ទម្លាយ​អត្តសញ្ញាណ​.​.​.​!ស្រី​ស្អាត​របស់​ខ្មែរ​យើង ក្នុង​ភាពយន្ត​ខ្នាត​ធំ​របស់​ថៃ

  • 2015-02-23 17:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​ភ្ញាក់​ផ្អើល​លើ​បណ្ដាញ​សង្គម​ថ្មី​ៗ​នេះ អំពី​វត្តមាន​ដ៏​កម្រ​របស់​សិល្បការិនី​ខ្មែរ​យើង​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយ​រឿង​របស់​ប្រទេស​ថៃ គឺ​រឿង "ខ្មោច​អ្នក​របាំ" ឬ "Under The Mask”។ តែ​តាម​ពិត...ស្រី​ស្អាត​រូប​នោះ គឺ​កញ្ញា នៅ ម៉ារីសា តារា​ស្រី​ដែល​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ក្នុង​រឿង "អូន​ជា​ការ​ចង​ចាំ​បង" ឬ "You Are My Memory” ។ សាមី​ខ្លួន​ប្រាប់ Sabay នៅ​ព្រឹក​នេះ។

 

 

ម៉ារីសា ប្រាប់​ថា ជា​លើក​ទី​១​របស់​កញ្ញា​ដែល​បាន​ចូល​រួម​ក្នុង​ភាពយន្ត​ខ្នាត​ធំ​របស់​ថៃ ហើយ​ថា កញ្ញា​បាន​ចូល​រួម​ថត​រឿង​នេះ​ប្រមាណ​ជា ១​ឆ្នាំ​មក​ហើយ។ "ថត​យូរ​ដែរ​ហើយ ហើយ​គេ​ក៏​បាន​បើក​សម្ពោធ​នៅ​ប្រទេស​ថៃ​រួច​ហើយ​ដែរ ប៉ុន្តែ​អត់​ច្បាស់​ថា គេ​នឹង​យក​ទៅ​ដាក់​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត​ឬ​ក៏​អត់​ទេ​បង"។

 

ដើម​ហេតុ​ដំបូង​ដែល​នាំ​ឲ្យ​នាង​បាន​ចូល​រួម​ក្នុង​រឿង​ខាង​លើ ម៉ារីសា ប្រាប់​ថា ដោយ​សារ Producer របស់​នាង​នៅ​កម្ពុជា ស្គាល់​គ្នា​ជាមួយ Producer នៅ​ថៃ។ទន្ទឹម​ភាគី​ថៃ​ត្រូវ​ការ​តួ​សម្ដែង​ដែល​ចេះ​រាំ​របាំ ខណៈ​នាង​ក៏​ចេះ​ស្រាប់​ផង ទើប​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​តែ​ម្ដង។ "គេ​ត្រូវ​ការ​អ្នក​ដែល​ចេះ​រាំ​របាំ ចៃដន្យ​អី​ខ្ញុំ​ចេះ កាល​រៀន​នៅ​សាលា​អង់គ្លេស អីចឹង​ក៏​ព្រម​ព្រៀង​ទៅ​ថត​តែ​ម្ដង​ទៅ!”។

 

ឈុត​ដែល​បង្ក​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ ម៉ារីសា នោះ គឺ​ឈុត​នៅ​ក្នុង​ព្រៃ ដែល​គេ​បាន​ឃើញ​តារា​ស្រី​ម្នាក់​ដែល​ស្លៀក​សំលៀក​បែប​ប្រពៃណី​ប្រចាំ​តំបន់  ដៃ​កាន់​ផ្កា​ព្រៃ​លើ​ក​ដៃ​ប្រណម្យ​សុំ​សេចក្ដី​សុខ​គេច​ពី​គ្រោះ​អាសន្ន​ជា​ភាសា​ខ្មែរ​ថា "សូម​ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​អស់​ដែល​នៅ​ទី​នេះ សូម​ជួយ​ថែ​រក្សា​ពួក​នាង​ខ្ញុំ...”។

 

 

