ជម្រើស​ជាតិ ប៉ះ ណាហ្គាវើល និង ភ្នំពេញក្រោន មុន​ជម្រុះ World Cup

  • 2015-03-04 18:20:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ប្រកួត​មិត្តភាព​ជាតិ​ជាមួយ​ក្រុម ណាហ្គាវើល នៅ​ថ្ងៃ​ទី ៥ និង ជួប​ក្រុម​ភ្នំពេញក្រោន នៅ​ថ្ងៃ​ទី ៦ ខែ មីនា ឆ្នាំ ២០១៥ មុន​​​ធ្វើ​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​កោះ​ម៉ាកាវ ក្នុង​វគ្គ​ជម្រុះ​ជុំ​ដំបូង​ប្រចាំ​ទ្វីប​អាស៊ី នៃ​ពាន​រង្វាន់ FIFA World Cup 2018។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ។

 

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

  ប្រកួត​ថ្ងៃ​ស្អែក​ជាមួយ​ណាហ្គាវើល ធ្វើ​ឡើង​នៅ​ទីលាន​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្ត​តាកែវ វេលា​ម៉ោង ៣:៣០ នាទី​រសៀល ហើយ​មួយ​ថ្ងៃ​បន្ទាប់​ត្រូវ​ប៉ះ​ភ្នំពេញក្រោន នៅ​កីឡដ្ឋាន RSN Stadium ក្នុង​រាជធានី​ភ្នំពេញ វេលា​ម៉ោង​ ២ រសៀល។ ទស្សនិកជន​អាច​ចូល​ទស្សនា​ដោយ​សេរី ក្នុង​ជំនួប​មិត្តភាព​នេះ។

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រមូល​ផ្ដុំ​តាំង​ពី​ថ្ងៃ​ទី ១៩ ខែ កុម្ភៈ មក​ម៉្លេះ នៅ​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ដោយ​មាន​កីឡាករ​ចំនួន ៣២ នាក់ ដឹកនាំ​ដោយ​លោក Lee Tae Hoon ជា​គ្រូ​បង្វឹក​ផ្ទាល់។ ការ​ប្រមូល​ផ្ដុំ​នេះ​ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ម៉ាកាវ ជើង​ទី១ នៅ​ថ្ងៃ​ទី ១២ មីនា និង ជើង​ទី២ នៅ​ថ្ងៃ​ទី ១៧ មីនា ក្នុង​​ទឹកដី​ម៉ាកាវ វិញ។

 

ប្រកួត​មិត្តភាព​អន្តរជាតិ ២ លើក​នៅ​ដើម​ឆ្នាំ ២០១៥ នេះ​ក្រុម​កម្ពុជា ចាញ់ Hwaseong FC មក​ពី​ប្រទេស​កូរ៉េខាងត្បូង ៥ ទល់ ២ តែ​យក​ឈ្នះ​ក្រុម Singapore Selection Team ៣ ទល់ ០ វិញ កាល​ពី​ចុង​ខែ កុម្ភៈ ថ្មីៗនេះ៕

 

អត្ថបទ៖ ម៉ឺន រស្មី

រូបថត៖ FFC