Prius, Prius C និង Prius V សុទ្ធតែកាលីប តើគួរជ្រើសមួយណា?
- 2015-02-06 17:16:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Prius, Prius C និង Prius V សុទ្ធតែកាលីប តើគួរជ្រើសមួយណា?
ចន្លោះមិនឃើញ
សព្វថ្ងៃ Toyota Prius បានក្លាយជារថយន្ត Hybrid ដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់យានយន្តទូទៅ។ ប៉ុន្តែដោយសារតែឡាន Prius មានច្រើនម៉ាកដូចជា Prius C, Prius, និង Prius V ជាដើម ទើបធ្វើឱ្យមនុស្សមួយចំនួនរារែកចិត្តមិនដឹងថាត្រូវជ្រើសមួយណា ដែលស័ក្ដិសមបំផុត។ ខាងក្រោមជាលក្ខណៈសម្បត្តិមួយចំនួនរបស់ Toyota Prius ទាំងបីម៉ូដែលសម្រាប់ប្រិយមិត្តក្នុងការត្រិះរិះពិចារណា មុនពេលសម្រេចចិត្តទិញម៉ូដែលណាមួយមកប្រើ៖
១. ការរចនាផ្នែកខាងក្រៅ *Prius C៖ Prius C មានទំហំ (បណ្ដោយ ៤m, ទទឹង ១,៦m , កម្ពស់ ១,៤m) តូចជាង Prius ធម្មតា និង Prius V ហើយកន្លែងផ្ទុកអីវ៉ាន់ផ្នែកខាងក្រោយរបស់ Prius C គ្មានបង្អួច (នៅចំហៀង) ដូចពីរម៉ូដែលទៀតនោះទេ។
*Prius៖ ម៉ូដែលមួយនេះមានទំហំល្មម (បណ្ដោយ ៤,៣m, ទទឹង១,៦m , កម្ពស់ ១,៤m) មានដំបូលរាងកោងជាង Prius C និង Prius V។
*Prius V៖ ម៉ូដែលមួយនេះមានរាងវែង និងមានទំហំធំជាងគេ (បណ្ដោយ ៤,៦m, ទទឹង១,៧m , កម្ពស់ ១,៥m) ក្នុងចំណោមរថយន្ត Prius ទាំងបីម៉ូដែល។
២. ផ្នែកខាងក្នុង *Prius C៖ ម៉ូដែលមួយនេះមានរន្ធម៉ាស៊ីនត្រជាក់រាងមូល រីឯផ្នែកកៅអីខាងមុខមានទំហំតូច ដែលពេលខ្លះពិបាកនឹងដាក់សម្ភារៈផ្សេងៗ។ ដោយសារតែវាមានទំហំតូចទើបធ្វើឱ្យចន្លោះទំនេរសម្រាប់ដាក់អីវ៉ាន់ផ្នែកខាងក្រោយក៏មានទំហំតូចដូចគ្នា (ត្រឹមតែ ០,៥០ម៉ែត្រគូបប៉ុណ្ណោះ)។ ទោះជាយ៉ាងណា វាអាចនឹងស័ក្តិសមសម្រាប់អ្នកមានគ្រួសារតូចល្មម។
*Prius៖ រន្ធម៉ាស៊ីនត្រជាក់រាងជ្រុង រីឯចន្លោះរវាងតាប្លូ និងផតក្លាសេភេសជ្ជៈត្រូវបានខណ្ឌចែកដាច់ពីគ្នា។ ចំណែកឯចន្លោះទំនេរផ្នែកខាងក្រោយមានទំហំ ០,៦២ម៉ែត្រគូប។
*Prius V៖ រន្ធម៉ាស៊ីនត្រជាក់រាងជ្រុងដូចគ្នានឹង Prius ធម្មតាដែរ ហើយចន្លោះទំនេររវាងតាប្លូនិងផតក្លាសេភេសជ្ជៈនៃផ្នែកខាងមុខ Prius V មានទំហំធំជាងគេក្នុងចំណោម Prius បីម៉ូដែល ដែលអាចដាក់កាបូបឬសម្ភារៈតូចល្មមបាន។ ចន្លោះទំនេរផ្នែកខាងក្រោយមានទំហំ ០,៩៨ម៉ែត្រគូប។
៣. គ្រឿងម៉ាស៊ីន * Prius C៖ -ម៉ាស៊ីនស៊ីឡាំងបួន Hybrid ទំហំ ១,៥លីត្រ និងមានកម្លាំងម៉ាស៊ីន ៩៩សេះ -សាំង៖ ស៊ីសាំង ៥,៣លីត្រក្នុងចម្ងាយផ្លូវ ១០០គ.ម *Prius៖ -ម៉ាស៊ីនស៊ីឡាំងបួនទំហំ ១,៨លីត្រ និងមានកម្លាំងម៉ាស៊ីន ១៣៤សេះ -សាំង៖ ស៊ីសាំង ៥,៥លីត្រក្នុងចម្ងាយផ្លូវ ១០០គ.ម
