Apple គ្រោងនឹងផលិតរថយន្តដើរថាមពលអគ្គិសនីនៅឆ្នាំ ២០២០
- 2015-02-20 17:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple គ្រោងនឹងផលិតរថយន្តដើរថាមពលអគ្គិសនីនៅឆ្នាំ ២០២០
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple គ្រោងនឹងផលិតរថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើបមួយនៅឆ្នាំ ២០២០ ដើម្បីប្រជែងនឹងក្រុមហ៊ុនផលិតរថយន្តល្បីៗចំនួនពីររបស់អាមេរិកគឺ Tesla Motors និង General Motors។ នេះបើយោងតាមសារព័ត៌មាន Bloomberg។
បើតាមប្រភពដែលបានដឹងពីគម្រោងផលិតរថយន្តរបស់ Apple ប្រាប់ទៅ Bloomberg ថា ក្រុមហ៊ុនមួយនេះនឹងត្រូវចំណាយពេលរហូតដល់ទៅ ៥ឆ្នាំ ទើបអាចសម្រេចគម្រោងផលិតរថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីប្រជែងនឹង Tesla និង GM បាន។
ដើម្បីឱ្យគម្រោងនេះទទួលបានជោគជ័យនៅក្នុងឆ្នាំ ២០២០ Apple បានជួលបុគ្គលិកមានជំនាញផ្នែករថយន្ត ២០០នាក់។ ប៉ុន្តែគម្រោងផលិតរថយន្តនេះនឹងត្រូវលុបចោលឬពន្យារពេល ប្រសិនបើថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Apple មិនពេញចិត្ត នៅពេលដែលគម្រោងនេះដំណើរការមិនសូវល្អ។
ចំពោះដំណើរការស្វះស្វែងរកកម្លាំងបន្ថែម Apple ត្រូវបានក្រុមហ៊ុន A123 Systems, LLC ដែលល្បីឈ្មោះផ្នែកផលិតថ្មនិងអាគុយប្រភេទ Lithium-ion ប្តឹងថា Apple បានលួចជួលបុគ្គលិករបស់ខ្លួនចំនួន ៥រូប ហើយក៏កំពុងតែព្យាយាមជួលបុគ្គលិកជំនាញផ្នែកថ្មនិងអាគុយបន្ថែមទៀតពីក្រុមហ៊ុនចំនួន ៥ (LG Chem Ltd, Samsung Electronics Co., Panasonic Corp., Toshiba Corp. និង ក្រុមហ៊ុន Johnson Controls Inc., ) ដើម្បីផលិតអាគុយ ដែលមានស្តង់ដារដូចខ្លួន៕
ចាំមើលថា តើគម្រោងផលិតរថយន្តដើរដោយថាមពលអគ្គិសនីរបស់ Apple នៅឆ្នាំ ២០២០ អាចនឹងសម្រេចដូចគោលដៅ ដែលបានគ្រោងទុកដែរឬទេ?
អាន៖ ប្រើឡានទំនើបយូរហើយ តិចអត់ដឹងគេផលិតសំបកកង់ម៉េច?
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ bloomberg