អគ្គនាយករងធនាគារ មានប្រវត្តិជាកម្មកររោងចក្រកាត់ដេរ
- 2015-02-06 22:14:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គនាយករងធនាគារ មានប្រវត្តិជាកម្មកររោងចក្រកាត់ដេរ
ចន្លោះមិនឃើញ
“ខ្ញុំបានចាប់ផ្ដើម ការងារដំបូងក្នុងជីវិតជាកម្មករ នៅរោងចក្រមួយ និងបានបន្តការងារប្រមាណ បួនឆ្នាំនៅទីនោះ រហូតបានក្លាយជាអ្នកមើលការខុសត្រូវ (Supervisor) នៃផ្នែកកណ្ដាល របស់ចង្វាក់ផលិតកម្ម”។ ទាំងនេះ គឺជាការរៀបរាប់របស់ លោក ប៉ែន មករា វ័យ ៣៣ឆ្នាំ ដែលមានប្រវត្តិឆ្លងកាត់ការតស៊ូជាច្រើន ទម្រាំក្លាយជាអគ្គនាយករងធនាគារមួយ និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនពីរផ្សេងទៀត។
ចាប់កំណើតនៅភូមិអូតាគាំពីរ ឃុំទួលតាឯក ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ លោក ប៉ែន មករា បានសម្រេចចិត្តចាកចេញពីស្រុកកំណើត និងឃ្លាតឆ្ងាយពីអ្នកមានគុណទាំងពីរ កាលពីឆ្នាំ១៩៩៧ មកបន្តការសិក្សានៅទីក្រុងភ្នំពេញដោយរំពឹងមានអនាគតភ្លឺស្វាង។ រំលឹកដល់ចំណុចនេះ លោក ប៉ែន មករា ដែលជាកូនប្រុសច្បងនៅ ក្នុងគ្រួសារមួយ ម្ដាយប្រកបរបរលក់បាយ ឪពុកជាមន្ត្រីយោធា និងក្រោយមកក្លាយជាយោធិនពិការ តែងចងចាំពាក្យពេចន៍ដ៏មានតម្លៃរបស់អ្នកមានគុណជំរុញឲ្យខិតខំប្រឹងប្រែងរៀនសូត្រ។
ត្បិតអីលោកទាំងពីរកាលពីកុមារភាពបានធំដឹងក្តីឡើង ក្នុងសម័យកាលប្រទេសមានសង្គ្រាម មិនបានរៀនចេះដឹងជ្រៅជ្រះឡើយ។ ដូច្នេះហើយ ទើបខិតខំព្យាយាមទាំងបែកញើសហូរញើស ធ្វើយ៉ាងណា ដើម្បីរកលុយឲ្យកូនបានរៀនសូត្រខ្ពង់ខ្ពស់។ “កាលនោះម្តាយខ្ញុំ តែងដាស់តឿនថា គ្រួសារយើងក្រណាស់កូន ម្តាយគ្មានទ្រព្យអ្វី បន្សល់ទុកឲ្យកូនទេ គឺមានតែចំណេះដឹង ដែលកូនបានពីការសិក្សានេះហើយ ជាទ្រព្យរបស់កូន ដូច្នេះកូនត្រូវខំរៀន”។ លោក ប៉ែន មករា បន្ថែម។
