សូរ្យ អេណា សង្វេគខ្លាំង ពេលឃើញស្ថានភាពគ្រួសារពូម៉ៅ
- 2015-02-19 16:47:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូរ្យ អេណា សង្វេគខ្លាំង ពេលឃើញស្ថានភាពគ្រួសារពូម៉ៅ
ចន្លោះមិនឃើញ
ថ្មីៗនេះ កញ្ញា សូរ្យ អេណា បានយកអំណោយ និង ថវិកា មួយចំនួនទៅជូនដល់ លោក ហោ ម៉ៅ សន្តិសុខ ខណ្ឌមានជ័យ ដែលមនុស្សមួយចំនួនស្គាល់លោកតាមរយៈបណ្ដាញសង្គម និង បានឲ្យតម្លៃថា ជាសន្តិសុខគំរូ ដែលកំពុងតែធ្លាក់ខ្លួនឈឺខ្លាំង ទាំងប្ដី-ប្រពន្ធ។ គ្រាន់តែឃើញ ស្ថានភាពក្រុមគ្រួសារមួយនេះ សូរ្យ អេណា ស្ទើរស្រក់ទាំងភ្នែក ។ នេះជា ការបញ្ជាក់ ពីអតីត កញ្ញាឯកទេសចរណ៍ឆ្នាំ ២០១៣ ប្រាប់ Sabay ។
កញ្ញា សូរ្យ អេណា បានលើកឡើងថា គ្រាន់តែទទួលបានដំណឹងថា ពូម៉ៅ ធ្លាក់ខ្លួនឈឺទាំងប្ដី ទាំងប្រពន្ធ នាងបានអំពាវនាវទៅមិត្តភ័ក្ដិ ដើម្បីស្វែងរកថវិកាជួយដល់គាត់ ព្រោះពូម៉ៅជាមនុស្សល្អ ហើយមានជីវភាពក្រីក្រខ្លាំង។ អំណោយដែលអេណា រៃអង្គាសបានមានដូចជា មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ទឹកដោះគោ ទឹកផ្លែឈើ ជាដើម រួមទឹកប្រាក់ ២៦០ ដុល្លារ ហើយនាងបានយកទៅជូនពូម៉ៅ កាលពី ៣ ថ្ងៃមុន។ កញ្ញា អេណា និយាយបន្ថែម។
តាមសម្ដី កញ្ញាឯកទេសចរណ៍ឆ្នាំ ២០០៣ រូបនេះ បានប្រាប់ថា ផ្ទះរបស់ពូម៉ៅ នៅច្រកតូចមួយជិតផ្សារច្បារអំពៅ ដោយផ្លូវចូលតូចលំបាក។ ពូម៉ៅ និង ប្រពន្ធគាត់ឈឺ ដេកដួលទាំង ២ នាក់ បច្ចុប្បន្នមានតែកូនស្រី ម្នាក់ជួយមើលថែទាំ ហើយត្រូវទៅធ្វើការជាកម្មកររោងចក្រផង ដើម្បីជួយចិញ្ចឹមឪពុក-ម្ដាយ។ នៅពេលឃើញ ស្ថានភាពបែបនេះ នាងសង្វេគជាខ្លាំង ក្រោយត្រឡប់មកវិញតារាម៉ូដែលស្រីម្នាក់នេះបានបង្ហោះសកម្មភាព ឲ្យមិត្តភ័ក្ដិនាងបានដឹង។
បច្ចុប្បន្ន មានមិត្តភ័ក្ដិនាងម្នាក់បានឲ្យប្រាក់ ១០០ ដុល្លារ ថែមទៀត ដើម្បីជូនពូម៉ៅ ប៉ុន្តែ ដោយជាប់រវល់ប្រហែលជារួចចូលឆ្នាំចិនហើយ នាងយកទៅជូនគាត់ម្ដងទៀត។
ម្សិលមិញនេះ លោក ហោ ម៉ៅ បានប្រាប់ Sabay តាមរយៈទូរសព្ទថា លោកបានធ្លាក់ខ្លួនឈឺស្លាប់មួយចំហៀងខ្លួនជាង ១០ ថ្ងៃ មកហើយ ដោយសារជំងឺលើសឈាមជាច្រើនឆ្នាំ ចំណែកប្រពន្ធ របស់លោកក៏មានជំងឺស្លាប់មួយចំហៀងខ្លួនដូចគ្នា។
ពូម៉ៅបានបន្តទៀតថា លោកជាមនុស្សមិនចេះអក្សរទេ ហើយលោកបានចូលធ្វើជាសន្តិសុខ ឲ្យខណ្ឌមានជ័យ តាំងពីឆ្នាំ ១៩៨៥ មក ដោយទទួលបានប្រាក់ឧបត្ថម្ភ ១២ ម៉ឺនរៀលក្នុងមួយខែ។
ដំបូងឡើយលោក ធ្វើជាអ្នកសម្រួលចរាចរណ៍នៅម្ដុំលូ ៥ ផ្លូវវ៉េងស្រេង ហើយក្រោយមក បានប្ដូរ មកធ្វើនៅ ចាក់អង្រែក្រោមវិញ។
លោក ម៉ៅ បាននិយាយទៀតថា តាំងពីដួលស្លាប់មួយចំហៀងខ្លួនមក លោកមិនអាចងើបដើរបានទេ គឺបានតែរំកិលតែប៉ុណ្ណោះ។ប្រាក់ឧបត្ថម្ភរបស់លោក ១២ ម៉ឺន រៀលដែលលោក ទទូលបាន ត្រូវទិញថ្នាំលេបខ្លួនឯងផង ប្រពន្ធផង និង អ្វីដែលធ្ងន់ជាងនេះ លោកត្រូវសន្សំប្រាក់ ដើម្បីសង់ថ្លៃជំពាក់គេ ១១៥០ ដុល្លារ ថែមទៀត។
ចុះបើធ្លាក់ខ្លួនឈឺទាំងប្ដីទាំងប្រពន្ធបែបនេះ តើអនាគតពូម៉ៅថ្ងៃមុខទៅជាយ៉ាងណា? ប្រសិនបើប្រិយមិត្ត ចង់ឧបត្ថម្ភដល់ លោកម៉ៅ អាចទាក់ទងទៅលេខទូរសព្ទរបស់លោកផ្ទាល់តាមរយៈលេខ 092 968 110 ។
អានអត្ថបទ៖ តោះ!…មើលតារាស្រីស្អាតៗស្លៀកពាក់បែបប្រពៃណីចិន រូបថត៖ ផ្ដល់ឲ្យដោយសូរ្យ អេណា
អត្ថបទ៖ ខុត សីហា