នាយ ចយ​ រំភើប​ពេល​គេ​ប្រដូច​ទៅ​​​តារា​មុខ​អាក្រក់​ថៃ!

  • 2014-10-07 17:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ ចយ បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​បន្ទាប់​ពី​​អ្នក​ដឹក​នាំ​រឿង​ប្រដូច​​​​ទៅ​នឹង​តារា​សម្ដែង​មុខ​អាក្រក់​មួយ​ចំនួន​របស់​ថៃ។

ការ​ប្រដូច​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តារា​កំប្លែង​មុខ​អាក្រក់​រូប​នេះ​បាន​ថត​ខ្សែ​ភាពយន្ត​ដុំ​ លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន​គឺ​រឿង អាព្រឿង​ងាប់​ហើយ។

 

តារា​កំប្លែង​ក្នុង​ក្រុម​នាយ ក្រឹម នាយ ចយ បាន​និយាយ​ថា៖ "មិន​ហ៊ាន​ទទួល​ទេ​បង តែ​ដូច​ជា​មាន​អារម្មណ៍​សប្បាយ​ម្យ៉ាង​ដែរ​ពេល​គាត់​និយាយ​ចឹង"។

 

នាយ ចយ មាន​ឈ្មោះ​ដើម​ហៅ​ថា ភិច ផែ បាន​និយាយ​ថា លោក​នឹង​ពង្រឹង​សមត្ថភាព​សម្ដែង​បន្ថែម​ទៀត​ប្រសិន​បើ​មាន​អ្នក​ដឹក​នាំ​ផ្ដល់​ឱកាស​ឱ្យ​សម្ដែង​ខ្សែ​ភាពយន្ត​​បន្ត​ទៀត​នា​ពេល​ខាង​មុខ។

 

ចាងហ្វាង​ផលិតកម្ម មាតុ​ចក្រ​ហ្វីមល៍ និង​ជា​ផលិតករ​រឿង អា​ព្រឿង​ងាប់​ហើយ លោក ហ៊ុយ យ៉ាឡេង បាន​កោត​សរសើរ​តារា​សម្ដែង​មុខ​អាក្រក់​ខាង​លើ​ថា​ក្រៅ​តែ​ពី​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​សម្ដែង​មិន​ចាញ់​តារា​សម្ដែង​មុខ​អាក្រក់​របស់​ថៃ​មួយ​ចំនួន នាយ ចយ ថែម​ទាំង​គោរព​ម៉ោង​ពេល​បាន​ល្អ​ទៀត​ផង។

 

លោក​បញ្ជាក់​ថា៖ "ហេតុ​អ្វី​ខ្ញុំ​ប្រដូច​គាត់​ទៅ​តារា​មុខ​អាក្រក់​ថៃ​មួយ​ចំនួន? គាត់​នៅ​ក្មេង​ទេ ហើយ​ការ​សម្ដែង​ល្អ​ថែម​ទៀត តែ​ទាស់​ត្រង់​ថា​មិន​មាន​អ្នក​ដឹក​នាំ​រឿង​ណា​ផ្ដល់​ឱកាស​ឱ្យ។ ខ្ញុំ​ឱ្យ​គាត់​សម្ដែង​រឿង​នេះ​ទើប​ដឹង​ថា​ សមត្ថភាព​មិន​ចាញ់​​តារា​ថៃ​ឡើយ"។

 

ឈុត​សម្ដែង​របស់​នាយ ចយ ក្នុង​រឿង អាព្រឿងងាប់ហើយ

លោក ហ៊ុយ យ៉ាឡេង បន្ត​ថា​ក្រៅ​តែ​ពី​មាន​សមត្ថភាព​សម្ដែង ការ​គោរព​ម៉ោង​ពេល​ថត​បាន​ល្អ​នាយ ចយ ថែម​ទាំង​សម្ដែង​ស៊ីចង្វាក់គ្នា​បាន​ល្អ​ទៀត ជា​មួយ​តារា​ទាំង​អស់​ក្នុង​ខ្សែ​ភាពយន្ត​ខាង​លើ។

 

ទាំង​នាយ ចយ និង​ផលិតករ​លោក ហ៊ុយ យ៉ាឡេង សុទ្ធ​តែ​រំពឹង​ខ្ពស់​ថា​ខ្សែ​ភាពយន្ត អា​ព្រឿង​ងាប់​ហើយ នឹង​​ទទួល​បាន​ជោគជ័យ​ខ្ពស់​ពេល​ដាក់​បញ្ចាំង​លើ​ទីផ្សារ​នា​ខែ​ ធ្នូ ចុង​ឆ្នាំ​២០១៤​នេះ។

 

មក​ទល់​ពេល​នេះ​នាយ ចយ មាន​វ័យ ២០​ឆ្នាំ។ លោក​ជា​តារា​កំប្លែង​ក្នុង​ក្រុម​នាយ ក្រឹម និង​មាន​ប្រភព​មក​ពី​ខេត្ត ត្បូង​ឃ្មុំ។ សម្រាប់​រឿង អាព្រឿង​ងាប់​ហើយ ជា​ខ្សែ​ភាពយន្ត​ដុំ​ដំបូង​ដែល​តារា​កំប្លែង​មុខ​អាក្រក់​រូប​នេះ​បាន​សម្ដែង៕

 

អត្ថបទ៖ អ៊ីង សុឡា

រូបថត៖ ផ្ដល់​ឱ្យ