​អតីត​ជយលាភី​ប្រជាប្រិយ Miss Grand International ចាប់​ផ្ដើម​កម្រើក​ទីផ្សារ​ហើយ!

  • 2015-02-17 17:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​នាំ​កិត្តិយស​ជូន​ជាតិ​កាល​ពី​ចុង​ឆ្នាំ ២០១៤ តាម​រយៈ​ឈ្នះ​ជយលាភី​ប្រជាប្រិយ​ក្នុង​កម្មវិធី Miss Grand International នៅ​ប្រទេស​ថៃ ឥឡូវ​កញ្ញា នូ ទឹម​ស្រីនៀត ចាប់​ផ្ដើម​កម្រើក​ទីផ្សារ​ហើយ។ នេះ​បើ​តាម លោក មែ វិចិត្រ​បុត្រ អ្នក​គ្រប់​គ្រង​ក្រុម Freshie Girls & Boys បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ ឆ្លុះ​បង្ហាញ​ពី​ឱកាស​ការងារ ក្រោយ​ជាប់​ជយលាភី​របស់​កម្មវិធី។

 

 

"ក្រោយ​ជាប់ បេក្ខជន បេក្ខនារី​នឹង​មាន​ឱកាស​ទៅ​ប្រកួត​ដក​ស្រង់​បទ​ពិសោធន៍​នៅ​បរទេស​ទៀត ដូច ស្រីនៀត ដែល​ឈ្នះ​ជយលាភី​លេខ​១​ក្នុង​កម្មវិធី Khmer Super Model គាត់​បាន​ទៅ​ប្រកួត​កម្មវិធី Miss Grand International នៅ​ប្រទេស​ថៃ និង​ឈ្នះ​ជយលាភី​ជា​តារា​ដែល​មាន​គេ​ចូល​ចិត្ត​ច្រើន។ ឥឡូវ​គាត់​ត្រៀម​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ទៀត"។

 

ទឹក​មុខ​ញញឹម​ញញែម នូ ទឹម​ស្រីនៀត ដែល​ចូល​រួម​ជា​កិត្តិយស​កម្មវិធី​ម្សិលមិញ បាន​ថ្លែង​ប្រាប់ Sabay ថា នេះ​ជា​ការងារ​សិល្បៈ​ទី​១ ដែល​នាង​ទទួល​បាន​ក្រោយ​ត្រឡប់​ពី​កម្មវិធី Miss Grand International វិញ ហើយ​នោះ​ជា​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Honda។ "ជា​ការងារ​ទី​១ និយាយ​ទៅ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ដែរ​បង ម្យ៉ាង​បាន​ក្រុមហ៊ុន​ធំ​ទៀត"។

 

ផលិតផល Honda ដែល ស្រីនៀត ត្រៀម​បង្ហាញ​ខ្លួន​នេះ គឺ​ម៉ូតូ Honda Click 2015។ យ៉ាង​ណា​ក៏​ដោយ គិត​ត្រឹម​ម្សិលមិញ​នេះ មិន​ទាន់​មាន​កាល​បរិច្ឆេទ​ច្បាស់​លាស់​ទេ​ថា ស្ប៉ត​ពាណិជ្ជកម្ម​មួយ​នេះ នឹង​ចាប់​ផ្ដើម​ថត​ពេល​ណា។ "ខ្ញុំ​អត់​ដឹង​ច្បាស់​ទេ​បង ថា​ថត​ថ្ងៃ​ណា ចប់​ថ្ងៃ​ណា ទាល់​តែ​ថ្ងៃ​ស្អែក(ថ្ងៃ​នេះ) ខ្ញុំ​ទៅ​ជួប​គេ បាន​ដឹង ថា​ត្រូវ​ចេញ​ថត​ថ្ងៃ​ណា​អី​ថ្ងៃ​ណា!”។

 

 

កញ្ញា នូ ទឹម​ស្រីនៀត ពេល​បង្ហាញ​ខ្លួន​ក្នុង​សន្និសីទ Freshie Girls & Boys ម្សិលមិញ

 

បើ​ទោះ​ទើប​ព្រម​ព្រៀង​គ្នា​ចំពោះ​ស្ប៉ត​ពាណិជ្ជកម្ម​ខាង​លើ​នេះ​មួយ ប៉ុន្តែ​តារា​ម៉ូដែល​វ័យ ១៨​ឆ្នាំ​រូប​នេះ ប្រាប់​ថា កន្លង​មក​នេះ ក៏​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែរ​បាន​ទាក់​ទង គ្រាន់​តែ​មិន​បាន​ឈាន​ដល់​ចំណុច​ឯកភាព​គ្នា​ប៉ុណ្ណោះ។

 

កញ្ញា នូ ទឹម​ស្រី​នៀត អតីត​បេក្ខភាព​លេខ​១​ក្នុង​កម្មវិធី Khmer Super Model ផ្នែក​នារី ដែល​រៀប​ចំ​ដោយ BKA Entertainment។ កញ្ញា ត្រូវ​បាន​បញ្ជូន​ទៅ​ប្រកួត​ក្នុង​កម្មវិធី Miss Grand International នៅ​ប្រទេស​ថៃ។ ជា​លទ្ធផល កញ្ញា បាន​ជាប់​ជយលាភី​ផ្នែក​ប្រជាប្រិយ ដោយ​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​ច្រើន​លើសលុប​ពី​ប្រិយមិត្ត​ទូទាំង​ពិភព​លោក។ កញ្ញា បាន​ឈ្នះ​លើ​បេក្ខភាព មក​ពី​ច្រើន​ប្រទេស​ទូទាំង​ពិភព​លោក មាន​ទាំង​អាស៊ី អឺរ៉ុប អាហ្រិក និង​អាមេរិក​ខាង​ត្បូង​ជាង​ដើម៕

 

អត្ថបទ៖  អស្ចារ្យ…ស្រី​ស្អាត​​កម្ពុជា​ទៅ​ប្រកួត​សម្រស់​ជាមួយ​ពិភព​លោក​ក្នុង​កម្មវិធី Miss Grand International

 

អត្ថបទ៖ ជយោ​…! ទី​បំផុត ស្រីនៀត យុវនារី​របស់​កម្ពុជា​លើក​ពាន​ហើយ(វីដេអូ)

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី