អ្នកដឹកនាំរឿង ដែលមានប្រវត្តិហុតទឹកគុយទាវសល់ពីគេ ជឿជាក់លើស្នាដៃទី៣
- 2015-02-20 13:01:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដឹកនាំរឿង ដែលមានប្រវត្តិហុតទឹកគុយទាវសល់ពីគេ ជឿជាក់លើស្នាដៃទី៣
ចន្លោះមិនឃើញ
លោក ចាន់ណា រ៉ូណាន អ្នកនិពន្ធដែលធ្លាប់មានប្រវត្តិកម្សត់តស៊ូដល់ថ្នាក់ ហុតទឹកគុយទាវសល់ពីគេដើម្បីសម្រន់ការស្រេកឃ្លាននោះ ពេលនេះកំពុងផ្ញើក្ដីសង្ឃឹមមុតមាំលើខ្សែភាពយន្តស្នាដៃដឹកនាំរឿងទី៣របស់លោក រឿង "៧ថ្ងៃ" បន្ទាប់ពីរឿង "ខ្លាចអី! សើចតើ!" និងបេសកកម្មស៊ីម២"។
ភាពយន្តខ្នាតធំរឿង "៧ថ្ងៃ" គឺជាផលិតផលភាពយន្តទី១របស់ផលិតកម្ម Rich Kids Media ដែលមានភាគហ៊ុន សិង្ហបុរី ម៉ាឡេស៊ី និងថៃ បន្ទាប់ពីផលិតកម្មនេះ ទើបបានជោគជ័យលើវីដេអូចម្រៀងទី១ "ទឹកភ្លៀងទឹកភ្នែក" កាលពីចុងឆ្នាំ ២០១៤។ តាមលោក ចាន់ណា រ៉ូណាន ជាអ្នកដឹកនាំរឿង អះអាងថា ដោយសារតែរឿងទី១ រឿង" ៧ថ្ងៃ" ត្រូវបានសម្រិតសម្រាំងបំផុត អីចឹងហើយលោកសង្ឃឹមមុតមាំ ថានឹងជោគជ័យ ១០០%។
លោក ចាន់ណា រ៉ូណាន
“យើងបានព្យាយាម សម្រិតសម្រាំងណាស់ ទាំងសាច់រឿង និងគុណភាព អីចឹងហើយខ្ញុំមានការរំពឹងទុក និងជឿជាក់ថានឹងមានការគាំទ្រច្រើនមិនខាន និយាយទៅយើងបានប្ដេជ្ញាចិត្តខ្លាំងណាស់សម្រាប់រឿងនេះ "។ រ៉ូណាន ថ្លែងពីការជឿជាក់។
សញ្ញាណល្អមួយ ជាដើមទុនដែលហ៊ានឲ្យអ្នកនិពន្ធមកពីខេត្តបន្ទាយមានជ័យរូបនេះមានជំនឿចិត្តខ្លាំងដូច្នេះ ក៏ដោយសារថា គ្រាន់តែចេញ Trailer លើបណ្ដាញសង្គម និង Youtube មានប្រិយមិត្តជាច្រើនរួចទៅហើយ បានបង្ហាញការគាំទ្រ។
"៧ថ្ងៃ" ត្រៀមនឹងចាក់បញ្ចាំងនៅដើមខែក្រោយនេះ នៅរោងភាពយន្តនានានៅរាជធានី។ តាមសាច់រឿង នេះគឺជាខ្សែភាពយន្តខ្មោចកំប្លែង ដែលនិយាយពីខ្មោចមួយក្រុម ព្រលឹងនៅដើមជ្រៃដុះមាត់ផ្លូវជាតិ។ ខ្មោច ទាំងនោះតែងតែចេញលងបន្លាចអ្នកស្រី មនោរថ សម្ដែងដោយ នី មុន្នីនាថ ដែលមានប្តីបរទេស និងជាមនុស្សមានកែវភ្នែកពិសេសអាចមើលឃើញខ្មោច។
មនោរថ រស់នៅខុនដូរមួយ ដែលមានទំនាក់ទំនងរាប់អានជិតស្និទ្ធ ជាមួយអ្នកជិតខាង បងប្អូនប្រុសស្រី លោកគ្រូពេទ្យឆ្មប និងលោកមេធាវី។ ថ្ងៃមួយពួកគេបបួលគ្នាធ្វើដំណើរទៅកំសាន្ត ភូមិកំណើត បងប្អូនប្រុសស្រី ដែលត្រូវឆ្លងកាត់ដើមជ្រៃ ហើយត្រូវក្រុមខ្មោចចេញមកស្ទាក់លង ធ្វើអោយពួកគេភ័យខ្លាច រេចង្កូតឡានបុកដើមជ្រៃ ហើយអ្នកស្រី មនោរថ ក៏បានស្លាប់។
គ្រប់ 7ថ្ងៃ អ្នកស្រី មនោរថ ក៏បានចេញបង្ហាញខ្លួន ក្នុងមួយរាត្រីៗ។ ភាពភ័យរន្ធត់ សំណើចសើចចុកពោះ ក៏ចាប់ផ្ដើមពីពេលនោះ។ រឿង "៧ថ្ងៃ" នឹងចាក់បញ្ចាំងនៅថ្ងៃទី ០៦ មីនា ២០១៥ នៅរោងភាពយន្ត Major Cineplex By Cellcard, Platinum Cineplex និង Legend គ្រប់សាខា។
វិលមកលោក ចាន់ណា រ៉ូណានវិញ លោកមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។ មុនចាប់ផ្ដើមជីវិតជាអ្នកនិពន្ធ និងដឹកនាំរឿង រ៉ូណាន ដំបូងឡើយ គឺជាកូនអ្នកធូរធារដោយឪពុករបស់លោកមានដីស្រែជាច្រើនហិកតា មានកម្មករ និងគោយន្តជាច្រើនទៀត ប៉ុន្តែអ្វីបានផ្លាស់ប្ដូរស្ទើរមិនគួរឲ្យជឿនៅគ្រាមួយ ក្រោយពីឪពុកលោកចាញ់បោកគេរហូតអស់ទ្រព្យ។
ជីវិតដែលមិនស្គាល់អ្វីហៅថា ការលំបាក ក៏បានផ្លាស់ប្ដូរ១៨០ដឺក្រេ។ ចាន់ណា រ៉ូណាន ដែលប្រាប់ថា មិនដែលស្គាល់មុខម្ដាយ គឺរស់នៅជាមួយឪពុកតាំងពីតូចរហូតពេញវ័យនោះ ថ្លែងថា លោកបានជួបជីវិតដ៏លំបាកលំបិនមួយ ខណៈឪពុកលោកស្ទើររកលុយឲ្យកូនទៅរៀនមិនបាន។
http://youtu.be/5YxgLRRsvU8
នៅ ២០០៦ ដោយសារជីវភាពកាន់តែលំបាក ក្រោយរៀនចប់វិទ្យាល័យ លោកបានសុំឪពុកឡើងមករកការងារធ្វើនៅភ្នំពេញជួយទប់ជីវភាពគ្រួសារ ហើយការងារពេលនោះ គឺជាអ្នករត់តុគុយទាវ។ អ្នកនិពន្ធវ័យ ២៩ឆ្នាំរូបនេះ ប្រាប់ថា ដោយសារប្រាក់ខែតិចចាយមិនគ្រប់ ពេលខ្លះឃ្លានពេក ដាច់ចិត្តហុតទឹកស៊ុបក្នុងចានសល់ពីគេ ដើម្បីសម្រន់ការស្រេកឃ្លានទៀត។
ក្រោយមកដោយសារនិស្ស័យ ដោយការស្វះស្វែង លោកបានចូលមកធ្វើជាតារាចម្រៀងក្នុងក្រុម De5nite។ បន្តបន្ទាប់មក លោកត្រូវបានបង្ហាត់បង្រៀនដោយលោក ជ័យ រិទ្ធា និងរៀមច្បងដៃទៀត រហូតក្លាយជាអ្នកនិពន្ធ និងដឹកនាំរឿងដែលកន្លងមក លោកធ្លាប់មានបទពិសោធន៍ដឹកនាំរឿង "ខ្លាចអី! សើចតើ!" និងបេសកកម្មស៊ីម២" ហើយរឿង "៧ថ្ងៃ" នេះគឺជារឿងទី៣។
រ៉ូណាន ថ្លែងថា តាមរយៈរឿង "៧ថ្ងៃ" លោករំពឹងថា ប្រិយមិត្តកាន់តែស្គាល់លោក ព្រោះចង់បានជោគជ័យឧទ្ទិសទៅវិញ្ញណក្ខន្ធឪពុកដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីប្រមាណ ១០ឆ្នាំមុន៕
អត្ថបទ៖ ទារិកា