មូលហេតុ​គួរ​ឲ្យ​សង្វេគ២ ក្រុម​គ្រួសារ​ចាត់​ទុក​ជា​មូលហេតុ​ស្លាប់​កូន​ប្រុស ស៊ីន ស៊ីសាមុត

  • 2015-01-27 16:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​គេ​ដឹង​ថា​លោក ស៊ីន ច័ន្ទឆាយា ស្លាប់​ដោយ​សារ​ខ្យល់​គ​ដួល ផ្សំ​នឹង​លោក​មាន​ជំងឺ​លើស​ឈាម និង​បេះដូង​ផង​ក្ដី ប៉ុន្តែ​ក្រុម​គ្រួសារ​បាន​ដាក់​ការ​សង្ស័យ​ថា បណ្ដាល​មក​ពី​មូលហេតុ​២​សំខាន់​ៗ​ផ្សេង​ទៀត។  

 

មូលហេតុ​ទាំង​ពីរ​នោះ គឺ​ពាក់​ព័ន្ធ​នឹង​ការ​រំភើប អបអរ​ខ្លាំង​ពេក។ អ្នក​ស្រី សម សាន្ត វ័យ ៦០ ជា​ភរិយា​សព​លោក ស៊ីន ច័ន្ទ​ឆាយា ប្រាប់​ថា មុន​ស្លាប់​ប៉ុន្មាន ស្វាមី​របស់​អ្នក​ស្រី ទើប​ទទួល​បាន​ប្រាក់​កម្រៃ​មរតក​លោកឪពុក​របស់​លោក​លើក​ដំបូង​ក្នុង​ឆាក​ជីវិត។ ប្រាក់​នោះ​បាន​មក​ពី​ការ​ទិញ​បទ​ចម្រៀង​មរតក​លោក ស៊ីន ស៊ីសាមុត ចំនួន ៧០​បទ​ពី​ធនាគារ​អេស៊ីលីដា។  

“តាម​ខ្ញុំ​ស្មាន គាត់​ប្រហែល​ជា​រំភើប​ពេក​ចំពោះ​លុយ​អេស៊ីលីដា ដែល​គេ​ទិញ​បទ​ចម្រៀង​លោក​ឪពុក​គាត់ ហើយ​គាត់​តែង​និយាយ​ថា យើង​អ្ហា...បាន​ស្គាល់​រសជាតិ​ទឹក​ប្រាក់​លើក​ដំបូង​របស់​លោក​ឪពុក​ហើយ។ ចំពោះ​យើង វា​ច្រើន​ខ្លាំង​ណាស់​លុយ ២០០០ ​ដុល្លារ ប៉ុន្មាន​ថ្ងៃ​ទៀត ប៉ាប៉ា​ទៅ​បើក​លុយ​ហើយ...អីចឹង​ខ្ញុំ​គិត​ថា គាត់​ទំនង​សប្បាយ​ចិត្ត​ពេក​ពី​រឿង​លុយ​បាន​មក​ពី​មរតក​ឪពុក​គាត់​លើក​ដំបូង...”។ អ្នក​ស្រី សម សាន្ត ថ្លែង​ទាំង​អួល​ដើម​ក។  

  ងាក​មក​លោក​យាយ ខាវ ថង​ញ៉ុត ជា​ភរិយា​លោក​តា ស៊ីន ស៊ី​សាមុត ត្រូវ​ជា​ម្ដាយ​សព​លោក ស៊ីន ច័ន្ទ​ឆាយា នោះ​ថ្លែង​ដោយ​ធ្វើ​ការ​សន្និដ្ឋាន​ផ្ទាល់​ខ្លួន​ដែរ​ថា កូន​ទី​២​របស់​លោក​យាយ​ទំនង​ស្លាប់​ដោយ​សារ​ការ​ត្រេក​អរ​ខ្លាំង​ពេក ក្នុង​នោះ​ក្រៅ​ពី​ការ​រីករាយ​ចំពោះ​ទទួល​បាន​ប្រាក់​ពី​មរតក​ឪពុក​លើក​ដំបូង កូន​ប្រុស​របស់​លោក​យាយ ក៏​ទើប​សម្ភាសន៍​ជាប់​ទៅ​សហរដ្ឋ​អាមេរិក​លើក​ដំបូង​ទៀត ដោយ​ត្រៀម​ចាក​ចេញ​ពី​ប្រទេស​ក្នុង​ពេល​ឆាប់​ៗ​នេះ។