ការជម្នះ និងឧបសគ្គគ្រប់បែបយ៉ាងមិនធ្វើឲ្យ លោក មករា ខកបំណងទេ។ ក្នុងនាមជាសិស្សរៀនពូកែម្នាក់ តាំងពីថ្នាក់មត្តេយ្យមក និងជាពិសេសលើមុខវិជ្ជា តែងសេចក្ដី និងរូបវិទ្យា លោកបានជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើមុខវិជ្ជារូបវិទ្យា និងវិទ្យាស្ថានជាតិគ្រប់គ្រងលើមុខជំនាញគ្រប់គ្រងពាណិជ្ជកម្ម កាលពីឆ្នាំ១៩៩៧។ ពេលនោះ ឪពុកម្ដាយរបស់លោក ជួយផ្គត់ផ្គង់ការចាយវាយទាំងស្រុង បើទោះបីជាអ្នកមានគុណទាំងពីរជួបប្រទះការលំបាកជាច្រើនយ៉ាងណាក្តី។ លោក មករា បានមកស្នាក់ផ្ទះបងប្អូន ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សា។ មិនយូរប៉ុន្មាន ដើម្បីដកពិសោធន៍ និងរកកម្រៃខ្លះជួយសម្រាលបន្ទុកឪពុកម្តាយ លោកបានឆ្លៀតរកការងារក្រៅម៉ោងជាច្រើនកន្លែង។
លោកធ្លាប់បានការងារធ្វើជាកម្មកររោងចក្រមួយ ធ្វើជាជំនួយការគ្រូបង្រៀន ក្នុងវគ្គបណ្ដុះបណ្ដាលកុំព្យូទ័រតាមអង្គការ និងធ្វើការងារអ្នកទទួលភ្ញៀវសេវាកម្មអ៊ីនធឺណិតជាដើម។ធ្វើការងារជាកម្មកររោងចក្របាន ៤ឆ្នាំ លោកបានក្លាយជាអ្នកមើលការខុសត្រូវ(Supervisor) នៃផ្នែកកណ្ដាលនៃចង្វាក់ផលិតកម្មរបស់រោងចក្រ។ ការងារនេះមិនត្រឹមផ្តល់នូវប្រាក់បៀវត្ស ដែលជាតម្រូវការចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្ដល់មកវិញ នូវចំណេះដឹងបែងចែកអាទិភាពលើកិច្ចការងារ និងបទពិសោធន៍គ្រប់គ្រងមនុស្ស។ លោកបានរៀបរាប់ថា ៖“ពេលនោះ ខ្ញុំមានបុគ្គលិកក្រោមបង្គាប់៦ នាក់ ប៉ុន្តែពេលនោះក៏ជួបការលំបាកសម្រាប់ខ្ញុំដែរ ដោយសារខ្ញុំមានអាយុទើប ២១ ឆ្នាំ ហើយអ្នកទាំងនោះ មានវ័យចំណាស់ជាងខ្ញុំ ព្រមទាំងមានវប្បធម៌ផេ្សងគ្នាទៅទៀត”។
ដោយមានចំណូលចិត្ត បង្វឹកខ្លួនឯង ឬនឿយមុនស្រណុកក្រោយ លោក ប៉ែន មករា បានផ្លាស់ប្តូរការងារពីវិស័យមួយទៅវិស័យមួយទៀតជាបន្តបន្ទាប់។ ក្នុងនោះធ្វើការងារនៅសាលាឯកជន អង្គការសង្គមស៊ីវិល ក្រុមហ៊ុនវិនិយោគអចលនទ្រព្យ អាជីវកម្មចែកចាយគ្រឿងឧបភោគ-បរិភោគ ស្ថាប័នហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនបច្ចេកវិទ្យាអ្នកយកព័ត៌មាន និងអ្នកសរសេរគម្រោងជាដើម។“មើលត្រង់នេះ ហាក់ដូចជា ខ្ញុំមិនសូវមានការតាំងចិត្តខ្ពស់លើការងារនីមួយៗ ទើបធ្វើឱ្យមានការផ្លាស់ប្តូរជាញឹកញាប់បែបនេះ។ ប៉ុន្តែតាមពិតទៅ ការផ្លាស់ប្តូរពីការងារមួយទៅការងារមួយទៀត ភាគច្រើននៅពេល