​ករណី​ជាប់​បាក់​ឌុប​ស្វ័យ​ប្រវត្តិ​របស់​ ស៊ន​ សៀវ​ម៉ី នាំ​ឲ្យ​មាន​​ការ​​​​​ពន្យល់​​​ពី​មន្រ្តី​អប់រំ​

  • 2014-10-06 17:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​​​ បាន​ពន្យល់​​​ ចំពោះ​​ករណី ​​ពិសេស​ ដែល​​​​​អនុញ្ញាត​​ឲ្យ​ម្ចាស់​មេដាយ​មាស ​​​​​Asian Games 2014 ​កម្ពុជា​ កញ្ញា​ ស៊ន សៀវ​ម៉ី​ ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(បាក់​ឌុប) ដោយ​ស្វ័យ​ប្រវត្តិ​​។ ករណី​ពិសេស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​​​ ខណៈ​​ការ​ប្រលង​​បាក់​ឌុប​​ត្រូវ​បាន​​កែ​ទម្រង់​​ និង​មាន​​ការ​រឹត​បន្តឹង​ខ្លាំង​។

 

លោក រស់​ សាលីន មន្រ្តី​​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ បាន​​ប្រាប់​ Sabay ថា​ នេះ​គឺជា​​​ករណី​​ ពិសេស​​ដំបូង​​​បង្អស់​ និង​ពុំ​ធ្លាប់​មាន​​​នៅ​កម្ពុជា​ ចំពោះ​ការ​​​​ការ​អនុញ្ញាត​ឲ្យ​​ម្ចាស់​មេដាយ​មាស​Asian Games ជាប់​បាក់​ឌុប​ ដោយ​ស្វ័យ​ប្រវត្តិ​។ លោក​ថា​ កញ្ញា​ សៀវ​ម៉ី ​បាន​​នាំ​មក​នូវ​​កិត្តិយស​ដ៏​ធំ​ធេង​ជូន​ជាតិ​មាតុភូមិ​។​ ដូច្នេះ​​ហើយ​ ទើប​​​​មាន​ការ​ស្នើរ​​​ឲ្យ​កញ្ញា​ជាប់​បាក់​ឌុប​​ ដោយ​ស្វ័យ​ប្រវត្តិ​បែប​នេះ​ពី​រាជ​រដ្ឋាភិបាល​​។ "តាំង​ពី​មុន​មក​​ យើង​ពុំ​ដែល​មាន​​ករណី​ពិសេស​​​​បែប​នេះ​ ប៉ុន្តែ​ដោយ​សារ​គាត់​គឺ​ជា​ម្ចាស់​មេដាយ​មាសAsian Games ​។ ម្យ៉ាង​​នៅ​ប្រទេស​​គេ​ក៏​មាន​​ការ​លើក​ទឹក​ចិត្ត​បែប​នេះ​ដែរ។ ជាក់​ស្តែង​​នៅ​ប្រទេស​បារាំង​ កីឡា​ករ​​ដែល​​​ដណ្តើម​បាន​ជ័យ​លាភី​ប្រចាំ​សាលា​​ គឺ​សាលា​​បាន​ថែម​ ពិន្ទុ​ឲ្យ​​​ ចុះ​ទម្រាំ​មេដាយ​មាស​​​?​”។

 

 

​ជា​ប្រវត្តិសាស្រ្ត​​ថ្មី​​ជូន​ជាតិ​មាតុ​ភូមិ​ បន្ទាប់​ពី​បាន​ខក​ខាន​​​ជាង​៤០ ឆ្នាំ​​ កញ្ញា​ ស៊ន សៀវម៉ី​ បាន​ដណ្តើម​បាន​​មេដាយ​មាស​ក្នុង ​មហា​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ Asian Games 2014 ក្នុង​ទី​ក្រុង​អ៊ីនឆន​ ប្រទេស​កូរ៉េ​ខាងត្បូង ។​ កញ្ញា​​ និង​ក្រុម​​អត្តពលិក​ដល់​ប្រលាន​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ​​​​កាល​ពី​​យប់​មិញ​នេះ​ ជាមួយ​នឹង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​ អ្នក​គាំទ្រ​ និង​រាជរដ្ឋាភិបាល​កម្ពុជា​តាំង​ពី​ប្រលាន​យន្តហោះ​ ដល់​វិមាន​សន្តិភាព​​។

​​

ជុំវិញ​​​ករណី​នេះ​ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​បាន​អបអរ​សារ​ទរ​ចំពោះ កញ្ញា សៀវ​ម៉ី​ ដែល​បាន​​​​​នាំ​​មក​នូវ​កិត្តិយស​ជូន​ជាតិ​ ។ ​ប៉ុន្តែ​ការ​​អនុញ្ញាត​ឲ្យ​ជាប់​សញ្ញាបត្រ​​បាក់​ឌុប​ ដោយ​ស្វ័យ​ប្រវត្តិ​​គឺ​ជា​​​ប្រការ​មួយ​ ខុស​លក្ខណៈ​បច្ចេកទេស​។ ក្រសួង​អប់រំ​អាច​​មាន​និតិ​វិធី​​ច្រើន​​ជួយ​ កញ្ញា​ ឲ្យ​ជាប់​សញ្ញាបត្រ​បាក់​ឌុប​​បាន​ ប៉ុន្តែ​មិន​គួរ​ប្រកាស​ជា​សាធារណៈ​នោះ​ទេ។ "​នេះ​គឺ​ជា​ការ​ទទួល​បាន​ជ័យលាភី​ថ្នាក់​តំបន់​ ​និង​នាំ​មក​នូវ​កិត្តិយស​ដ៏​ឧត្តុង្គ​ឧត្តម​ជាទី​បំផុត​។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ហាក់​បី​ដូច​ជា​ទាញ​​ទម្លាក់​កិត្តិយស​របស់​ កញ្ញា​ទៅ​វិញ​ទេ​​។ យើង​ចង់​​ឲ្យ​មាន​ការ​ប្រ​កួត​ប្រជែង​ដោយ​សំណេរ​ និង​មាន​វិធី​ជួយ​គាត់​ច្រើន​ ជា​ជាង​ការ​ប្រកាស​ជា​សាធារណៈ”។

 

​ការ​ប្រលង​បាក់​ឌុប​លើក​ទី​១ មាន​បេក្ខជន​ជាង​ ២៥​% ​ប៉ុណ្ណោះ​បាន​ប្រលង​ជាប់​។ ការ​ប្រលង​លើក​ទី​​២ នឹង​ប្រព្រឹត្តិ​ទៅ​​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា​ ឆ្នាំ​២០១៤​ ៕ ​​

អានអត្ថបទ៖ ស៊ន សៀវម៉ី​ ទទួល​បាន​​​ឧបត្ថម្ភ​​ពី​​សម្តេច ហ៊ុន សែន ពិសេស​ជាង​អ្នក​ជាប់​និទ្ទេស​ A ទៀត​ ចុចត្រង់​នេះ

អត្ថបទ៖មៃ សុខលីម