តារា​ស្រី​វ័យ ២០​ឆ្នាំ​រូប​នេះ ប្រាប់​ខ្លី​ៗ​តាម​ដំណើរ​រឿង​ថា ខ្មោច​ដែល​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​ព្រៃ​នោះ គឺ​ជា​អ្នក​រាំ​របាំ​ដ៏​ល្បី ពោល​គឺ​ជា​គ្រូ​របាំ​ដ៏​ឆ្នើម​មួយ​រូប។ ក្រោយ​ស្លាប់​ទៅ ប្រសិន​បើ​នរណា​មាន​ចេតនា​មិន​ល្អ​នៅ​ក្នុង​ព្រៃ​នេះ នឹង​ត្រូវ​ខ្មោច​អ្នក​របាំ​តាម​លង និង​កាច់​ស្លាប់​មិន​ខាន។

 

“សម្រាប់​ខ្ញុំ អត់​មាន​ធ្វើ​អី​អាក្រក់​ទេ ខ្ញុំ​ទៅ​ព្រៃ​នោះ ព្រោះ​តែ​ចង់​សុំ​សេចក្ដី​សុខ ព្រោះ​ខ្មោច​នោះ​ជា​គ្រូ​របាំ ឯ​ខ្ញុំ​ក៏​ជា​អ្នក​រាំ​របាំ អីចឹង​តាម​សាច់​រឿង គឺ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ពី​កម្ពុជា គឺ​ដើម្បី​បន់​ស្រន់​សុំ​សេចក្ដី​សុខ​ប៉ុណ្ណោះ!”។ ម៉ារីណា បន្ថែម។

 

នៅ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​របស់​ថៃ​ខាង​លើ​នេះ ម៉ារីសា មាន​វត្តមាន​ត្រឹម​តែ​ពីរ​ទៅ​បី​ឈុត​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី តារា​សម្ដែង និង​ជា​ពិធីការិនី​រូប​នេះ ប្រាប់​ថា​កញ្ញា​មាន​មោទនភាព​ណាស់ ព្រោះ​តំណាង​ជា​ខ្មែរ។ "ក្នុង​រឿង​នេះ មាន​តួ​ច្រើន មាន​ភូមា​អី​ដែរ​បង...​ខ្ញុំ​ចេញ​ពីរ​បី​ឈុត​ទេ តែ​និយាយ​ទៅ​ដូច​មោទនភាព​ដែរ ព្រោះ​តំណាង​ឲ្យ​ខ្មែរ​អីចឹង​ណាស់ ម្យ៉ាង​ក្នុង​រឿង​ខ្ញុំ​ក៏​និយាយ​ខ្មែរ​ដែរ"។

 

 

កញ្ញា នៅ ម៉ារីសា (រូបថត៖ FB ម៉ារីសា)

 

នៅ ម៉ារីសា បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ភាពយន្ត​ខ្នាត​ធំ​មួយ​រឿង​របស់​ផលិតកម្ម Rock មាន​ចំណង​ជើង​ថា "អូន​ជា​ការ​ចង​ចាំ​បង" ឬ "You Are My Memory”។ យ៉ាង​ណា​ក៏​ដោយ នេះ​មិន​មាន​ជា​ស្នាដៃ​លើក​ដំបូង​របស់​តារា​ស្រី​វ័យ​ក្មេង​រូប​នេះ​ទេ។ ម៉ារីសា ដែល​ចូល​សិល្បៈ​តាំង​ឆ្នាំ ២០១១ ប្រាប់​ថា​រឿង​ដំបូង​របស់​នាង គឺ​រឿង "រលក​បោក​ខ្សាច់" របស់​ផលិតកម្ម Rock។

 

ក្រៅ​ពី​នេះ នាង​ក៏​ធ្លាប់​ថត ភាពយន្ត​ខ្នាត​ខ្លី និង​ស្ប៉ត​ពាណិជ្ជកម្មជា​ច្រើន​ទៀត​ដូច​ជា ELT poster , Freshy Orange juice and Freshy love , my color my Freshy . Revlon milk bath និង​ស្ប៉ត​របស់​ផលិតផល​សំបក​យានយន្ត dee stone ជាដើម។ "អូន​ជា​ការ​ចង​ចាំ​បង" ឬ "You Are My Memory” គឺ​ជា​ស្នាដៃ​ចុង​ក្រោយ គិត​ត្រឹម​ពេល​នេះ ប៉ុន្តែ​ឆាប់​ៗ​នេះ នាង​ត្រៀម​ថត​រឿង​ភាគ​បន្ត​បន្ទាប់​ទៀត៕

 

http://youtu.be/jfkacuAfKA0

 

អត្ថបទ៖ ទារិកា ​