ដែលខ្ញុំមើលឃើញថា ការងារនោះលែងផ្តល់នូវចំណេះដឹងថ្មីដល់ខ្ញុំ។ ខ្ញុំបានធ្វើការងារយ៉ាងតិចបំផុតពីរឆ្នាំនៅក្រុមហ៊ុនមួយៗ មុននឹងដាក់ពាក្យឈប់។ ខ្ញុំមិនដែលមានបញ្ហាជាមួយក្រុមហ៊ុន ឬអង្គភាពទាំងនោះឡើយ ព្រោះខ្ញុំបានព្យាយាមបំពេញការងារដោយយកចិត្តទុកដាក់ជាទីបំផុត ពេលខ្ញុំទទួលខុសត្រូវ និងតែងតែទទួលការសាទរពីប្រធាន និងនាយកគ្រប់រូប”។ លោក ប៉ែន មករា បន្ថែម។
បច្ចុប្បន្ន លោកទទួលបានបរិញ្ញាបត្រ ២ លើមុខវិជ្ជារូបវិទ្យា និងគ្រប់គ្រង សញ្ញាបត្រអនុបណ្ឌិត២ លើមុខជំនាញសហគ្រិនភាព និងសេដ្ឋកិច្ចសង្គម ពីប្រទេសបារាំង និងសញ្ញាបត្រឌីប្លូមមួយចំនួនទៀតពីប្រទេសស្វីស និងអង់គ្លេស។ ជាការពិត សមត្ថភាពផ្ទាល់ខ្លួន និងការពុះពារគ្រប់ឧបសគ្គ បាននាំលោក ប៉ែន មករា ក្នុងពេលតែមួយអាចក្ដោបបានតួនាទីជាអ្នកគ្រប់គ្រងនៅបីអង្គភាពផ្សេងគ្នា។ គ្រប់វត្តមានផ្ទាល់នៅកន្លែងការងារជាភារកិច្ច ដែលលោកអាចរ៉ាប់រងបានយ៉ាងល្អប្រសើរ។ ភាពមមាញឹកទាំងនេះ បានបន្សល់ទុកនូវពេលវេលាសម្រាក ក្នុងមួយថ្ងៃ ៤ ទៅ៥ ម៉ោងប៉ុណ្ណោះ។
មកដល់បច្ចុប្បន្ន លោក ប៉ែន មករា បានទទួលផ្លែផ្កាគួរជាទីមោទន ពីការខិតខំប្រឹងប្រែងរបស់លោក។ ក្នុងនោះ លោកអាចក្តោបតួនាទីជាន់ខ្ពស់ជាច្រើន ក្នុងស្ថាប័នឯកជនបីផេ្សងគ្នា ១. លោកមានតួនាទីជាអគ្គនាយករងធនាគារឯកទេសអង្គរកាពីតាល ដែលមានម្ចាស់ភាគហ៊ុនធំជា ក្រុមហ៊ុនវិនិយោគបរទេសមួយមានទឹកប្រាក់វិនិយោគរាប់រយលានដុល្លារ។២.ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Trade Solutions Group ប្រចាំប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនអាមេរិក ផ្តល់សេវាបច្ចេកវិទ្យាធនាគារដល់បណ្តាធនាគារនៅលោកខាងលិច។ ៣. ជាអភិបាល នៃក្រុមហ៊ុន Asia Pacific Bridges ជាក្រុមហ៊ុនពិគ្រោះយោបល់ ទើបបង្កើតឡើង ដើម្បីជាស្ពានទំនាក់ទំនងរវាងវិនិយោគិននៅបរទេសមកកម្ពុជា។ ៤. លោកក៏បានទទួលការតែងតាំងពីក្រសួងពាណិជ្ជកម្មជា ទីប្រឹក្សាសភាពាណិជ្ជកម្ម ប្រចាំខេត្ត កំពត តាកែវ និងខេត្តកែប ដើម្បីជួយរៀបចំ និងផ្ដល់យោបល់លើគម្រោងពាណិជ្ជកម្មនានានៅ ក្នុងបណ្តាខេត្តទាំងនេះ ក៏ដូចជាជួយស្វែងរកវិនិយោគិនផងដែរ។