  “ប៉ាស្ព័រ​អី​បាន​ហើយ ស៊ីញ៉េ​អី​អស់​ហើយ​តើ ត្រូវ​ទៅ​ខែ​៣​ខែ​៤ ចូល​ឆ្នាំ​ខ្មែរ​ហ្នឹង ដឹង​អី​ជួប​អកុសល​អីចឹង។ អីចឹង ខ្ញុំ​ដឹង​ថា​កូន​ខ្ញុំ​វា​អរ រំភើប ព្រោះ​ច្បាប់​កម្មសិទ្ធិ​បញ្ញា​អី​បាន ហើយ​បាន​ទៅ​អាមេរិក​ទៀត អីចឹង​គឺ​វា​អរ​ហ្នឹង​ហើយ..."។ លោក យាយ បន្ត​ថា លោក​គិត​ថា​កូន​ប្រុស​លោក​យាយ​ត្រេក​អរ​ព្រោះ​បាន​ទៅ​អាមេរិក ទំនង​អាច​រក​បាន​ប្រាក់​ខ្លះ ដោះ​ស្រាយ​ជីវភាព​ដែល​ខ្វះ​មុខ​ខ្វះ​ក្រោយ​រាល់​ថ្ងៃ។

 

លោក ស៊ីន ច័ន្ទ​ឆាយា បាន​ធ្វើ​មរណកាល​នៅ​ថ្ងៃ​ទី​២០ មករា ២០១៥ ក្រោយ​ពី​លោក​បាន​ត្រឡប់​មក​ពី​ធនាគារ​អេស៊ីលីដា​ចាត់ចែង​រឿង​ថវិកា​បាន​ពី​មរតក​ឪពុក និង​ពិសា​កាហ្វេ​រួច​ហើយ​ដួល​ពេល​បើក​ទ្វារ​របង​ផ្ទះ​ចូល​បាន​តែ​ប៉ុន្មាន​ជំហាន។ អ្នក​ស្រី សម សាន្ត រៀប​រាប់​ហេតុការណ៍​ក្នុង​ថ្ងៃ​នោះ​ថា លោក ស៊ីន ច័ន្ទ​ឆាយា បាន​ទិញ​ខ្វិត​ទុំ​ពីរ​មក​ឲ្យ​អ្នក​ស្រី ព្រោះ​ដឹង​ថា​អ្នក​ស្រី​ចូល​ចិត្ត រួច​ក៏​ចេញ​ទៅ​ធនាគារ​អេស៊ីលីដា។ លុះ​ពេល​ត្រឡប់​មក​វិញ ចូលផ្ទះ​ក៏​ជួប​គ្រោះ​អកុសល​តែ​ម្ដង។  

 

អ្នក​ស្រី បន្ត​ថា ពេល​ស្វាមី​ដួល​នៅ​ខាង​មុខ​ផ្ទះ ភ្លាម​ៗ​អ្នក​ស្រី​អត់​ដឹង​ឡើយ​ព្រោះ​ជាប់​ធ្វើ​ម្ហូប​នៅ​ខាង​ក្រោយ ទាល់​តែ​មាន​អ្នក​ដំណើរ​ឆ្លង​កាត់​ឃើញ ហើយ​គេ​មក​គោះ​ទ្វារ​ហៅ ទើប​អ្នក​ស្រី​ចេញ​មក​ឃើញ​ស្វាមី​ដួល​ទៅ​ហើយ។ "គ្រាន់​តែ​ឃើញ​ប៉ុណ្ណឹង ស្លុត​អស់​រលីង​ហើយ គាត់​ដួល​ប៉ុណ្ណេះ ខ្ញុំ​ដឹង​ថា​ចប់​ហើយ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ជូត​ខ្លួន​ឲ្យ​ប្តី បន្តិច​មក​កូន​ធំ​ជាង​គេ​ក៏​មក​ទាន់ ហើយ​បី​យក​ទៅ​ពេទ្យ ពេល​ទៅ​ដល់​ ពេទ្យ​ថា​ស្លាប់​បាត់​ទៅ​ហើយ...!”។  