*Prius V៖ -ម៉ាស៊ីនស៊ីឡាំងបួនទំហំ ១,៨លីត្រ និងមានកម្លាំងម៉ាស៊ីន ១៣៤សេះ -សាំង៖ ស៊ីសាំង ៦,៤លីត្រក្នុងចម្ងាយផ្លូវ ១០០គ.ម
៣. លក្ខណៈពិសេស តម្លៃ និងប្រព័ន្ធសុវត្ថិភាពរបស់ Prius៖ *Prius C៖ តម្លៃខ្ទង់ ២ម៉ឺនដុល្លារ។ វាមានប្រព័ន្ធគ្រប់គ្រងធាតុអាកាសស្វ័យប្រវត្តិ (Climate Control) ប្រព័ន្ធ Touchscreen និង Bluetooth។ ដោយឡែកចំពោះម៉ូដែល Prius C ស៊េរីខ្ពស់ៗមានប្រព័ន្ធគ្រប់គ្រងល្បឿនធ្វើដំណើរ (Cruise Control) ប្រព័ន្ធចាក់សោរសុវត្ថិភាព (Keyless entry system) និងប្រព័ន្ធគ្រប់គ្រងទិសដៅ (Navigation System) ។
*Prius៖ ម៉ូដែលមួយនេះមានតម្លៃខ្ទង់ ២,៥ម៉ឺនដុល្លារ។ វាមានផ្លិតសម្អាតកញ្ចក់នៅផ្នែកខាងក្រោយ មានប្រព័ន្ធគ្រប់គ្រងល្បឿនធ្វើដំណើរ (Cruise Control) ប្រព័ន្ធចាក់សោរសុវត្ថិភាព (keyless entry system) ប្រព័ន្ធគ្រប់គ្រងធាតុអាកាសស្វ័យប្រវត្តិ (Climate Control) និង Bluetooth។ សម្រាប់ម៉ូដែល Prius ស៊េរីខ្ពស់មានកាមេរ៉ាក្រោយ ប្រព័ន្ធភ្លើងមុខស្វ័យប្រវត្តិ ប្រព័ន្ធផ្ដល់ដំណឹងបន្ទាន់ពេលមានអាសន្ន ខណៈពេលកំពុងធ្វើដំណើរ (Lane-departure Warning System)។
*Prius V៖ តម្លៃខ្ទង់ ២៧ ៥០០ដុល្លារ។ វាមានប្រព័ន្ធផ្សេងទៀតដូច Prius ធម្មតាដែរ តែ Prius V មានប្រព័ន្ធចតយានយន្តដោយស្វ័យប្រវត្តិ ខណៈដែល Prius ពីរម៉ូដែលខាងលើមិនមាន ។
សរុបមក Prius ទាំងបីម៉ូដែលខាងលើសុទ្ធតែមានលក្ខណៈសម្បត្តិខុសៗគ្នា។ ប្រសិនបើប្រិយមិត្តគិតថា ចង់បានឡាន Prius ដែលស៊ីសាំងតិចជាងគេ នោះ Prius C ជាជម្រើសដំបូងគេ (៥,៣លីត្រក្នុងចម្ងាយផ្លូវ ១០០គ.ម)។ ប៉ុន្តែប្រសិនបើអ្នកចង់បង្កើនសុវត្ថិភាពពេលធ្វើដំណើរ និងសន្សំសំចៃថវិកាបន្តិចនោះ គួរតែជ្រើសរើស Prius ធម្មតា ព្រោះវាបំពាក់ដោយប្រព័ន្ធសុវត្ថិភាពច្រើន។ ដោយឡែកចំពោះ Prius V ត្បិតតែមានតម្លៃថ្លៃជាងគេ តែវាមានប្រព័ន្ធចតយានយន្តស្វ័យប្រវត្តិ ដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកបើកបរ រីឯទំហំទៀតសោតក៏ធំល្មមសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ និងផ្នែកខាងក្រោយធំទូលាយអាចដាក់អីវ៉ាន់បានច្រើន៕
អាន៖ ៧ចំណុចដែលអ្នកគួរទិញ Toyota Prius យកមកប្រើ
អាន៖ រថយន្តចូលចតស្វ័យប្រវត្តិ បច្ចេកវិទ្យាថ្មីបំពាក់លើរថយន្តទំនើបៗ
គន្លឹះផ្សេងៗទៀតទាក់ទងនឹងរថយន្ត ចុចត្រង់នេះ...
ដោយ៖ ប៉ែត ផាន់និត
ប្រភព៖ autotrader