ទោះជាបច្ចុប្បន្ន លោកទទួលបានតួនាទីថ្នាក់កំពូលៗយ៉ាងណា ប៉ុន្តែអតីតយុវជនមកពីខេត្តបាត់ដំបងរូបនេះ បានចាត់ទុកថា អ្វីដែលលោកទទួលបានមិនទាន់ដល់ចំណុចជោគជ័យ នៅឡើយទេ ពោលនេះគ្រាន់ ជាទ្វាចូល នាំរួបលោកឆ្ពោះទៅកាន់ភាពជោគជ័យប៉ុណ្ណោះ។ លោកបានរៀបរាប់ថា ៖ “បច្ចុប្បន្ន ខ្ញុំតែង អភិវឌ្ឍន៍ខ្លួន បន្ថែមទាំងជំនាញឯកទេស និងជំនាញផ្សេងៗទៀតជាប្រចាំ។ រាល់ថ្ងៃខ្ញុំតែងងើបរៀនដោយខ្លួនឯងនៅម៉ោង ៤ ទៀបភ្លឺ ព្រោះមានជំនាញជាច្រើន ដែលតម្រូវឱ្យខ្ញុំត្រូវស្វែងយល់បន្ថែម។ ខ្ញុំមានទំលាប់ តាំងពីនៅបឋមវ័យ គឺការអាន និងការកត់ត្រា។ មុនពេលសម័យមានទូរសព្ទទំនើប ខ្ញុំតែងតែមានសៀវភៅកត់ត្រាមួយក្បាលនៅក្បែរខ្លួនជាប្រចាំ ដើម្បីកត់ត្រានូវអ្វីថ្មី ដែលខ្ញុំដឹងតាមការអាន ឬ ឭ និងសំណួរទាំងឡាយ ដែលកើតឡើង ក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំតែងតែធ្វើការស្រាវជ្រាវ តាមប្រព័ន្ធអ៊ីនធឺណេត ដើម្បី ស្វែងរកចម្លើយឱ្យសំណួរ ដែលខ្ញុំមាន។ ពេលធ្វើការងារខ្ញុំតែងស្វែងយល់ពីវប្បធម៌ ប្រពៃណី និងជំនឿផ្សេងៗ របស់ជនបរទេសជាច្រើនជាតិសាសន៍ ដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទងជាមួយវិនិយោគិនបរទេស ក៏ដូច ព្យាយាមគោរពភាពខុសគ្នារបស់វប្បធម៌មួយៗ”។
លោក ប៉ែន មករា បានចាត់ទុកអ្វី ដែលទទួលបានសព្វថ្ងៃមិនមែនជារឿងចៃដន្យនោះទេ។ ប៉ុន្តែវាបានកើតចេញពីការខិតខំប្រឹងប្រែង និងការកំណត់គោលដៅមួយច្បាស់លាស់សម្រាប់ខ្លួនឯង។ ដូច្នេះលោកបានចែករំលែកទៅយុវជនថា ភាពជោគជ័យ ក្នុងការងារ និងដំណើរជីវិតមិនមែនអាចកើតមានឡើងតែសម្រាប់អតីតសិស្សពូកែ កូនអ្នកមាន ឬកូនអ្នកក្រ អ្នកឆ្លាតនោះទេ តែអាចកើតមានឡើងសម្រាប់គ្រប់គ្នា ដែលស្វះស្វែងរកវា និងពុះពារព្យាយាម។ លោកឃើញ អតីតសិស្សពូកែមួយចំនួនបែរជាបរាជ័យ ក្នុងការងារ។ ដូច្នេះហើយ ទោះបីអ្នកជាជនប្រភេទណាមួយក៏ដោយ អ្នកក៏អាចជោគជ័យបានដែរ។
