អ្នក​ចាត់​ការ​បឹង​កេត​ និង​គ្រូ​ភ្នំពេញ​ក្រោន​បញ្ជាក់​​មូលហេតុ​បរាជ័យ​ម្សិល​មិញ

  • 2015-02-02 21:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លិប​បឹង​កេត​អង្គរ និង​គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​បាន​បញ្ជាក់​ពី​ហេតុ​ផល​ជុំ​វិញ​បរាជ័យ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ​២០១៥​កាល​ពី​ម្សិល​​មិញ។

 

លោក​ បែ​ មករា អ្នក​ចាត់​ការ​ទូទៅ​របស់​ បឹង​កេត​អង្គរ បាន​ប្រាប់​ sabay ថា​ កូន​ក្រុម​របស់​លោក​មាន​កំហុស​ច្រើន​ណាស់​ដែល​ជា​លទ្ធផល​គឺ​​​​បរាជ័យ​ ប៉ុន្តែ​លោក​គិត​ថា ​កត្តា​​សំ​ខាន់​បំផុត​គឺ​សំណាង។ ក្រុម​របស់​លោក​ធ្វើ​​បាន​ល្អ​ដែរ​ តែ​គ្មាន​សំណាង​ ជា​ពិសេស​ការ​ទាត់​បាល់​ពិន័យ ​១១ ម៉ែត្រ​របស់​កីឡាករ​ កែវ សុខង៉ន ​មិន​បាន​សម្រេច​ និង​ការ​ទាត់​បាល់​ទៅ​បុក​បង្គោល​ទី​ជាដើម។  

លោក បែ មករា អ្នក​ចាត់​ការ​ក្លិប​បឹងកេត​អង្គរ

 

លោក​និយាយ​ទៀត​ថា​ ការ​ខក​ចិត្ត​នៃ​ភាព​គ្មាន​សំណាង​បាន​នាំ​ឲ្យ​កីឡាករ​ធ្លាក់​ទឹក​ចិត្ត​​ខ្លះ​ដែល​​បណ្តាល​ឲ្យ​ណាហ្គាវើល​អាច​សម្រេច​បាន​មួយ​គ្រាប់​មុន​នៅ​នាទី​​៧៥ ដោយ​កីឡាករ​ ជិន​ ជុំ។ មួយ​គ្រាប់​នេះ​បាន​ធ្វើ​ឲ្យ​ អ្នក​ចាត់​ការ​ ​និង​គ្រូ​បង្វឹក​មាន​ប្រតិកម្ម ហើយ​ក៏​ដូរ​ទម្រង់​លេង​ភ្លាម​ដោយ​ទុក​ខ្សែ​ការពារ​តែ​៣រូប​ ហើយ​ឲ្យ​កីឡាករ​ឡើង​ប្រយុទ្ធ​ដើម្បី​តាម​ស្មើ។   លោក​បញ្ជាក់​ថា ការ​ដូរ​ទម្រង់​លេង​នេះ​មិន​បាន​​បង្កើត​ឱកាស​ដើម្បី​ខ្លួន​ឯង​ បែរ​ជា​បង្កើត​ឱកាស​សម្រាប់​ណាហ្គាវើល​​ទៅ​វិញ ហើយ​អាច​ឲ្យ​​ណាហ្គាវើល​ រក​គ្រាប់​បាល់​​បន្ថែម​​​បាន​​​២គ្រាប់​ទៀត​ដោយ​ ជិន ជុំ ដដែល​នៅ​នាទី​ ៨៤ និង​មួយ​គ្រាប់​​ចុង​ក្រោយ​ដោយ​កីឡាករ​ប្រាក់​ ចាន់​រតនា នៅ​នាទី​ ៨៩។   «​អ្វី​ដែល​សំខាន់​សម្រាប់​ការ​ប្រកួត​គឺ ទឹក​ចិត្ត​កីឡាករ​និង​សំណាង​មិន​មែន​អ្នក​ខ្លាំង​រង់​ចាំ​​តែ​ឈ្នះ​ ហើយ​អ្នក​ខ្សោយ​រង់​ចាំ​ចាញ់​នោះ​ទេ។ យ៉ាង​ណា​ បរាជ័យ​នេះ​ជា​បទពិសោធន៍​មួយ​ និង​ជា​ការ​បញ្ជាក់​ពី​ទម្រង់ លេង​របស់​ក្រុម​ទាំង​មូល​»។ អ្នក​ចាត់​ការ​ខាង​លើ​និយាយ។   ​លោក​បន្ថែម​ថា បន្ទាប់​ពី​បរាជ័យ​នេះ ​ក្លិប​នឹង​មាន​វិធានការ​ដោះ​ដូរ​កីឡាករ​សម្រាប់​​ត្រៀម​រដូវ​កាល​​លីក​កម្ពុជា។ លោក​បាន​សម្លឹង​ឃើញ​ភាព​​ចន្លោះ​ប្រហោង​របស់​ក្លិប​​ត្រង់​ខ្សែ​ប្រយុទ្ធ ​និង​ការ​ពារ​​។   ចំណែក​​​គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន លោក​ Sam Schewingruber បាន​ឲ្យ​ដឹង​ថា បរាជ័យ​របស់​ភ្នំពេញ​ក្រោន​ក្រោម​ថ្វី​ជើង​ស្វាយរៀង​គឺ​បណ្តាល​មក​ពី​សមាជិក​ក្រុម​មិន​មាន​ជឿ​ជាក់​លើ​ខ្លួន​ឯង​នៅ​លើ​​ទី​លាន។   លោក​បាន​និយាយ​ថា ៖«តង់​ទី​មួយ​ យើង​បាន​ស៊ុត​រហូត​ដល់​៧​ដង តែ​ពួក​យើង​គ្មាន​សេចក្តី​ក្លាហាន មិន​បាន​ធ្វើ​តាម​អ្វី​ដែល​យើង​ប្រាប់​ឲ្យ​ពួក​គេ​ធ្វើ​នៅ​តំបន់​គ្រោះ​ថ្នាក់ មាន​ការ​វាយ​សម្រុក​ច្រើន ហើយ​គ្មាន​ភាព​ជឿ​ជាក់​​លើ​ខ្លួន​ឯង​ដើម្បី​រក​គ្រាប់​បាល់»។   លោក​បាន​បន្ត​ថា ៖«​គ្រាប់​ទី​មួយ យើង​មិន​អាច​ទទួល​យក​បាន​ទេ តែ​នៅ​តំបន់​ជួរ​មុខ​ យើង​ត្រូវ​តែ​ប្រសើរ​ជាង​នេះ។ យើង​បាន​រៀប​ចំ​ទម្រង់​សម្រាប់​តង់​ទី​ពីរ យើង​មាន​ឱកាស​ដែរ តែ​មិន​សម្រេច។ គ្រាប់​ទី​ពីរ​យើង​រឹត​តែ​មិន​អាច​ទទួល​យក​បាន ខ្ញុំ​ខឹង​សម្បើម​ណាស់​ផ្នែក​ការពារ»។  

ក្រុម​ភ្នំពេញ​ក្រោន

  កាល​ពី​ម្សិល​មិញ បឹងកេត​អង្គរ​ត្រូវ​បាន​ណាហ្គាវើល​ស៊ី​រហូត​ដល់​៣-០ ខណៈ​ភ្នំពេញ​ក្រោន​ចាញ់​ចាស់​ដៃ​ដោយ​លទ្ធផល​៤-១​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ​ខេត្តស្វាយរៀង៕

 

អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា​​​​​​​​​​​​​​​​​​​​​​​

អត្ថបទថ្មី