អាថ៌កំបាំង​ព្រះ​សង្ឃ​បាត់​ព្រះ​កាយ ២០០​ឆ្នាំ​ទើប​រក​ឃើញ មិន​ទាន់​សុគត?

  • 2015-02-05 23:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន អ្នក​ជំនាញ​បាន​​រក​ឃើញ​សាកសព​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​បាត់​ព្រះ​កាយ​ប្រហែល​​ពីរ​រយ​ឆ្នាំ​មក​ហើយ ក្នុង​កាយវិការ​សមាធិ ព្រះហស្ត​ទាំង​គូ​ក្ដោប​ចូល​គ្នា នៅ​ក្នុង​សភាព​ល្អ មិន​ស្អុយ​រលួយ​ឡើយ។ រឿងរ៉ាវ​នេះ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​បណ្ដាញ​សារព័ត៌មាន​ធំៗ​លើ​លោក និង​បង្កើត​ជា​ចម្ងល់​ថា​ហេតុអ្វី​បាន​ជា​ព្រះ​សព​នេះ​មិន​ស្អុយ​រលួយ។

 

 

ពេល​នេះ​បព្វជិត​ជាន់​ខ្ពស់​ក្នុង​សាសនា​ព្រះ​ពុទ្ធ​មួយ​អង្គ បាន​បញ្ចេញ​សង្ឃដីកា​ថា ព្រះ​សង្ឃ​ដែល​រក​ឃើញ​គង់​ភាវនា​​ក្នុង​ព្រះ​ភ្នែន​ដូច​ផ្កាឈូក​នេះ កំពុង​សមាធិ​ស្លុង​អារម្មណ៍​អណ្ដែត​អណ្ដូង​ស្មារតី និង​មិន​ទាន់​សុគត​នៅ​ឡើយ​ទេ។ ​សព​ព្រះ​សង្ឃ​ដែល​រក​ឃើញ​​​រក្សា​ទុក​ក្នុង​ស្បែក​សត្វ នៅ​ភាគ​កណ្ដាល​ប្រទេស​ម៉ុងហ្គោលី​នេះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ធ្វើ​កោសល្យវិច័យ។ ​

​​​

អ្នក​វិទ្យាសាស្ត្រ មិន​ទាន់​ធ្វើការ​បញ្ជាក់​បាន​ថា ហេតុអ្វី​បាន​ជា​សព​ព្រះ​សង្ឃ​អាច​នៅ​រក្សា​បាន​យ៉ាង​ល្អ​ដូច​នេះ​ទេ ប៉ុន្តែ​មតិ​ខ្លះ​បាន​អះអាង​ថា អាកាស​ធាតុ​ត្រជាក់​គឺ​ជា​មូលហេតុ​នៅ​ពី​ក្រោយ​អាថ៌កំបាំង​ដ៏​អស្ចារ្យ​នេះ។ យ៉ាង​ណា​ក្ដី វេជ្ជបណ្ឌិត Barry Kerzin ដែល​ជា​គ្រូពេទ្យ​ប្រចាំ​ព្រះ​កាយ​របស់​មេដឹកនាំ​សាសនា​នៅ​ទីបេ ដាឡៃ ឡាម៉ា បាន​ប្រាប់​កាសែត Siberian Times ថា ព្រះ​សង្ឃ​ដែល​រក​ឃើញ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សមាធិ​ដ៏​កម្រ​មួយ។ លោក​បាន​បន្ត​ទៀត​ថា ប្រសិន​បើ​អ្នក​តាំង​សមាធិ អាច​បន្ត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​រហូត គេ​នឹង​ក្លាយ​ទៅ​ជា​ព្រះ​ពុទ្ធ។

សព​ព្រះ​សង្ឃ​នេះ ត្រូវ​រក​ឃើញ ក្រោយ​ពេល​បុរស​ម្នាក់​លួច​យក និង​បម្រុង​លក់​តាម​ទីផ្សារ​ងងឹត។ មន្ត្រី​ប៉ូលិស​ប្រទេស​ម៉ុងហ្គោលី បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ហើយ ចំណែក​​សព​ព្រះសង្ឃ​ត្រូវ​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​មជ្ឈមណ្ឌល​ជាតិ​ជំនាញ​កោសល្យវិច័យ៕ ​​​​

 

ចុចអាន៖ រក​ឃើញ​សព​ព្រះ​សង្ឃ​បាត់​ព្រះ​កាយ​២០០​ឆ្នាំ ក្នុង​កាយវិការ​​សមាធិ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ BBC

អត្ថបទពេញនិយម