Pharrell Williams ​និង​​​​Robin Thicke ​​​​ត្រូវ​តុលាការ​ពិន័យ​ ​៧,៤ ​លាន​ដុល្លារ​រឿង​ចម្លង​បទ​គេ

  • 2015-03-11 20:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ​ល្បី​ "Happy” Pharrell Williams ​និង​​តារា​ចម្រៀង​ Robin Thicke ​ត្រូវ​តុលាការ​ក្រុង​ Los Angeles ​​តម្រូវ​ឲ្យ​បង់​ប្រាក់​សង​ជំងឺ​ចិត្ត​ ៧,៤ ​លាន​ដុល្លារ​​​ដល់​ក្រុម​គ្រួសារ​តារា​ចម្រៀង​ជើងចាស់​ Marvin Gaye ​ពី​បទ​លួច​ចម្លង​ស្នាដៃ។

 

​​​ការ​សម្រេចចិត្ត​របស់​តុលាការ​នេះ​​កើត​ឡើង​បន្ទាប់​ពី​ការ​ស៊ើបអង្កេត​លើ​ភស្តុតាង​រយៈពេល​ជាង​ ១ ​សប្ដាហ៍ ​​ដោយ​មិន​រាប់​បញ្ចូល​​ការ​សង្ស័យ​ទៅ​លើ​ភាព​ស្រដៀង​គ្នា​រវាង​បទ​​ល្បី​ "Blurred Lines” ​របស់​ Pharrell និង​ Thicke ​ក្នុង​ឆ្នាំ ​២០១៣ ​និង​បទ​ "Got to Give It Up” ​របស់​តារា​ចម្រៀង​ Marvin Gaye​ កាលពី​មួយ​ឆ្នាំ​មុន​ឡើយ។

 
 

Pharrell Williams ​ ​​​(ឆ្វេង) និង​​​ Robin Thicke

 

​​ក្នុង​បទ​សម្ភាស​មួយ​ជា​មួយ​ទស្សនាវដ្ដី​ GQ ​កាលពី​ខែ​ឧសភា ​ឆ្នាំ ​២០១៣ ​​Thicke ​បាន​​និយាយ​ថា ​បទ​ "Blurred Lines” ​​​ជា​ការ​ជំរុញ​ចិត្ត​ពី​បទ​មួយ​របស់​ Gaye ​ក្នុង​ឆ្នាំ ​១៩៧៧។ ​លោក​​​​បញ្ជាក់​ដូច្នេះ៖ ​"បទ​ចម្រៀង​ដែល​ខ្ញុំ​ចូលចិត្ត​ជាង​គេ​គឺ​បទ “Got to Give It Up”។ ​ពេល​នោះ​ខ្ញុំ​​គិត​ថា ​ម៉េច​ក៏​យើង​មិន​បង្កើត​អ្វី​ដូច​គ្នា​នេះ​ ​អ្វី​ដែល​មាន​លក្ខណៈ​​ស្រដៀង​គ្នា​នោះ។ ​​បន្ទាប់​មក​ [Pharrell] ​ក៏​ចាប់​ផ្ដើម​បន្ថែម​បន្តិចបន្តួច ​​ហើយ​ពួក​យើង​​ក៏​សរសេរ​បទ​នេះ​ (Blurred Lines) ​ចេញ​មក​​ក្នុង​រយៈពេល​ប្រហែល​កន្លះ​ម៉ោង​ និង​ថត​វា​ទុក។ ​​ចំណែក​ដំណើរ​ការ​សរសេរ​ទាំង​មូល​គឺ​ប្រើ​ពេល​​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ"។

 

ចាប់​តាំង​ពី​ការ​ផ្ដល់​សម្ភាស​នោះ​មក ​Thicke ​​ហាក់​ចាប់​ផ្ដើម​​និយាយ​ពង្វាង​ចេញ​ពី​​​អ្វី​ដែលខ្លួន​លើក​ឡើង​មុនៗ​ថា​ ​ពេល​ថត​បទ​ចម្រៀង​លោក​​មាន​អាការៈ​ស្រវឹង ​និង​ធ្វើ​ទុក្ខ​ដោយសារ​ថ្នាំ​ជាដើម។ ​​​ទោះ​ជា​មាន​ការ​បញ្ជាក់​បែប​នេះ​ក៏​មិន​អាច​បញ្ចុះបញ្ចូល​ចិត្ត​ចៅក្រម​ឲ្យ​គាំទ្រ​គេ​ដែរ។

 
 

​តារា​ចម្រៀង​ជើងចាស់​ Marvin Gaye ​កាល​នៅ​រស់

 

បើ​តាម​គេហទំព័រ​ Billboard ​​ក្រុមការងារ​ផលិត​បទ​ "Blurred Lines” ​ត្រូវ​សង​ជំងឺ​ចិត្ត​ ៤ ​លាន​ដុល្លារ​ចំពោះ​ការ​រំលោភ​កម្មសិទ្ធិ​បញ្ញា​​​និង​​ការ​ចែករំលែក​ប្រាក់​ចំណេញ​មួយ​ផ្នែក​​ ​ហើយ​​គណៈកម្មការ​ "The Voice” ​អាមេរិក​​ Pharrell ​ត្រូវ​បង់​ ១,៦ ​លាន​ដុល្លារ ​និង​ Thicke ​បង់​ ១,៨ ​លាន​ដុល្លារ។ ​​សរុប​ទៅ​ជារួម​ក្រុមគ្រួសារ​តារា​ចម្រៀង​ Marvin ​ត្រូវ​ទទួល​បាន​សំណង​ ៧,៤ ​លាន​ដុល្លារ។

 

​ទោះ​ជា​យ៉ាង​ណា ​តុលាការ​សម្រេច​ថា ​តារា​ចម្រៀង​ T.I. ​ដែល​​មាន​ឈ្មោះ​ពិត​ថា ​Clifford Harris ​​និង​ចូលរួម​ច្រៀង​បទ​ "Blurred Lines” ​ដែរ​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​កម្មសិទ្ធិ​បញ្ញា​នេះ​ទេ។ ​ 

តារា​ចម្រៀង​ទាំង​បី​​​នៃ​បទ​ "Blurred Lines" បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ថា ​នឹង​បន្ត​ស្វែង​រក​​វិធានការ​បន្ត​ទៀត​ទៅ​លើ​រឿង​ក្ដី​មួយ​នេះ។

 

បទ​ "Blurred Lines" ​ដែល​ចៅក្រម​រក​ឃើញ​ថា ​លួច​ចម្លង​កម្មសិទ្ធបញ្ញា៖

 

http://youtu.be/yyDUC1LUXSU

 

បទ​ "Got to Give It Up" ​របស់​ Marvin Gaye៖

 

http://youtu.be/wXKghTAwFGU

 

អាន៖ Selena Gomez បទ​ថ្មី​ ជាមួយ​ដៃ​គូ​ប្រុស​ថ្មី រាំ​ខ្លាំង សិចស៊ី​ក៏​ខ្លាំង

ប្រភព៖ ​Vanityfair