ព្រះមហាក្សត្រ​អាស៊ាន​ ២អង្គ ជា​កំពូល​ស្ដេច​មាន​ជាង​គេ​លើ​លោក

  • 2014-09-15 19:35:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចាត់​ថ្នាក់​របស់​ទស្សនាវដ្ដី Forbes ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ក្នុង​​តំបន់​អាស៊ាន​​មាន​មហាសេដ្ឋី​ទឹក​ប្រាក់​ពាន់​លាន​ដុល្លារ​ដល់​ទៅ ១១៧នាក់ ប៉ុន្តែ​ក្នុង​ចំណោម​នេះ មិន​រាប់​បញ្ចូល​ព្រះមហាក្សត្រ​ ឬ​មេដឹក​នាំ​នៃ​ប្រទេស​នីមួយៗ​ទេ។ បើ​គិត​ពី​ស្ដេច​ដែល​មាន​ព្រះរាជទ្រព្យ​ច្រើន​បំផុត​លើ​លោក​វិញ ព្រះ​មហា​ក្សត្រ​ពីរ​អង្គ​ក្នុង​តំបន់​អាស៊ាន​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​គេ ជាមួយ​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល ដែល​ក្នុង​នោះ​រួម​មាន៖

 

១. Bhumibol Adulyadej ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ

 

(រូបភាព​ផ្ដល់​សិទ្ធិ​ដោយ AFP)

 

ព្រះ​អង្គ​គឺ​ជា​ព្រះមហាក្សត្រ​ដែល​គ្រង​រាជ្យ​បល្ល័ង្ក ៦៨ឆ្នាំ​មក​ហើយ យូរ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ។ ទ្រព្យ​សម្បត្តិ​របស់​ព្រះ​មហា​ក្សត្រ​ដែល​មាន​ព្រះជន្ម ៨៧វស្សា​នេះ គឺ​ជា​ព្រះរាជ​ទ្រព្យ​នៃ​ត្រកូល​ក្សត្រ និង​បាន​មក​ពី​ការ​វិនិយោគ។

 

ព្រះ​អង្គ​មាន​កម្មសិទ្ធិ​ដី​ជាង ១៣ គីឡូម៉ែត្រ​ក្រឡា​នៅ​រាជធានី​បាងកក និង​ជាង​៥៣​គីឡូម៉ែត្រ​ក្រឡា​ទៀត​នៅ​ពាស​ពេញ​ប្រទេស។ ព្រះ​អង្គ​ក៏​មាន​ភាគហ៊ុន ៣២ភាគ​រយ​នៅ​ក្នុង​ក្រុមហ៊ុន​ស៊ីម៉ង់ Siam Cement ស្មើ​នឹង​ទឹកប្រាក់ ១២,៦ ពាន់​លាន​ដុល្លារ ដែល​ត្រូវ​នឹង ២៣ភាគរយ​នៃ​ទ្រព្យ​សរុប​របស់​ធនាគារ​ពាណិជ្ជកម្ម​ថៃ។

 

ក្រៅ​ពី​នេះ ព្រះអង្គ​នៅ​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ដូចជា​ក្រុមហ៊ុន​សាង​សង់ ក្រុមហ៊ុន​ធានារ៉ាប់រង និង​ក្រុម​​ហ៊ុន​ទូរគមនាគមន៍​ជា​ដើម។ លើស​ពី​នេះ​ទៅ​ទៀត ព្រះ​អង្គ​គឺ​ជា​ម្ចាស់​ពេជ្រ​ច្នៃ​ធំជាង​គេ​លើ​លោក ដែល​មាន​តម្លៃ​ចន្លោះ​ពី ៤ ទៅ ១២ លាន​ដុល្លារ។

 

​​​ ព្រះរាជ​ទ្រព្យ និង​ការ​វិនិយោគ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ព្រះមហាក្សត្រ Bhumibol Adulyadej មាន​ទ្រព្យ​សម្បត្តិ​សរុប ៣០ពាន់​លាន​ដុល្លារ។

 

 

២. Hassanal Bolkiah ស្ដេចនៃ​ព្រះរាជាណាចក្រព្រុយណេ

 

(រូបភាព​ផ្ដល់​សិទ្ធិ​ដោយ AFP)

 

ព្រះ​អង្គ​បាន​ឡើង​គ្រង​រាជ្យ តាំង​ពី​ឆ្នាំ១៩៦៨ បន្ត​ពី​ព្រះបិតា និង​ជា​ព្រះ​មហាក្សត្រ​ទី២៩ របស់​ប្រទេស​ព្រុយណេ។ ​ព្រះ​អង្គ​គឺ​ជា​ព្រះ​មហា​ក្សត្រ ជា​នាយករដ្ឋមន្ត្រី និង​ជា​មេបញ្ជាការ​ជាន់​ខ្ពស់​នៃ​កង​កម្លាំង​ការពារ​ជាតិ​ព្រុយណេ​ផង​ដែរ។ បច្ចុប្បន្ន ព្រះអង្គ​មាន​ព្រះ​ជន្ម ៦៨ ព្រះវស្សា។

តាម​គេហទំព័រ The Richest ស្តេច​ស៊ុលតង់​នៃ​ប្រទេស​តូច​ជាង​គេ​ទី២ នៅ​អាស៊ាន មាន​រថយន្ត​លំដាប់​ថ្លៃ​ៗ​គ្រប់​ប្រភេទ​ដូចជា Rolls Royces, Mercedes-Benzes, Ferraris, Lamborghinis, BMWs និង​ម៉ាក​ល្បីៗ​ផ្សេង​ទៀត សរុប​ប្រមាណ ៧ ពាន់​គ្រឿង។ រថយន្ត​ដែល​ថ្លៃ​ជាង​គេ គឺ Rolls Royce ស្រោប​មាស​ដែល​មាន​តម្លៃ ១៤ លាន​ដុល្លារ ថ្លៃ​ជាង​គេ​បំផុត​លើ​លោក។ ​

ប្រភព​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​របស់​ព្រះ​អង្គ​បាន​មក​ពី​រ៉ែ​ប្រេង ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​មាន​ព្រះរាជ​ទ្រព្យ​សរុប ២០ពាន់​លាន​ដុល្លារ៕​

ចុច​អាន៖ ​កំពូល​មហា​សេដ្ឋី​អាហ្វ្រិក​ទាំង១០ ប្រចាំ​ឆ្នាំ២០១៤

ដោយ៖ គង់ វិសាល ប្រភព៖ therichest

អត្ថបទថ្មី