មួយវិញទៀតការទម្លាប់អានជារៀងរាល់ថ្ងៃ និងជាប្រចាំគឺជាការបង្កើននូវចំណេះដឹងខ្លួនឯង។ លោកអានសៀវភៅ យ៉ាងតិចបំផុត ៣០ នាទី ក្នុងមួយថ្ងៃ និងស្ទើររាល់ថ្ងៃមុនពេលគេង លោកអានសៀវភៅ ដែលលោកចូលចិត្ត។ លោកទម្លាប់មិនសូវមើលទូរទស្សន៍ទេ។ ជារៀងរាល់សប្ដាហ៍ លោកទទួលតាម Email នូវព្រឹត្តិបត្រ ដែលពាក់ព័ន្ធនឹងគ្រប់ផ្នែក នៃពាណិជ្ជកម្ម ការគ្រប់គ្រង ព័ត៌មានជាតិ-តំបន់-ពិភពលោក បទពិសោធន៍ជីវិត របកគំហើញថ្មីៗ ហើយលោកដាក់កំហិតខ្លួនឯងថា ត្រូវតែអាន។ លោកគិតថា កង្វះខាតផ្នែកភាសាក៏ជាឧបសគ្គរបស់យុវជន និងពាណិជ្ជកររបស់យើង ក្នុងការស្រូបយកបទពិសោធន៍ និងចំណេះដឹងសំខាន់ៗពីប្រទេសនានា ដោយសារឯកសារជាភាសាខ្មែរមិនសូវសម្បូរ។
ចំពោះលោកផ្ទាល់ លោកជឿជាក់លើការព្យាយាមផ្ទាល់ខ្លួន។មនុស្សគ្រប់រូបរមែងពើបប្រទះនឹងឧបសគ្គនៃជីវិតរៀងៗខ្លួន និងអ្វីដែលធ្វើឱ្យមនុស្សម្នាក់ៗទទួលបានលទ្ធផលខុសៗគ្នា គឺការជ្រើសរើសដំណោះស្រាយ និងការព្យាយាម។ លោកគិតថា យុវជនខ្មែរយើងមួយចំនួននៅមានការខ្វះខាត ក្នុងការផ្ដើមការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍខ្លួន ដោយខ្លួនឯង ពីចំណេះដឹងផ្សេងៗពាក់ព័ន្ធគ្រប់ផ្នែកនៃជីវិត និងការងាររបស់ខ្លួន។ ទន្ទឹមគ្នានេះការសិក្សាស្ទើរគ្រប់ជំនាញអាចធ្វើឡើង បានយ៉ាងងាយស្រួលបំផុតជាមួយបច្ចេកវិទ្យាដែលយើងកំពុងមាននាយុគសម័យនេះ ឧទាហរណ៍ មានការបង្រៀនស្ទើរគ្រប់មុខវិជ្ជាតាម Youtube ។ ដូច្នេះយុវជន ត្រូវព្យាយាមរៀនបន្ថែម ដោយខ្លួនឯងឱ្យបានច្រើនដើម្បី ១) ភាពជោគជ័យនៃការងារ និងជីវិត ២)ចូលរួម ក្នុងការលើកកម្ពស់ធនធានមនុស្សរបស់ប្រទេសយើង ដើម្បីប្រកួតប្រជែងជាមួយទីផ្សារការងារកម្រិតគ្រប់គ្រង ដែលភាគច្រើនកាន់កាប់ ដោយបុគ្គលិកបរទេស។
សម្រាប់យុវជន ដែលមិនសូវមានទំនុកចិត្តលើខ្លួនឯង សូមជឿជាក់ថា ប្រសិនបើអ្នកព្យាយាមពុះពារ ជាមួយនឹងផែនការច្បាស់លាស់ ជោគជ័យនឹងជារបស់អ្នក។ សូមចាប់ផ្តើមជាមួយនឹងផែនការរយៈពេលពីរឆ្នាំ និងព្យាយាមដាក់កំហិតខ្លួនឯងឱ្យអនុវត្តតាម អ្នកនឹងឃើញពីភាពខុសប្លែកគ្នា ដែលអ្នកស្ទើរមិនជឿខ្លួនឯង។ ភាពជោគជ័យមិនស្ថិតនៅលើភ័ព្វសំណាងតែមួយមុខទេ លោកជឿជាក់ លើសេចក្ដីព្យាយាម៕
អត្ថបទ៖មៃ សុខលីម