ស៊ិន យូបីន ថា​អត់​ទាន់​ប្រទះ​ឈុត​ក្ដៅ​សាច់

  • 2015-02-24 16:58:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ជាប់​ជយលាភី​លេខ​១ ក្នុង​កម្មវិធី Freshie Girls & Boys ឆ្នាំ ២០១៣ និង​ចាប់​អាជីព​សម្ដែង​ភាពយន្ត​នា​ដើម​ឆ្នាំ ២០១៥​នេះ តារា​សម្ដែង​វ័យ​ក្មេង ស៊ិន យូបីន ប្រាប់​ថា មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​ប្រទះ​ឈុត​ស្នេហា​រោលរាល​ណា​មួយ​នៅ​ឡើយ​ទេ។

 

យូប៊ីន ថ្លែង​ដូច្នេះ បន្ទាប់​ពី​​កន្លង​មក នាង​ធ្លាប់​បាន​ព្រលយ​ថា នាង​បាន​ត្រៀម​រួច​ស្រេច​ហើយ ចំពោះ​ឈុត​សម្ដែង​ទាំង​ឡាយ ព្រោះ​ជ្រុល​ជា​មាន​ឈ្មោះ​ជា​តារា​សម្ដែង​ទៅ​ហើយ ត្រូវ​សម្ដែង​ឲ្យ​ដល់ ទោះ​ឈុត​អ្វី​ក៏​ដោយ ក្នុង​នោះ​មាន​ទាំង​ឈុត​ថើប​មាត់​គ្នា​ជា​ដើម។ ប៉ុន្តែ​ឆ្លង​កាត់​ការ​សម្ដែង​ចំនួន​ពីរ​រឿង​កន្លង​មក​នេះ គឺ​នាង​ប្រាប់​ថា ជួប​តែ​ឈុត​ធម្មតា​ៗ​ប៉ុណ្ណោះ។

 

 

"មាន​ត្រឹម​ឱប​ប៉ះ​ដៃ​ប៉ះ​ជើង​អី​ប៉ុណ្ណឹង អត់​ដែល​ជួប​ឈុត​ស្នេហា អី​អីចឹង​ផង"។ ទោះ​យ៉ាង​នេះ​ក្ដី តួឯក​ស្រី​ក្នុង​រឿង "និស្ស័យ​ស្នេហ៍​ខ្ញុំ" រូប​នេះ ក៏​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា នាង​មិន​ទន្ទឹង​ឈុត​សម្ដែង​ទាំង​នោះ​ឡើយ បើ​ទោះ​នាង​ដឹង​មុន​ហើយ​ថា ជីវិត​ជា​តារា​សម្ដែង​លែង​អី នឹង​ជួប​ប្រទះ។

 

"ឲ្យ​ទន្ទឹង មាន​អី​ត្រូវ​ទន្ទឹង​បង...តែ​បើ​ទៅ​មុខ​ទៀត​មាន​ឈុត​អីចឹង...ដូច​ខ្ញុំ​ធ្លាប់​ប្រាប់​បង​ហើយ​ថា ត្រូវ​តែ​ដាក់​ចិត្ត​សម្ដែង ប៉ុន្តែ​ត្រូវ​ប្រាកដ​ដែរ​ថា គឺ​ត្រឹម​លក្ខខណ្ឌ​ទទួល​យក​បាន​ប៉ុណ្ណោះ បើ​ហួសហេតុ​ពេក គឺ...អត់​ទេ!”។

 

ស៊ីន យូប៊ីន ជា​អតីត​ជយលាភី​លេខ​១ ក្នុង​កម្មវិធី Freshie Girls & Boys ជំនាន់​ទី​១២។ ដែល​បន្ទាប់​ពី​ជយលាភី​នោះ តារា​ស្រី​វ័យ ១៩​ឆ្នាំ​រូប​នេះ ទទួល​ការងារ​ច្រើន​តែ​លើ​ស្ប៉ត​ពាណិជ្ជកម្ម​ក្នុង​នោះ​មាន​ដូច​ជា ស្ប៉ត​ភេស្ជជៈ​ប៉ូវ​កំលាំង M150 ស្ប៉ត​ស្រាបៀ Angkor Beer និង​ស្ប៉ត​ពាណិជ្ជកម្ម​ទឹក​អនាម័យ​ស្ត្រី PH Care ជា​ដើម។

 

 

 

រហូត​មក​ដល់​ដើម​ឆ្នាំ ២០១៥​នេះ ទើប​និស្សិត​ឆ្នាំ​ទី៣ ផ្នែក​អ្នក​ឌីហ្សាញ​ជាន់​ខ្ពស់​នៅ​សាកលវិទ្យាល័យ​ស៊ីតិច​រូប​នេះ ចាប់​ផ្ដើម​ការងារ​សម្ដែង។ ភាពយន្ត​បើក​ទំព័រ​សម្ដែង​របស់ យូប៊ីន គឺ​រឿង "និស្ស័យ​ស្នេហ៍​ខ្ញុំ" ជា​ប្រភេទ​រឿង​ភាគ ដែល​ទើប​ចាក់​បញ្ចាំង​ចប់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ MyTV ថ្មី​ៗ។ រឿង​ទី​២របស់​នាង គឺ​រឿង "អូន​ជា​ការ​ចង​ចាំ​បង" ឬ "You Are My Memory”។

 

យូប៊ីន ប្រាប់​ថា នាង​អាច​នឹង​មាន​ចេញ​ស្នាដៃ​បន្តបន្ទាប់​ទៀត ខណៈ​បច្ចុប្បន្ន​មាន​ផលិតកម្ម​មួយ​ចំនួន​បាន​ទាក់​ទាញ​នាង​ហើយ ដោយ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា៕

 

អត្ថបទ៖ ទារិកា