់​មក​យើង​ស្វែង​យល់​ពី​មធ្យោបាយ​ ក្នុង​ការ​ប្រលង​ក៏​ដូច​ជា​ដាក់​ពាក្យ​ប្រលង​។ ជាក់​ស្ដែង​និស្សិត​ខ្លះ​គាត់​រៀន​មិន​ពូកែ​ ប៉ុន្តែ​គាត់​ចង់​ទៅ​អឺរ៉ុប​​ អាមេរិក​ អូស្ត្រាលី​ ។ វា​ពិត​ជា​រឿង​លំបាក​ណាស់ ។ប៉ុន្តែ​គាត់​អាច​ធ្វើ​បាន ដោយ​ការ​អភិវឌ្ឍន៍ ខ្លួន​បន្តិច​ម្ដង​ តាម​រយៈ​ការ​សិក្សា​នៅ​ប្រទេស​ជិត​ខាង​ ដែល​មាន​ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​ធូរស្រាល​ជាង។រៀន​សូត្រ​ពី​អ្នក​នៅ​ ជុំ​វិញ​ខ្លួន ដែល​ធ្លាប់​រៀន​នៅ​បរទេស​​ ជា​កត្តា​មួយ​ដ៏​សំខាន់​ផង​ដែរ​​​​​​​។​ខ្ញុំ​អាច​មក​រៀន​នៅ​អឺរ៉ុប​ និង​អាច​ទទួល​បាន​អាហា រូបករណ៍​កន្លង មក​ដោយ​មិន​មាន​ពិន្ទុ​អង់គ្លេស​ផ្លូវ​ការ​(TOEFLE/IELTs)​ ព្រោះ​ខ្ញុំ​គ្មាន​ប្រាក់​សម្រាប់​ចំណាយ​ការ​ប្រលង​ ប៉ុន្តែ​អ្នក​គ្រប់​គ្នា​ក៏​អាច​ធ្វើ​បាន ដូច​ខ្ញុំ​ដែរ​ តាម​រយៈ​បទ​ពិសោធន៍​ ដែល​ខ្ញុំ​ចែក​រំលែក​ខាង​លើ។

 

មួយ​វិញ​ទៀត​យើង​ត្រូវ​ចេះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដូច​ជា​ Facebook, Twitter ,Linkedin ឲ្យ​មាន​ប្រយោជន៍​ ដើម្បី​តាម​ដាន​ព័ត៌មាន​អាហារូបករណ៍​។ គណៈកម្មការ​ ដែល​បាន​ជ្រើស​រើស​ខ្ញុំ​មក​រៀន​នៅ​អឺរ៉ុប​បាន​ប្រាប់​ខ្ញុំ​ថា​ នេះ​ជា​យុគសម័យ​អ៊ីនធឺណិត​ ពេល​គេ​ជ្រើស​រើស​និស្សិត​ណា​ម្នាក់​ គេ​តែង​តែ​ស្វែង​រក​ព័ត៌​មាន​ខ្លះ​ៗ របស់​ពួក​គេ​តាម​អ៊ីនធឺណិត​ ហើយ​ច្បាស់​ណាស់​គេ​នឹង​ឃើញ​គណនេយ្យ​ Facebook របស់​ពួក​យើង​។ ដូច្នេះ​ការ​ប្រើ ប្រាស់​ក៏​ដូច​ជា​ដាក់​រូប​ Profile Picture or Cover Photos ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​វា​តំណាង​ឲ្យ​អត្តចរិត​របស់​មនុស្ស​ម្នាក់​ៗ​ ជៀស​វាង​ដាក់​រូប​មិន​សមរម្យ​ ផឹក​ស៊ី​តាម​ក្លឹប ជាដើម​ ដែល​នាំ​ឲ្យ​យើង​បាត់​បង់​ឱកាស​​ជាច្រើន​ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍ និង​ការងារ​តាម​ក្រុមហ៊ុន​ និង​ស្ថាប័ន​ផ្សេងៗ​​​”៕

 

ចុច​ត្រង់​នេះ​​ អាន​អត្ថបទ៖ ឈាម​ជ័រ​កូន​ខ្មែរ តែ​បាន​ជាប់​ជា​តំណាង​រាស្ត្រ​នៅ​អាមេរិក

អត្ថបទ៖ មៃ​ សុខលីម

អត្ថបទពេញនិយម