រឿង​រឹត​តែ​គួរ​កម្សត់​នោះ អ្នក​ស្រី​ប្រាប់​ថា ពេល​ដឹក​សព​មក​ដល់​អត់​ហ៊ាន​យក​ចូល​ផ្ទះ​ទេ គឺ​ដាក់​ត្រឹម​មុខ​ផ្ទះ ព្រោះ​ជា​ផ្ទះ​ជួល​គេ​អត់​ហ៊ាន​យក​ចូល ទាល់​តែ​ប្អូន​ស្រី​ម្ចាស់​ផ្ទះ​ទូរសព្ទ​ប្រាប់​ម្ចាស់​ផ្ទះ ហើយ​​គេ​អនុញ្ញាត ​ទើប​បាន​នាំ​សព​ចូល​ផ្ទះ។

  ក្រុម​គ្រួសារ​សព កំពុង​កើត​ក្ដី​បារម្ភ​ចំពោះ​កត្តា​ជីវភាព ក្រោយ​លោក ស៊ីន ច័ន្ទឆាយា មរណភាព ព្រោះ​លោក គឺ​ជា​បុគ្គល​រក​ចំណូល​ចូល​ផ្ទះ​ធំ​បំផុត។ អ្នក​ស្រី សម សាន្ត ថ្លែង​ថា កាលៈទេសៈ​នេះ អ្នក​ស្រី​មាន​តែ​បង្ខំ​ចិត្ត​ដំណើរ​ការ​សាលា​បង្រៀន​សិល្បៈ​របស់​ស្វាមី​បន្ត​ទៀត ក្រោម​ជំនួយ​អតីត​កូន​សិស្ស និង​មិត្តភ័ក្ដិ​ស្វាមី​មួយ​ចំនួន​ទៀត។ "កូន​សិស្ស​គាត់​មួយ​ចំនួន​ប្រាប់​ថា គេ​នៅ​តែ​មក​រៀន ហើយ​គ្នា​គាត់​ម្នាក់​ទៀត​ដែល​ជួយ​បង្រៀន​សិស្ស​ជា​មួយ​គាត់ គេ​ថា​មក​ជួយ​ដែរ។

 

 

ក្នុង​បុណ្យ​សព និង​បុណ្យ​ខួប ៧ថ្ងៃ និង​១០០​ថ្ងៃ​ទើប​បញ្ចប់​ម្សិល​មិញ​នេះ អ្នក​ស្រី សម សាន្ត ថ្លែងប្រាប់​ Sabay ដែល​បាន​នាំ​បច្ច័យ​មួយ​ចំនួន​ទៅ​ចូល​បុណ្យ​ថា អ្នក​ស្រី​ទទួល​បាន​ជំនួយ​មួយ​ចំនួន​ដែរ ពី​សមាគមន៍​សិល្បៈ​លោក សុះ ម៉ាច មន្ទីរ​ក្រសួង​ពាក់​ព័ន្ធ និង​មិត្តភ័ក្ដិ​ស្វាមី​មួយ​ចំនួន​ទៀត។ យ៉ាង​ណា អ្នក​ស្រី​សូម​អំពាវ​នាវ​សូម​សប្បុរស​ជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​មេត្តា​ជួយ​ដល់​ក្រុម​គ្រួសារ​អ្នក​ស្រី​ផង...៕  

http://youtu.be/6c18DG8rW6I   អត្ថបទ៖ អ្នក​សិល្បៈ​ផ្ញើ​សារ រំលែក​ទុក្ខ​​មរណភាព​កូន​ប្រុស​​អធិរាជ​សំឡេង​ មាស ស៊ីន ស៊ីសាមុត

 

អត្ថបទ៖ ទារិកា