ត្រឹម​ប៉ុន្មាន​នាទី ISIS កម្ទេច​រតនសម្បត្តិ​រាប់​ពាន់​ឆ្នាំ​ក្នុង​សារមន្ទីរ​គ្មាន​សល់

  • 2015-02-27 16:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ ក្រុម​​ជ្រុល​និយម (ISIS) បាន​វាយ​កម្ទេច​រូបចម្លាក់​បុរាណ​មិន​អាច​កាត់​ថ្លៃ​បាន ដែល​​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ ខ្ទេចខ្ទី​អស់​គ្មាន​សល់។ ពួក​គេ​បាន​ប្រើ​ញញួរ វាយ​បំបែក​បំផ្លិចបំផ្លាញ​វត្ថុ​សិល្បៈ​នានា​ដែល​មាន​តម្លៃ​សម្រាប់​មនុស្ស​ជាតិ​ទាំង​កម្រោល នៅ​សារមន្ទីរ Nineveh ភាគ​ខាង​ជើង​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់។

 

 

រតនសម្បត្តិ​មួយ​ក្នុង​ចំណោម​វត្ថុ​សិល្បៈ​ទាំង​អស់​នោះ គឺ​ជា​រូប​ចម្លាក់​អាទិទេព​ការពារ ​ព្រះ​គោ​មាន​ស្លាប Assyrian ដែល​មាន​អាយុកាល​តាំង​ពី​សតវត្ស​ទី៩ ​មុន​​គ្រិស្តសករាជ ពោល​គឺ​ជិត ៣​ពាន់​ឆ្នាំ​មក​ហើយ។ នេះ​គឺ​ជា​បំផ្លិច​បំផ្លាញ​មរតក​មនុស្ស​ជាតិ​ដ៏​ធំ​មួយ ដែល​ពិភពលោក​ទាំង​មូល​កំពុង​រួម​គ្នា​ថែរក្សា និង​អភិរក្ស​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន។

 

បុរស​ម្នាក់​នៅ​ក្នុង​វីដេអូ​បាន​បញ្ជាក់​ថា រូបចម្លាក់​ទាំង​នេះ​ត្រូវ​កម្ទេច​ចោល ​ព្រោះ​វា​ផ្សព្វផ្សាយ​ពី​ការ​គោរព​ជឿ​ងប់ងុល។ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​បាន​និយាយ​បន្ត​ទៀត​ថា "ព្រះ​មហាម៉ាត់​​បាន​បញ្ជា​ពួក​យើង​ឲ្យ​បំផ្លាញ​រូប​ចម្លាក់ និង​សារីរិកធាតុ ហើយ​ដៃគូ​របស់​ព្រះ​អង្គ​នឹង​ធ្វើ​ដូច​គ្នា​នៅ​ពេល​ដណ្ដើម​ប្រទេស​នានា​បន្ទាប់​ពី​ព្រះ​អង្គ"។ ​​​​​

 

អតីត​បុគ្គលិក​នៅ​សារមន្ទីរ Nineveh បាន​រៀបរាប់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា សារមន្ទីរ​ដែល​រង​ការ​បំផ្លាញ​នេះ ត្រូវ​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម​ដណ្ដើម​កាន់កាប់​បាន​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤ កន្លង​ទៅ។ ក្រៅ​ពី​វាយ​កម្ទេច ក្រុម​​នេះ​ក៏​បាន​លក់​វត្ថុ​សិល្បៈ​តាម​ទីផ្សារ​ងងឹត ដើម្បី​រក​លុយ​មក​ផ្គត់​ផ្គង់​យុទ្ធនាការ​បង្ហូរ​ឈាម​គ្នា​ផង​ដែរ។ ​​

 

 

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​នេះ ក្រុម​ភេរវជន​ដែល​កំពុង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពិភពលោក​ទាំង​មូល ក៏​បាន​ដុត​សៀវភៅ​ប្រហែល ១០០០០​ក្បាល និង​ចំណារ​ដ៏​កម្រ​ជាង៧០០ នៅ​ក្នុង​បណ្ណាល័យ​សាធារណៈ​ក្រុង Mosul ឆេះ​ខ្ទេច​គ្មាន​សល់​គួរ​ឲ្យ​សោក​ស្ដាយ។ សមាជិក​មេដឹកនាំ​ម្នាក់​ក្នុង​ក្រុង Mosul បាន​ព្យាយាម​ទប់ស្កាត់​ការ​បំផ្លាញ​អគារ​ទាំង​មូល​ដែរ ប៉ុន្តែ​បរាជ័យ៕

 

 

ចុចអាន៖ Hacker ល្បី​លើ​​ពិភពលោក​​ធ្វើ​សង្គ្រាម​​​​ Online ​ប្រឆាំង​​ក្រុម​ ISIS

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail​​