​តារា​​ល្បី​ៗ​ ១០គូ​ ដែល​រៀបការ​ជាមួយ​គ្នា​ដោយ​លួចលាក់

  • 2015-02-18 14:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​ឯកជន​របស់​តារា​ហូលីវូដ​ភាគ​ច្រើន​គឺ​មិន​អាច​រំលង​ពី​ក្រសែ​ភ្នែក​មហាជន និង​អ្នក​សារព័ត៌មាន​បាន​ឡើយ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ជីវិត​ស្នេហាពួកគេ។ តែ​​យ៉ាង​ណា​តារា​ហូលីវូដ​ជា​ច្រើន​នៅ​តែ​អាច​រក្សា​ការ​សម្ងាត់​អំពី​អាពាហ៍ពិពាហ៍​របស់​ពួក​គេ ដោយ​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ ឬ​អ្នក​គាំទ្រ​ណា​ម្នាក់​ដឹង​ឡើយ រហូត​ដល់​មង្គលការ​ពួក​គេ​បាន​បញ្ចប់។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​ល្បី​ ១០​គូ​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ក្នុង​ពិធី​តូចតាច និង​អាថ៌កំបាំង​បំផុត៖

 

១. Cameron Diaz និង Benji Madden

 

 

តារា​សម្ដែង Cameron និង​សង្សារ​វ័យ​ក្មេង Benji បាន​ទាក់ទង​គ្នា​មិន​ដល់​មួយ​ឆ្នាំ​ផង ក៏​បាន​រៀបការ​ជាមួយ​គ្នា​ នៅ​ផ្ទះ​របស់ Cameron កាល​ពី​ខែ​មករា ឆ្នាំ​២០១៥។

 

២. Angelina Jolie និង Brad Pitt

 

បន្ទាប់​ពី​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០១២ Brad និង Angelina បាន​រៀបការ​នឹង​គ្នា​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៤។ មង្គលការ​ពួក​គេ​រៀប​ចំ​នៅ​ប្រទេស​បារាំង ដោយ​មាន​ការ​ជួយ​រៀប​ចំ​ពី​កូន​ៗ​ទាំង​៦​នាក់​របស់​ពួក​គេ​ទៀត​ផង។

 

៣. Megan Fox និង Brian Austin Green

 

តារា​សម្ដែង Megan Fox និង​ស្វាមី Brain Austin Green បាន​រៀប​ការ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១០ នៅ​កោះ Hawaii។ សាក្សី​ក្នុង​មង្គលការ​របស់​ពួក​គេ​គឺ​មាន​តែ​កូន​ប្រុស​ Kassjus របស់​ពួក​គេ​ម្នាក់​គត់។​

 

៤. Beyoncé Knowles និង Jay Z

 

តារា​ចម្រៀង Beyonce Knowles និង Jay Z បាន​រៀប​ការ​ជាមួយ​គ្នា​យ៉ាង​ស្ងប់ស្ងាត់​ នៅ​ទីក្រុង​ញីវយ៉ក កាល​ពី​ខែ​មេសា ឆ្នាំ​២០០៨ ដោយ​មាន​ការ​ចូលរួម​ពី​មិត្ត​ជិតស្និទ្ធ និង​សមាជិក​គ្រួសារ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។

 

៥. Kate Winslet និង Ned Rocknroll

 

តួ​ឯក​ស្រី "Titanic” Kate Winslet និង​ស្វាមី​ទី​៣ Ned Rocknroll បាន​រៀប​ការ​ជាមួយ​គ្នា​​ក្នុង​ពិធី​តូច​មួយ នៅ​ទីក្រុង​ញីវយ៉ក កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។

 

៦. Will Smith និង Jada Pinkett

 

តារា​សម្ដែង Will Smith និង​ភរិយា Jada Pinkett បាន​រៀប​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ កាល​ពី​ឆ្នាំ​១៩៩៧ និង​បាន​ប្រើប្រាស់​កម្លាំង​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មង្គលការ​របស់​ពួក​គេ​មាន​ភាព​ឯកជន​បំផុត។

 

៧. Alicia Keys និង Swizz Beatz

 

តារា​ចម្រៀង Alicia Keys បាន​រៀប​ការ​ជាមួយ​ស្វាមី Swizz Beatz ពេល​កំពុង​មាន​ទម្ងន់​កូន​ប្រុស​ទី​មួយ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១០ នៅ​ប្រទេស​បារាំង។

 

៨. Mariah Carey និង Nick Cannon

 

បើ​ទោះ​ជា​មាន​អាយុ​ខុស​គ្នា​ដល់​ទៅ​១១ឆ្នាំ តារា​ចម្រៀង Mariah Carey និង​ពិធីករ Nick Cannon បាន​រៀប​ការ​ជាមួយ​គ្នា​យ៉ាង​អាថ៌កំបាំង​កាល​ពី​ឆ្នាំ​២០០៨ បន្ទាប់​ពី​ទាក់ទង​គ្នា​បាន​តែ ៦សប្ដាហ៍។ ក្រោយ​រៀបការ​ជាមួយ​គ្នា​បាន ៦ឆ្នាំ ដោយ​មាន​កូន​ភ្លោះ ប្រុស​ម្នាក់​ ស្រី​ម្នាក់​ជាមួយ​គ្នា ពួក​គេ​ក៏​បាន​ចែក​ផ្លូវ​គ្នា​កាល​ពី​ចុង​ឆ្នាំ​២០១៤។

 

៩. Janet Jackson និង Wissam Al Mana

 

នៅ​ឆ្នាំ​២០១២ តារា​ចម្រៀង Janet Jackson វ័យ ៤៦ឆ្នាំ និង​ស្វាមី​ជា​មហាសេដ្ឋី​វ័យ ៣៧ឆ្នាំ មក​ពី​ប្រទេស​កាតារ បាន​រៀបការ​នឹង​គ្នា។ ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​មក​ទើប​តារា​ចម្រៀង​រូប​នេះ​ប្រកាស​សាធារណជន​ថា​ខ្លួន និង​ស្វាមី​បាន​រៀបការ​រួច​ហើយ ដើម្បី​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ដែល​និយាយ​ថា​ពួក​គេ​មាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​អធិកអធម​ជាមួយ​គ្នា។

 

១០. Johnny Depp និង Amber Heard

 

 

ពាក្យ​ចចាមអារ៉ាម​អំពី​អាពាហ៍ពិពាហ៍​រវាង​តារា​សម្ដែង Johnny Depp និង​តារា​ម៉ូដែល Amber Heard បាន​លេច​ឮ​ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​ទី​បំផុត​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ​នៅ​ពេល​ដែល​ពួក​គេ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​កន្លង​ទៅ ៕

ចុច​អាន៖តារា​ស្រី​ល្បី​ៗ ដែល​​បាត់បង់​ភាព​បរិសុទ្ធ​​ជាមួយ​សង្សារ​ជា​​​តារា​ដូច​គ្នា

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ popsugar
អត្ថបទពេញនិយម