ស្ត្រីខ្លាំងទាំង ៩ ក្នុងវិស័យបច្ចេកវិទ្យា
- 2015-03-08 19:18:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីខ្លាំងទាំង ៩ ក្នុងវិស័យបច្ចេកវិទ្យា
ចន្លោះមិនឃើញ
ស្របគ្នានឹងទិវានារីអន្តរជាតិ ៨ មិនា ថ្ងៃនេះ Sabay សូមលើកយកស្ត្រីខ្លាំង ៩ រូបក្នុងវិស័យបច្ចេកវិទ្យាដែលមានសមត្ថភាព និងជំនាញដឹកនាំមិនចាញ់បុរសឡើយ។
១. លោកស្រី Sheryl Sandberg
លោកស្រី Sheryl គឺជាប្រធានផ្នែកប្រតិបត្តិការរបស់ Facebook ដែលជាតំណែងកំពូលមួយក្នុងក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ។ ក្រៅពីនេះ លោកស្រីក៏ជាស្ត្រីដំបូងដែលចូលជាសមាជិកក្រុមប្រឹក្សាភិបាល Facebook ដែរ។ ស្នាដៃដ៏ច្រើនក្នុងវិស័យបច្ចេកវិទ្យា លោកស្រីត្រូវបានគេហទំព័រ Forbes ចាត់បញ្ចូលជាស្ត្រីមានឥទ្ធិពលម្នាក់ក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ ២០១៤ កន្លងទៅ។
២. លោកស្រី Virginia Romtetty
លោកស្រីជានាយកប្រតិបត្តិនៃក្រុមហ៊ុន IBM។ ចាប់ផ្ដើមអាជីពដំបូងជាវិស្វករកុំព្យូទ័រក្នុងឆ្នាំ ១៩៨១ លោកស្រី Rometty បានបង្ហាញចំណេះដឹងជំនួញ ភាពជាអ្នកដឹកនាំ និងសមត្ថភាពយ៉ាងពូកែរហូតអាចកាន់តំណែងកំពូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខាងលើ។
៣. លោកស្រី Susan Wojcicki
លោកស្រី Susan ជានាយកប្រតិបត្តិរបស់គេហទំព័រមើលវីដេអូចម្រៀងធំបំផុត YouTube។ មុននឹងកាន់តំណែងនេះ ពីមុនលោកស្រីជា អនុប្រធានផ្នែកផ្សព្វផ្សាយ និងពាណិជ្ជកម្មនៃក្រុមហ៊ុន Google។
៤. លោកស្រី Marissa Mayer
លោកស្រី Mayer បានទទួលការចាប់អារម្មណ៍ខ្លាំងពេលចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Yahoo កាលពីខែកក្កដាឆ្នាំ ២០១២។ ក្រៅពីភាពដឹកនាំ និងរូបសម្បត្តិដ៏ស្រស់ស្អាត លោកស្រីមានបទពិសោធន៍ចាស់ទុំជាមួយ Google ដល់ទៅ ១៣ ឆ្នាំឯណោះ។
៥. លោកស្រី Meg Whitman
ជានាយកប្រតិបត្តិក្រុមហ៊ុន Hewlett-Packard (HP)។ មុនចូលរួមជាមួយ HP លោកស្រីធ្លាប់កាន់តំណែងជានាយកប្រតិបត្តិរបស់ eBay អស់រយៈពេល ១០ ឆ្នាំ និងជាប្រធានក្រុមហ៊ុន P&G និង Zipcar។
៦. លោកស្រី Ursula Burns
លោកស្រីបានចូលកាន់តំណែងនាយកប្រតិបត្តិក្រុមហ៊ុន Xerox ក្នុងឆ្នាំ ២០០៩ ជំនួសតំណែងលោកស្រី Anne Mulcahy។
៧. លោកស្រី Safra Catz
លោកស្រីគឺជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Oracle Corp.។ លោកស្រីចាប់ផ្ដើមការងារជាមួយ Oracle ក្នុងឆ្នាំ ១៩៩៩ និងមិនយូរប៉ុន្មានបានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហើយក្រោយមកនៅឆ្នាំ ២០០៤ ត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន។
៨. លោកស្រី Renee James
លោកស្រីគឺជាប្រធានក្រុមហ៊ុន Intel។ បទពិសោធន៍ ២៥ ឆ្នាំក្នុងវិស័យកុំព្យូទ័រលោកស្រីត្រូវបានប្រធានាធិបតីអាមេរិកលោក Barack Obama តែងតាំងជាសមាជិកគណៈកម្មការប្រឹក្សាផ្នែកសន្តិសុខទូរគមនាគមន៍ជាតិនៅឆ្នាំ ២០១៣។
៩. លោកស្រី Amy Hood
លោកស្រីជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Microsof ទទួលបន្ទុកចាត់ចែងចំណូល ៨៣,៣ ពាន់លានដុល្លាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកកំពូលមួយនេះ។ មុនចូលធ្វើការនៅ Microsoft លោកស្រីធ្លាប់ធ្វើការនៅក្រុមហ៊ុន Goldman Sachs។
អាន៖ មើលវីដេអូប្រៀបធៀប Galaxy S6 Edge និង iPhone 6 មួយណាមានល្បឿនលឿនជាង?
ប្រភព៖ ndtv