ឈ្មោះ "លីដា ឈើយ" ដែលសាក់លើខ្លួន Ibrahimovic ជាអ្នកណា?
- 2015-02-16 14:16:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈ្មោះ "លីដា ឈើយ" ដែលសាក់លើខ្លួន Ibrahimovic ជាអ្នកណា?
ចន្លោះមិនឃើញ
ក្រោយលេចចេញព័ត៌មានថា Zlatan Ibrahimovic មានស្នាមសាក់ជាអក្សរខ្មែរ មានប្រិយមិត្តជាច្រើនឆ្ងល់ថាហេតុអ្វីបានជាខ្សែប្រយុទ្ធស៊ុយអែតរូបនេះសម្រេចសាក់ជាអក្សរខ្មែរ ហើយតើពាក្យថា "លីដា ឈើយ" ដែលសាក់នោះ ជាឈ្មោះអ្នកណា?
តាមពិតទៅ មិនត្រឹមតែប្រិយមិត្តស្រុកខ្មែរទេដែលឆ្ងល់ សូម្បីតែអ្នកមើលបាល់ទូទាំងពិភពលោកក៏ឆ្ងល់ស្រដៀងគ្នានេះដែរ ដោយសារតែ Ibrahimovic មិនមានស្នាមសាក់ច្រើនពេញខ្លួនអញ្ចឹងនោះទេពីមុនមក។ ជុំវិញបញ្ហាចម្ងល់នេះ ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint Germain រូបនេះ បានចេញមកទម្លាយអាថ៌កំបាំងហើយថាការសាក់ឈ្មោះជាភាសាផ្សេងៗគ្នានេះ គឺដើម្បីគាំទ្រដល់កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ។
ឈ្មោះ "លីដា ឈើយ" គឺជាឈ្មោះមួយក្នុងចំណោមឈ្មោះមនុស្ស៥០នាក់ដែលបានសាក់លើដងខ្លួន Zlatan។ ឈ្មោះទាំង៥០នាក់នោះ គឺជ្រើសចេញពីក្នុងចំណោមមនុស្ស ៨០៥លាននាក់ជុំវិញពិភពលោក ដែលកំពុងរងគ្រោះដោយកង្វះស្បៀងអាហារនាពេលបច្ចុប្បន្ន។
Ibrahimovic បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា៖ “នៅពេលខ្ញុំដោះអាវពេលប្រកួតទល់នឹងក្រុម Caen គ្រប់ៗគ្នាបានសួរខ្ញុំអំពីស្នាមសាក់ថ្មីជាច្រើន។ ខ្ញុំមានស្នាមសាក់បណ្ដោះអាសន្ន (លុបជ្រះ) ចំនួន១៥ នៅលើដងខ្លួន ដែលស្នាមសាក់ទាំងនោះ គឺតំណាងឲ្យឈ្មោះមនុស្សពិតដែលបានរងគ្រោះដោយការអត់ឃ្លាននៅលើពិភពលោក។ ទោះបីជាស្នាមសាក់ត្រូវរលុបទៅវិញ តែមនុស្សទាំងនោះនៅតែមានជីវិត... ខ្ញុំសង្ឃឹមថាអ្នកអាចឃើញពួកគេតាមរយៈខ្ញុំ"។
កីឡាករវ័យ៣៣ឆ្នាំ បានបន្ថែមទៀតថា៖ "នៅពេលដែលខ្ញុំទៅណា មនុស្សម្នាស្គាល់ខ្ញុំ និងស្រែកហៅឈ្មោះខ្ញុំ អបអរដល់ខ្ញុំ។ ប៉ុន្តែមានឈ្មោះជាច្រើនដែលគ្មានអ្នកស្រែកអបអរ។ ប្រសិនបើអាច ខ្ញុំនឹងសរសេរឈ្មោះពួកគេទាំងអស់លើដងខ្លួនរបស់ខ្ញុំ។ ប៉ុន្តែមានមនុស្សដល់ទៅ៨០៥លាននាក់ដែលកំពុងអត់ឃ្លាននាពេលបច្ចុប្បន្ន ដូច្នេះនៅពេលដែលអ្នកឮឈ្មោះខ្ញុំ អ្នកអាចគិតដល់ឈ្មោះពួកគេ។ នៅពេលណាដែលអ្នកឃើញខ្ញុំ អ្នកអាចឃើញពួកគេ"។
លោក Marina Catena ប្រធាន WFP នៅប្រទេសបារាំង បាននិយាយថា ដោយសារតែ Ibrahimovic មានកេរ្តិ៍ឈ្មោះល្បីជុំវិញពិភពលោក ទើបបណ្ដាលឲ្យមានការជ្រើសរើសនេះឡើង។
ក្នុងចំណោមឈ្មោះដែលសាក់បណ្ដោះអាសន្នទាំងនោះ គេសង្កេតឃើញមួយចំនួន ដូចជា Carmen, Mariko, Antoine, Lida (លីដា), Rahma និង Yaae ជាដើម៕
http://youtu.be/ipmJ4cmxOtU ចុចអាន៖ មិនគួរឲ្យជឿ! លើដងខ្លួន Ibrahimovic មានស្នាមសាក់ជាភាសាខ្មែរ
ដោយ៖ សុខ សុវត្ថិ ប្រភព៖ The Guardian, Daily Mail