ក្រមុំឦសាន៖ ការងារសហគមន៍ជួបប្រជាជនក្រីក្រល្អជាងការងារម៉ាស៊ីនត្រជាក់
- 2015-02-26 14:39:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រមុំឦសាន៖ ការងារសហគមន៍ជួបប្រជាជនក្រីក្រល្អជាងការងារម៉ាស៊ីនត្រជាក់
ចន្លោះមិនឃើញ
បច្ចុប្បន្ន ជាបុគ្គលិកបម្រើការងារនៅអង្គការ My Village (MVI) ដែលមានស្នាក់ការ ក្នុងខេត្តមណ្ឌលគិរី កញ្ញា ខែម សុផា កំពុងបំពេញតួនាទីដ៏សំខាន់ ក្នុងសហគមនរបស់ខ្លួន ជាពិសេសជាមួយបងប្អូនជនជាតិដើមភាគតិច ក្នុងបេសកម្ម ធ្វើយ៉ាងណាលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ លើគ្រប់សកម្មភាពរបស់ក្រុមប្រឹក្សាខេត្តក្រុង ស្រុក ខណ្ឌ តាមគោលការណ៍អភិវឌ្ឍន៍តាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។
កញ្ញា សុផា ជានិស្សិតបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រអាហារូបករណ៍ ពីសាលក វិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចលើជំនាញរដ្ឋបាលសាធារណៈ កាលពីឆ្នាំ២០១១ ក្រោយពីប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០០៧។
សុផា បានឃ្លាតឆ្ងាយពី លោកឪពុក អ្នកម្តាយ និងទីកន្លែងកំណើតរបស់ខ្លួន ដែលបានចម្ងាយប្រមាណ ៥២១ គីឡូម៉ែត្រ ដើម្បីមកបន្តការសិក្សានៅរាជធានីភ្នំពេញ ។ “ដូចបងដឹងស្រាប់ហើយ មនុស្សចាស់ គាត់តែងបារម្ភពីកូនគឺជារឿងធម្មតា ទម្រាំដាច់ចិត្តឲ្យមកឆ្ងាយពីខ្លួន”។ សុផា បន្ថែម។
មក ដល់ភ្នំពេញដំបូង កញ្ញា បានស្នាក់នៅផ្ទះយាយជីដូនមួយ និងបន្ទាប់មកបានប្តូរមកនៅផ្ទះជួលនៅឆ្នាំទី២ ខណៈពីដំបូងមិនដឹងថា ភ្នំពេញបែរមុខទៅណានោះទេ។ កញ្ញា សុផា បានលើកឡើងថា នេះគឺជាសម្រេចចិត្តផ្ទាល់ខ្លួន។ ម្យ៉ាងឪពុក កញ្ញា ក៏មិនសូវបារម្ភខ្លាំង ដោយសារគាត់ជាអ្នករត់តាក់ស៊ី មណ្ឌលគិរី ភ្នំពេញ។
ជាកូនទី៣ ក្នុងចំណោមបងប្អូន ៥ នាក់ សុផា បានរៀបរាប់ថា ក្រោយប្រលងសញ្ញាបត្របាក់ឌុបជាប់ ឪពុកម្ដាយចង់ឲ្យ កញ្ញារៀនកាត់ដេរសំលៀកបំពាក់ ព្រោះងាយរកលុយ។ ភ្លាមៗ ក្នុងចិត្តក៏នឹកស្រលាញ់ផ្នែកដេរនេះដែរ។ ប៉ុន្តែបំណងប្រាថ្នាមួយទៀត គឺចង់ក្លាយជាគ្រូពេទ្យ ដើម្បីមានលទ្ធភាពច្រើនជួយដល់ប្រជាពលរដ្ឋនៅ ក្នុងភូមិ។ ណាមួយកញ្ញា ផ្ទាល់ក៏ជាកូនទី១ ដែលបានប្រលងជាប់សញ្ញាបត្របាក់ឌុបមុនគេ។ ដូច្នេះចង់រៀនឲ្យបានច្រើនជាងបងៗ។
ទោះយ៉ាងណា សុផា មិនអាចសម្រេចបំណងប្រាថ្នាធំរបស់ខ្លួនបានទេ។ ដោយសារមិនមានលទ្ធភាពបង់ថ្លៃសិក្សា។ ម្យ៉ាងបើចាំប្រលងពេទ្យបឋមគឺត្រូវរង់ចាំយូរ។ ប៉ុន្តែទោះជាមិនជាប់ផ្នែកពេទ្យ ក៏មិនធ្វើឲ្យកញ្ញាអស់សង្ឃឹមនោះដែរ។ សុផា មានឈ្មោះជាប់អាហាររូបករណ៍សិក្សានៅសាកលវិទ្យាល័យភូមិន្ទ និតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដោយជ្រើសរើសយកជំនាញរដ្ឋបាលសាធារណៈ។
ដំបូង សុផា មិនដឹងថា មុខជំនាញ ដែលខ្លួនជ្រើសរើសនេះសិក្សាពីអ្វីនោះទេ។ ប៉ុន្តែ ក្នុងចិត្តគិតថា យ៉ាងហោចណាស់ចំណេះដឹង ដែលខ្លួនសិក្សានឹងអាចជួយមួយ ដល់ការងារសង្គម ដែលជាក្តីសុបិនរបស់ខ្លួនតាំងពីដំបូង ពិសេសអាចជួយដល់បងប្អូនជនជាតិដើមភាគតិច នៅក្នុងខេត្តតែម្តង។
គោល ដៅ ដែលបានកំណត់រួចជាស្រេច គឺជាអ្វីដែលធ្វើឲ្យ កញ្ញាត្រូវតែខិតខំតស៊ូជម្នះគ្រប់ឧបសគ្គ ជា ពិសេស ការដែលមិនបណ្តោយឲ្យពេលវេលារំលងទៅមុខឥតប្រយោជន៍។ ដូច្នេះក្រៅពី សិក្សានៅសាលាកញ្ញា បានឆ្លៀតរៀនគួរភាសាអង់គ្លេស និងជំនាញ កុំព្យូរទ័រជាដើម។ រហូតពេលមួយ កញ្ញាធ្លាក់ខ្លួនឈឺដេកយំម្នាក់ឯង ព្រោះធ្លាប់តែមានម្តាយនៅក្បែររាល់ពេលឈឺម្តងៗ ព្រមទាំងមានអារម្មណ៍នឹកស្រុកខ្លាំង។ ប៉ុន្តែការលំបាកតិចតួចប៉ុណ្ណឹង មិនអាចជាឧបសគ្គ ក្នុងការសម្រេចនូវទិសដៅធំរបស់ កញ្ញា បានទេ។
ពេលវេលាចេះតែ កន្លងផុតទៅ ឆ្នាំសិក្សាប្រលងបញ្ចប់ថ្នាក់បរិញ្ញាបត្រក៏បានមកដល់ កញ្ញា សុផា មានអារម្មណ៍ត្រេកអរជាខ្លាំង ព្រោះឆាប់ៗនឹងបានបញ្ចប់ ថ្នាក់បរិញ្ញាបត្រជាស្ថាបពរ។ ប៉ុន្តែទន្ទឹមគ្នាជាការគួរឲ្យសោកស្តាយ បន្ទាប់ពីបានប្រលងចប់ថ្នាក់បរិញ្ញាបត្រ ម្តាយមានជំងឺ ត្រូវធ្វើដំណើរទៅស្រុកកំណើតវិញ។
កញ្ញា សុផា ត្រូវចំណាយពេលប្រមាណ ៤ ខែ មុននឹងទទួលបានការងារ ធ្វើនៅគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត។ “បានពូម្នាក់ គាត់ឃើញខ្ញុំ កំពុងលក់ដូរនៅផ្ទះ ហើយសួរខ្ញុំ ក្មួយឯងរៀនដល់ណាដែរ? ខ្ញុំប្រាប់គាត់តាមដំណើររឿង។ គាត់ថា ជិតដល់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ហើយ ចង់ធ្វើការងារណឹងអត់ តែរយៈពេល ៨ ខែទេ”។
