ប្រយ័ត្ន! ម្ចាស់​ iPhone ប្រើ​ iOS7 & iOS8 អាច​នឹង​អស់​រលីង​ពី​ខ្លួន​ដោយ​សារ​មេរោគ​ថ្មី​

  • 2015-02-07 14:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hacker មួយ​ក្រុម​កំពុង​ប្រើ​ប្រាស់​ Spyware ថ្មី​មួយ​វាយ​ប្រហារ​អ្នក​ប្រើ iPhone ដំណើរ​ការ​ដោយ​ iOS7 និង iOS8 ដើម្បី​លួច​យក​អត្ថបទ​សារ Contact  រូប​ថត និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត​របស់​អ្នក​ប្រើ​ប្រាស់​។ នេះ​​បើ​តាម​​ភ្នាក់ងារ​ព័ត៌មាន Daily Mail។

 

 

Daily Mail បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​កម្មវិធី​កម្ចាត់​មេរោគ​មួយ​ឈ្មោះ Trend Micro បាន​រក​ឃើញ​ Spyware ថ្មី​មួយ​ឈ្មោះ XAgent  ដែល​បាន​ចូល​រាតត្បាត​ iPhone ដែល​ប្រើ iOS7 និង iOS8​ ដោយ​មាន​សមត្ថភាព​អាច​លួច​យក​ព័ត៌មាន​ផ្សេង​ៗ​ពី​ក្នុង​ទូរសព្ទ iPhone Jailbreak និង​មិន​ Jailbreak បាន​យ៉ាង​ងាយ។

 

Trend Micro ជឿ​ថា​ Spyware ថ្មី​មួយ​នេះ​ត្រូវ​បាន​បង្កើត​ដោយ​ Hacker រុស្ស៊ី​មួយ​ក្រុម​ឈ្មោះ Operation Pawn Storm  ដែល​កន្លង​មក​​ធ្លាប់​មាន​បំណង​វាយ​ប្រហារ​​រដ្ឋាភិបាល កង​ទ័ព និង សារព័ត៌មាន​​ជា​ច្រើន​លើ​ពិភព​លោក។

 

 

វិធី​​ដែល Hacker ប្រើ​ដើម្បី​​បោក​​បញ្ឆោត​អ្នក​ប្រើ​ iPhone ​ឱ្យ​​ដំឡើង​កម្មវិធី​បង្កប់ Spyware​ XAgent​ 

 

ក្រុមហ៊ុន​ដដែល​បាន​ឱ្យ​ដឹង​ថា XAgent​ វាយ​ប្រហារ​ទូរសព្ទ iPhone (ប្រើ​ iOS7 និង iOS8) តាម​រយៈ​ការ​បោក​បញ្ឆោត​ឱ្យ​​ម្ចាស់ iPhone ទាំង​អស់​ចុច​លើ Link មួយ​សរសេរ​ថា "Tap Here to Install the Application” (រូប​លើ) ដើម្បី​ដំឡើង​កម្មវិធី​ឈ្មោះ​ XAgent​ ។ នៅ​ពេល​ដែល​ Spyware មួយ​នេះ​ត្រូវ​បាន​ដំឡើង​លើ iPhone វា​នឹង​លាក់​ icon ពី​អេក្រង់​ទូរសព្ទ ហើយ​ភ្ជាប់​ទៅ​នឹង Microphone របស់​ iPhone ដើម្បី​លួច​ថត​​សំឡេង​​និង​លួច​យក​ទិន្នន័យ​ផ្សេង​ៗ​ បាន​គ្រប់​ពេល។

 

​​​​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន  Trend Micro លោក Feike Hacquebord ក៏​បាន​ឱ្យ​ដឹង​ថា ​មេរោគ​នេះ​​នឹង​មាន​សមត្ថភាព​ឆ្លង​ចូល​ទូរសព្ទ​ផ្សេង​ទៀត​ របស់​មិត្ត​ភ័ក្តិ​ម្ចាស់​ទូរសព្ទ​ដែល​រង​គ្រោះ តាម​រយៈ​ Contact Name ដើម្បី​បង្ក​ជា​ការ​វាយ​ប្រហារ​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ហើយ iPhone ប្រមាណ​ ២០០លាន​គ្រឿង​នឹង​​អាច​រង​ការ​វាយ​ប្រហារ​នេះ។

 

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា គ្រោះ​ថ្នាក់​មួយ​ទៀត​ ដែល​ធ្វើ​ឱ្យ​ Spyware XAgent​ ឆ្លង​ចូល​ iPhone បាន គឺ​ការ​ភ្ជាប់​វា (iPhone) ជាមួយ Laptop ដែល​មាន​មេរោគ​នេះ​ តាម​រន្ធ USB៕

 

អាន៖ ញាក់​សាច់! រក​ឃើញ​មេរោគ​ថ្មី​បង្កប់​ខ្លួន​ក្នុង​កម្មវិធី​ទូរសព្ទ​មួយ​ចំនួន​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ dailymail