រឿង "បេសកកម្ម​មរណៈ " ត្រៀម​ចាក់​បញ្ចាំង​ថ្ងៃទី៤ នៅ​​រោង​កុន​​លុច្ស

  • 2015-03-02 19:20:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត រឿង "បេសកកម្ម​មរណៈ " ដែល​ជា​វណ្ណកម្ម​​​ដំបូង របស់​ផលិតកម្ម វេហា Entertainment Production គ្រោង​នឹង​ចាក់​បញ្ចាំង នៅ​ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៥ ខាង​មុខ​ នៅ​រោងភាពយន្ត​លុច្ស។

 

 

លោក ផាត សុផល ចាងហ្វាង​ផលិតកម្ម វេហា Entertainment Production បាន​ឲ្យ​ដឹង​ថា  រឿង "បេសកកម្ម​មរណៈ" គឺ​ជា ខ្សែភាពយន្ត​មួយ​ និយាយ​ពី បេសកកម្ម​របស់​អ្នក​ដឹក​នាំ​សិល្បៈ​មួយ​ក្រុម ដែល​​បាន​ចុះ​ទៅ​ថត​នៅ ទី​ដាច់​ស្រយាល ហើយ​បាន​ជួប​នៅ​ហេតុការណ៍​ចម្លែក​ជា​ច្រើន។

 

ចាងហ្វាង​ផលិតកម្ម ​និង​ ជា​អ្នក​ដឹក​នាំ​រឿង​​ខាង​លើ បាន​​រៀបរាប់​ឲ្យ​ដឹង​ថា ខ្សែភាពយន្ត​មួយ​នេះ មាន​​ឈុត​ឆាក មនោសញ្ចេតនា កម្សត់ ភ័យ​ខ្លាច ជា​ពិសេស​នោះ គឺ​មាន​​ឈុត​កំប្លែង។ មាន​តារា​សម្ដែង​ជា​ច្រើន​បាន​ចូល​រួម​សម្ដែង ក្នុង​​នោះ​​តារា​សំខាន់ៗ​មាន ដួច​ជា កញ្ញា ហង្ស  ម៉ារ៉ានី លោក ម៉េង ប៊ុនឡូ លោក Peypey Dy ​ជា​ដើម។

 

 

 

តាម​ការ​បញ្ជាក់​របស់ លោក ផាត សុផល រឿង "បេសកកម្ម​មរណៈ "  បាន​ថត​​ចប់​ជាង ១ ឆ្នាំ​​ មក​ហើយ ដោយ​រឿង​មួយ​នេះ ​ធ្លាប់​បាន​ចាក់​បញ្ចាំង​ម្ដង​នៅ ខេត្ត សៀមរាប និង បាត់​ដំបង កាល​ពី​​ចុង​ឆ្នាំ ២០១៣ ដោយ​​ទទួល​បាន​ការ​គាំទ្រ ជា​ច្រើន។ ដោយសារតែ មាន​សំណូមពរ​ច្រើន​ពី ទស្សនិកជន ទើប ​​លោក សុផល ​សម្រេច​យក​មក​ចាក់​ម្ដង​ទៀត​នៅ​ភ្នំពេញ។

 

សម្រាប់​ការ​ចាក់​បញ្ចាំង​លើក​ទី ២ ​នេះ ជា​​ជំហាន​ដំបូង  ធ្វើ​ឡើង​តែ​នៅ​រោងភាពយន្ត​លុច្ស​ ដោយ​ចាក់​រយៈពេល​ ១​ សប្ដាហ៍ ហើយ​បន្ទាប់​មក​ទៀត គ្រោង​ចាក់​នៅ​រោងភាពយន្ត ​២ ទៀត គឺ​នៅ  Platinum Cineplex និង Major Cineplex by Cellcard។

 

 

 

ចាងហ្វាង​ផលិតកម្ម​រូប​នេះ សង្ឃឹម​យ៉ាង​មុខមាំ​ថា រឿង "បេសកកម្ម​មរណៈ " និង​ មាន​ទស្សនិកជន​គាំទ្រ​ច្រើន ព្រោះ​រឿង​មួយ​នេះ​​សម្រាប់​អ្នក​ដែល​បាន​ចូល​ទស្សនា​ហើយ​ធានា​ថា សើច​ពេញ​រោង​កុន​តាំង​ពី​ក្បាល​រហូត​ដល់​ចប់។ ប្រសិន​បើ​មាន​ការ​គាំទ្រ​ខ្លាំង  វេហា Entertainment Production គ្រោង​ផលិត​​ខ្សែភាពយន្ត​ជា​ច្រើន​បន្ត​ទៀត៕

 

អត្ថបទ៖ ខុត សីហា