កម្មវិធីប្រកួតកំពូលតារាបង្ហាញម៉ូដកម្ពុជា ជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិមួយដែលបានទទួលសិទ្ធិផលិតសម្រាប់ប្រជាជនកម្ពុជាដោយស្ថានីយទូរទស្សន៍ MYTV។ រហូតមកដល់ពេលនេះ គឺជាសប្ដាហ៍ទី១៤ហើយដែលបេក្ខនារីទាំងអស់បានចូលរួមប្រកួតប្រជែងយ៉ាង ស្វិតស្វាញហើយឥឡូវនេះនៅសល់តែបេក្ខនារី៤រូបប៉ុណ្ណោះដែលនៅតែមានសិទ្ធិបន្តការប្រកួតដើម្បីក្លាយជាកំពូលតារាបង្ហាញម៉ូដកម្ពុជាលើកដំបូងបំផុត។
កញ្ញា ដាលីស
ឆ្លងកាត់ការជម្រុះ១៣វគ្គមកហើយហើយកម្មវិធីនេះក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនផងដែរជាពិសេសក្រុមយុវវ័យ។ នៅលើគេហទំព័រហ្វេកប៊ុករបស់កម្មវិធីកំពូលតារាបង្ហាញម៉ូដកម្ពុជាមានអ្នកគាំទ្រជាច្រើនតែងតែជជែកនិងបញ្ចេញយោបល់ផ្សេងៗគ្នាតាមការយល់ឃើញនិងបង្ហាញពីអារម្មណ៍នៃការគាំទ្ររបស់ពួកគាត់ទៅកាន់បេក្ខនារីដែលពួកគាត់គាំទ្រ។ ដោយឡែកអ្នកនាង ចន ច័ន្ទលក្ខិណា ក៏តែងតែបានចូលទៅបញ្ចេញមតិនិងចំណាប់អារម្មណ៍ដែរ ដូចជាការរិះគន់ថាកម្មវិធីធ្វើមិនស្មើភាព អយុត្តិធម៌ឬក៏ថាកម្មវិធីនេះ មានការរៀបចំអ្នកឈ្នះទុកជាមុនជាដើម។ល។ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចោទប្រកាន់ផងដែរថាគណៈកម្មការមិនមានភាពសុក្រិតក្នុងការជ្រើសរើសនិងកែច្នៃរូបថតរបស់បេក្ខនារីដោយអ្នកនាងបាននិយាយថាគណៈកម្មការនិងអ្នកគ្រប់គ្រងផ្នែកថតរូបបានជ្រើសរើសនិងកែច្នៃរូបថតរបស់បេក្ខនារីតែមួយរូបឲ្យស្អាតជាងគេគឺបេក្ខនារី គង់ការ។នេះបើយោងទៅលើការបញ្ចេញមតិនិងការបង្ហោះផ្ទាល់ខ្លួនរបស់អ្នកនាងលើបណ្ដាញសង្គមហ្វេសប៊ុក។
កញ្ញា កេសី
ស្របពេលជាមួយគ្នានេះផងដែរអ្នកគាំទ្រជាច្រើនទៀតបានប្រឆាំងនិងមិនយល់ស្របជាមួយគំនិតរបស់អ្នកនាង ចន ច័ន្ទលក្ខិណាទេព្រោះនេះមិនដូចអ្វីដែលពួកគាត់បានមើលឃើញជាក់ស្ដែងនៅក្នុងកម្មវិធី។
ឆ្លើយតបនឹងបញ្ហាខាងលើអ្នកដឹកនាំកម្មវិធីលោក លី អ៊ុងម៉ារឌី បានមានប្រសាសន៍ថា"យើង មិន អាច ហាមឃាត់បុគ្គលណាក្នុងការបញ្ចេញមតិបានទេព្រោះនេះជាការយល់ឃើញផ្សេងៗ គ្នារបស់មនុស្សម្នាក់ៗ។ ដោយឡែកកម្មវិធីកំពូលតារាបង្ហាញម៉ូដគឺត្រូវបានទិញសិទ្ធិស្របច្បាប់ពីបរទេសហើយ MYTV បានចំណាយអស់ប្រាក់ច្រើនសន្ធឹកសន្ធាប់ក្នុងការផលិត"។ គ្រប់ បែបបទ ទាំងអស់នៃកម្មវិធី ត្រូវ បានកំណត់ ដោយភាគី ម្ចាស់ដើមដោយយើងមិនអាចចេះតែ ធ្វើបានតាមចិត្តនោះទេហើយយើងក៏ចង់បានកម្មវិធីមួយដ៏ល្អសម្រាប់ប្រទេសកម្ពុជាដែរ។ នៅក្នុងកម្មវិធីទាំងមូលមានអ្នកជំនាញមកពីច្រើនផ្នែកក្នុងការធ្វើការជាពិសេសគឺក្រុមគណៈកម្មការដែលសុទ្ធសឹងតែជាអ្នកដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដដូចជាការថតរូបជាដើមគឺយើងមានលោក ចែមវឌ្ឍសុវិន្ទ ដែលជាអ្នកថតរូបផ្នែកម៉ូដដ៏ជំនាញនិងអ្នកច្នៃម៉ូដកញ្ញា ណាតាស្យាវ៉ាន់ ដែលជាងអ្នកច្នៃម៉ូដដ៏ជំនាញនិងជាអ្នកថតរូបមកពីហុងកុងហើយដែលមានការទទួលស្គាល់ជាលក្ខណៈ អន្តរជាតិផងដែរ ដែលគាត់គឺជាអ្នកគ្រប់គ្រងលើផ្នែកនេះ។
កញ្ញា គង់ការ
រាល់ការជ្រើសរើសរូបថតនីមួយៗពួកគាត់បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកថតរូបប្រចាំវគ្គនីមួយៗដោយផ្អែកទៅលើបទពិសោធន៍ជាច្រើនឆ្នាំរបស់ពួកគាត់ហើយការកែច្នៃរូបគឺអាស្រ័យទៅលើអ្នកថតរូបផ្ទាល់តែម្ដង។ ការជម្រុះបេក្ខនារីទៀតសោតគឺមិនមែនចេះតែធ្វើឲ្យតែបានទេ! ក្រុមគណៈកម្មការពិភាក្សាមិនតិចដងឡើយទម្រាំសម្រេចបានម្ដងៗ។ដូចនេះសម្រាប់ការរិះគន់ខ្លះដែលថាកម្មវិធីគ្មានភាពសុក្រឹតយុត្តិធម៌នោះ គឺអាចមកពីពួកគាត់មិនទាន់យល់ច្បាស់ពីកម្មវិធី ឬក៏អាចឲ្យពួកគាត់គាំទ្រទៅលើតែបេក្ខនារីមួយរូបណាដែលគាត់ចូលចិត្តប៉ុណ្ណោះ។
កញ្ញា សុរិយ៉ាន់
យ៉ាងណាក៏ដោយក៏កម្មវិធីប្រកួតកំពូលតារាបង្ហាញម៉ូដកម្ពុជានៅតែបន្តយ៉ាងស្វិតស្វាញដែលបេក្ខនារី៤រូបចុងក្រោយកំពុងតែខិតខំប្រឹងប្រែងរៀងៗខ្លួនដើម្បីទទួលបានជយលាភី។បេក្ខនារី៤រូបនោះរួមមាន កេសី សុរិយ៉ាន់ គង់ការ និង ដាលីស ដែលសុទ្ធសឹងតែជាអ្នកដែលមានសមត្ថភាព៕
អត្ថបទ៖ ដៃគូសហការ