មាន​រឿង​ចម្លែក​កើត​ឡើងសព​លោក ស៊ីន ច័ន្ទឆាយា ហូរ​ទឹក​ភ្នែក​ពេល​ម្ដាយ​សែន "ភ្លា​ឡាវ"

  • 2015-02-02 17:51:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រឿង​ចម្លែក​មួយ​ពិត​ជា​បាន​កើត​មាន​ក្នុង​ថ្ងៃ​បុណ្យ​សព​របស់​លោក ស៊ីន ច័ន្ទឆាយា ពោល​គឺ​កូន​ទី​២​របស់​អធិរាជ​សំឡេង​មាស​លោក​តា ស៊ីន ស៊ីសាមុត​រូប​នេះ នៅ​សុខ​ៗ​ស្រាប់​តែ​ហូរ​ទឹក​ភ្នែក។ នេះ​បើ​តាម​លោក​យាយ ខាវ ថងញ៉ុត ជា​ម្ដាយ​អះអាង។

 

លោក​យាយ ប្រាប់​ថា ដំបូង​លោក​យាយ​បាន​ធ្វើ​ភ្លា​ឡាវ​ឲ្យ​កូន​ប្រុស ព្រោះ​ដឹង​ថា​កូន​ប្រុស​លោក​យាយ​រូប​នេះ​ចូល​ចិត្ត។ បន្ទាប់​មក​លោក​យាយ​ក៏​ទៅ​ដាក់​អុជ​ធូប​សែន​ឲ្យ បន្តិច​ក្រោយ​មក​ស្រាប់​តែ​ឃើញ​ក្រោម​ភ្នែក​សព​លោក ស៊ីន ច័ន្ទឆាយា មាន​ទឹក​សើម​ៗ​ដូច​ចំហាយ​ទឹកកក។ លោក អះអាង​ថា នោះ​គឺ​ជា​ទឹក​ភ្នែក​របស់​កូន​ប្រុស​លោក​យាយ​យំ ហើយ​មាន​តែ​លោក​យាយ​ប៉ុណ្ណោះ​ដែល​ឃើញ អ្នក​ផ្សេង​មិន​ឃើញ​ឡើយ។

 

 

“ឃើញ​អីចឹង​ខ្ញុំ​ក៏​ប្រាប់​ថា កូន​ឯង​មិន​បាច់​ទឹក​ភ្នែក​ហ្អេ ទៅ​ឲ្យ​បាន​កន្លែង​សុខ​ទៅ ម៉ែ​ដឹង​ហើយ...ធម្មតា​មនុស្ស​តែ​កើត​គឺ​ស្លាប់​ហើយ ម៉ាក់​ក៏​ដូច​គ្នា គ្រាន់​តែ​មុន​នឹង​ក្រោយ​ទេ..."។

 

លោក ស៊ិន ច័ន្ទ​ឆាយា បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី២០​មករា ២០១៥ ដោយ​សារ​ដួល​បោក​ក្បាល​ផ្សំ​នឹង​លោក​មាន​ជំងឺ​លើស​ឈាម ទឹក​នោម​ផ្អែម និង​បេះដូង​ផង។ យ៉ាង​ក្រុម​គ្រួសារ​អះអាង​ថា អ្នក​ស្នង​មរតក​ឪពុក​រូប​នេះ ស្លាប់​តែ​ដោយ​សារ​តែ​រំភើប​ខ្លាំង​ពេក ក្នុង​នោះ​ទី​១​ដោយ​សារ ទើប​ទទួល​​ប្រាក់​បាន​ពី​ការ​លក់​ចម្រៀង​មរតក​ឪពុក​ចំនួន​៧០​បទ​ឲ្យ​ធនាគារ​អេស៊ីលីដា បាន​ប្រាក់​២០០០​ដុល្លារ។ នោះ​គឺ​ជា​ប្រាក់​លើក​ដំបូង​បំផុត​បាន​ពី​មរតក​អ្នក​មាន​គុណ។

 

“យើង​អ្ហា…បាន​ស្គាល់​រសជាតិ​ទឹក​ប្រាក់​លើក​ដំបូង​របស់​លោក​ឪពុក​ហើយ។ ចំពោះ​យើង វា​ច្រើន​ខ្លាំង​ណាស់​លុយ ២០០០ ​ដុល្លារ ប៉ុន្មាន​ថ្ងៃ​ទៀត ប៉ាប៉ា​ទៅ​បើក​លុយ​ហើយ... " លោក ស៊ីន ច័ន្ទ​ឆាយា និយាយ​មុន​ស្លាប់​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

 

 

(រាប់​ពី​ឆ្វេង) លោក​យាយ ខាវ ថង​ញ៉ុតម្ដាយ​បង្កើត និង​អ្នក​ស្រី ស៊ីន យុត្តណា ជា​បងស្រី​បង្កើត​លោក ស៊ីន ច័ន្ទឆាយា

 

ឯ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​រំភើប​ទី​២​នោះ តាម​លោក​យាយ ខាវ ថងញ៉ុតគឺ លោក ឆាយា ជិត​បាន​ទៅ​អាមេរិក​លើក​ដំបូង​ដែរ​ក្នុង​ឆាក​ជីវិត ក្នុង​បេសកកម្ម​សិល្បៈ​ដោយ​ត្រៀម​ចេញ​ដំណើរ​នៅ​រង្វង់​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។ ផ្អែក​លើ​មូលហេតុ​ទាំង​ពីរ​នេះ ក្រុម​គ្រួសារ​សន្និដ្ឋាន​ថា ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​សាច់​ញាតិ​របស់​ពួក​គេ​ចាក​ចេញ​គ្មាន​ថ្ងៃ​ត្រឡប់​វិញ។

 

លោក ស៊ីន ច័ន្ទ​ឆាយា ស្លាប់​ក្នុង​អាយុ ៥៦ឆ្នាំ។ លោក​គឺ​ជា​កូន​ទី​២​ក្នុង​ចំណោម​បង​ប្អូន ៤នាក់(ស្រី​១ ប្រុស​៣) ក្នុង​នោះ​បង​ស្រី​បង្អស់​ឈ្មោះ ស៊ីន យុត្តណា អាយុ ៥៩​ឆ្នាំ​បច្ចុប្បន្ន​រស់​នៅ​ជាមួយ​ម្ដាយ​នា​ខេត្ត​ស្ទឹង​ត្រែង។ ប្អូន​បន្ទាប់​លោក​ឈ្មោះ ស៊ីន វ៉ាន់ថា ស្លាប់​កាល​សម័យ​ប៉ុលពត និង​ប្អូន​ប្រុស​ពៅ​ឈ្មោះ ស៊ីន ប្រាសាទ​សង្វា ស្លាប់​កាល​ពី​ជាង​១០​ឆ្នាំ​មុន៕

 

អត្ថបទ៖ មូលហេតុ​គួរ​ឲ្យ​សង្វេគ២ ក្រុម​គ្រួសារ​ចាត់​ទុក​ជា​មូលហេតុ​ស្លាប់​កូន​ប្រុស ស៊ីន ស៊ីសាមុត

 

http://youtu.be/qRWW8w-d6tY

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី