កូរ៉េខាងត្បូង ឬ អូស្រ្ដាលី លើកពាន Asian Cup ល្ងាចនេះ?
- 2015-01-31 16:58:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូង ឬ អូស្រ្ដាលី លើកពាន Asian Cup ល្ងាចនេះ?
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់ដណ្ដើមជើងឯកទ្វីបអាស៊ី ឬ AFC Asian Cup ឆ្នាំ២០១៥ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយនាម៉ោង៤:០០ល្ងាចនេះ ដោយក្រុមម្ចាស់ផ្ទះអូស្រ្ដាលី ប៉ះក្រុមមិនដែលចាញ់ កូរ៉េខាងត្បូង។
ក្រុមទាំង២បានប៉ះគ្នាម្ដងរួចមកហើយនៅក្នុងវគ្គសន្សំពិន្ទុតាមពូល ដោយក្រុមកូរ៉េខាងត្បូង យកឈ្នះប្រផុតប្រផើយ ១-០។ មុនឈានដល់វគ្គចុងក្រោយនេះ ក្រុមទាំង២ សុទ្ធតែឈ្នះគូប្រកួត ២-០ ដូចគ្នាកាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
លោក Ange Postecoglou នឹងព្យាយាមធ្វើយ៉ាងណាដឹកនាំអូស្រ្ដាលីឲ្យស្គាល់ជាតិពានរង្វាន់នេះជាលើកដំបូង ក្រោយចាញ់ជប៉ុននៅវគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០១១ក្នុងម៉ោងបន្ថែមទាំងគួរឲ្យសោកស្ដាយ។ ចំណែកកូរ៉េខាងត្បូងវិញ ក៏នឹងប្រឹងធ្វើយ៉ាងណាអាចឈ្នះពាននេះជាថ្មីផងដែរ ក្រោយខកខានអស់រយៈពេល៥៥ឆ្នាំមកហើយ។
កំណត់ត្រាសំខាន់ៗមួយចំនួនទាក់ទងក្រុមទាំង២៖
កូរ៉េខាងត្បូង ធ្លាប់លើកពាន AFC Asian Cup ២ដង តែតាំងពីឆ្នាំ ១៩៥៦ និងឆ្នាំ១៩៦០។
បន្ទាប់ពីលើកពាន២ដងនោះមកហើយ ក្រុមដែលមានរហស្សនាមថា The Red Devils នេះ បានចាញ់វគ្គផ្ដាច់ព្រ័ត្រ៣ដង គឺចាញ់អ៊ីរ៉ង់ ឆ្នាំ១៩៧២, ចាញ់គុយវ៉ែត ឆ្នាំ១៩៨០ និងចាញ់អារ៉ាប៊ីសាអ៊ូឌីត ឆ្នាំ១៩៨៨។
អូស្រ្ដាលី បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៅកាតារ ឆ្នាំ២០១១ ដោយចាញ់ជប៉ុន ១-០ ក្នុងម៉ោងបន្ថែម១៥នាទី២ដង។
នេះជាការជួបគ្នាលើកទី៣នៃក្រុមទាំង២ក្នុងប្រវត្តិ AFC Asian Cup ដោយ២ដងកន្លងមក កូរ៉េខាងត្បូង ឈ្នះ១ ស្មើ១។
កូរ៉េខាងត្បូង មិនទាន់របូតគ្រាប់បាល់មួយគ្រាប់ណាឡើយក្នុង Asian Cup ឆ្នាំ២០១៥នេះ ដោយឈ្នះទាំង៥ប្រកួត។
លទ្ធផល៥ប្រកួតចុងក្រោយនៃក្រុមទាំង២
ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ
ព្យាករណ៍របស់ Sabay៖ កូរ៉េខាងត្បូង ២-១ អូស្រ្ដាលី
សម្រាប់ប្រិយមិត្តវិញ តើគិតថា អូស្រ្ដាលី និងកូរ៉េខាងត្បូង ក្រុមណានឹងលើកពាន AFC Asian Cup ឆ្នាំ២០១៥ ?
ដោយ៖ សុខ សុវត្ថិ
ប្រភព៖ asiancup