កញ្ញា សុផា បានចួលបម្រើការងារជាបុគ្គលិក ជាប់កិច្ចសន្យា នៅ គណៈកម្មាធិការរៀបចំបោះឆ្នោតខេត្ត រហូតដល់ចុងឆ្នាំ២០១២។ បន្ទាប់មកបានចូលបម្រើការងារនៅអង្គការ ភូមិខ្ញុំ (MVI) ក្នុងគម្រោងលើកកម្ពស់ ការរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច តាមរយៈការចងក្រង និងពង្រឹងសហគមន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបច្ចុប្បន្ន សុផា បានបន្តកាន់ គម្រោងមួយទៀតឈ្មោះថា គម្រោងលើកកម្ពស់ ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍តាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដែលទទួលបានការឧបត្ថម្ភពីអង្គការ Sida របស់ប្រទេសស៊ុយអែត តាមរយៈអង្គការ Pact Cambodia។
កញ្ញា សុផា បានរៀបរាប់ថា ការងារនេះមិនមែនធ្វើតែជាមួយប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានទេ គឺត្រូវធ្វើជាមួយក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ផងដែរ នៅក្រុងសែនមនោរម្យ និងស្រុកពេជ្រាដា ក្នុងគោល ដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋចូលរួមគ្រប់សកម្មភាពរបស់ក្រុម ប្រឹក្សា និងឲ្យប្រជាពលរដ្ឋបានដឹងពី តម្រូវ ការ ក្តីកង្វល់ដាក់ទៅក្រុមប្រឹក្សា ហើយក្រុមប្រឹក្សាត្រូវធ្វើការឆ្លើយតប និងដោះស្រាយឲ្យបានសមស្រប និងអភិវឌ្ឍន៍ ក្នុងដែនដីរបស់ខ្លួនឲ្យចំ តម្រូវការពិត របស់ប្រជាពលរដ្ឋជាសំខាន់។ “ខ្ញុំរីករាយនឹងបំពេញការងារនេះជាខ្លាំង ព្រោះជាអ្វីដែលខ្ញុំបានប៉ងប្រាថ្នាជាយូរមកហើយ ដើម្បីជួយដល់សហគមន៍ ទោះការងារនេះពេលខ្លះជួបការលំបាកច្រើនយ៉ាងណា”។
កញ្ញា ត្រូវធ្វើដំណើរទៅកាន់សហគមន៍ឆ្ងាយៗ តាមរយៈផ្លូវ ដែលមានស្ថានភាពលំបាក តែម្នាក់ឯង។ ហើយការសម្របសម្រួលជាមួយក្រុមប្រឹក្សា ទៀតសោតក៏ជួបការលំបាកខ្លះដែរ ដោយសារអ្នកភូមិគិតថា នៅក្មេងពេកមកអប់រំពួកគាត់។ ប៉ុន្តែអ្វីដែល កញ្ញា ទទួលបានពីការងារនេះ គឺធ្វើឲ្យ កញ្ញាមានការរីកចម្រើនផ្នែកទំនាក់ទំនង ការស្គាល់មនុស្សច្រើនគ្នា ជាជាងធ្វើការងារ ក្នុងម៉ាស៊ីនត្រជាក់។ បានស្គាល់តាំងពីប្រជាជនក្រីក្រ ដល់ក្រុមប្រឹក្សា ក្រុង ស្រុក និងឃុំ សង្កាត់ជាដើម។ ធ្វើឲ្យកញ្ញា ស្គាល់ និងយល់ការងារ ដែលខ្លួនមិនធ្លាប់ដឹងពីមុនមក ពិសេសធ្វើឲ្យកញ្ញាអាចដឹង និងវាយតម្លៃបាននូវកម្រិត អនុវត្តការងាររបស់អាជ្ញាធរ៕
អត្ថបទ៖មៃ សុខលីម