ហេតុអ្វីបានតារាសំណព្វចិត្ត ចាន់ វឌ្ឍនាកា មិនចូលលេងពេញម៉ោងម្សិលមិញ?
- 2015-03-13 23:53:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីបានតារាសំណព្វចិត្ត ចាន់ វឌ្ឍនាកា មិនចូលលេងពេញម៉ោងម្សិលមិញ?
ចន្លោះមិនឃើញ
ចាន់ វឌ្ឍនាកាជាកីឡាករវ័យក្មេងលេចធ្លោដែលមានអ្នកគាំទ្រដ៏ច្រើនលើសលប់ ហើយអ្នកគាំទ្រតែងតែចង់ឃើញតារារូបនេះលេចមុខលើទីលានប្រកួតគ្រប់ការប្រកួត ប៉ុន្តែកាលពីរសៀលម្សិលមិញមិនបានបង្ហាញខ្លួនពេញ៩០នាទីនោះទេ។ អ្នកគាំទ្របានចោទជាបញ្ហាថា ហេតុអ្វីបានជាមិនដាក់កីឡាករល្អម្នាក់នេះចូលលេងពេញម៉ោង?
ចាន់ វឌ្ឍនាកា (ខៀវ)ទាត់បាល់ដោយជើងឆ្វេង
នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចប់ការប្រកួតដោយកម្ពុជាឈ្នះលើម៉ាកាវ ៣-០ វេលាម៉ោង៦កន្លះយប់ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon បានបកស្រាយថា ចាន់ វឌ្ឍនាកាពិតណាស់ជាកីឡាករល្អ ប៉ុន្តែរូបគេមិនអាចចូលលេងបានពេញម៉ោងទេ ពីព្រោះគេមានរបួសញាំញីយូរហើយ និងមិនបានចូលលេងក៏ដូចជាហ្វឹកហាត់ជាមួយក្រុមបឹងកេតអង្គរអស់រយៈពេលច្រើនខែដែរ។
លោកបានបញ្ជាក់ថា ចាន់ វឌ្ឍនាកា ទើបតែចូលហាត់ជាមួយក្លិបរបស់ខ្លួនបានប្រហែលតែមួយសប្ដាហ៍ប៉ុណ្ណោះ ក៏លោកកោះហៅចូលជម្រើសជាតិតែម្តង ដូច្នេះលោកមិនអាចដាក់ឲ្យគេលេងពេញម៉ោងបាននោះទេពោលគឺលោកត្រៀមឲ្យគេចូលលេងប្រហែលជា៣០នាទីប៉ុណ្ណោះសម្រាប់តង់ទី២។
ជាមួយគ្នានេះប្រធានក្រុមជម្រើសជាតិ ឃួន ឡាបូរ៉ាវី ក៏បានបង្ហាញពីអារម្មណ៍ដែរថា រូបគេសប្បាយចិត្តដែលមិត្តរួមក្រុមរបស់ខ្លួនអាចរកគ្រាប់បាល់នាំសំណាងជួនប្រទេសជាតិនោះ។ សម្រាប់តង់ទីមួយដែលមិនអាចរកគ្រាប់បាល់បាន ឡាបូរ៉ាវីបាននិយាយថា ៖«ខ្ញុំមិនដឹងមកពីហេតុអីទេ តែជួនកាលអាចមកពីខ្ញុំខំប្រឹងក្នុងការប្រកួតពេក ហើយការប្រឹងប្រែងពេកបែរជាមិនអាចធ្វើបានល្អទៅវិញ »។
ចាន់ វឌ្ឍនាកា ត្រូវបានគ្រូបង្គោលដាក់ចូលជំនួសសមាជិកភ្នំពេញក្រោន សុះ ស៊ូហាណា នៅនាទី ៥៤។ បន្ទាប់ពីដាក់តារាវ័យក្មេងរូបនេះចូល សកម្មភាពគ្រប់គ្រងបាល់របស់កម្ពុជាកាន់តែមានប្រសិទ្ធភាព ហើយទីបំផុតវឌ្ឍនាកា បំប៉ោងសំណាញ់ទីរបស់ម៉ាកាវនាទី ៦៣ និងបន្ថែម១គ្រាប់ទៀតនៅនាទី ៨០ ដោយទាត់បាល់ពិន័យហ្វ្រីឃីក មុនពេល ឃួន ឡាបូរ៉ាវី តែតចូលនាទី ៩០+៤ ក្រោយលើកបាល់ជ្រុងយ៉ាងល្អពី រស់ សំអឿន។
កាលពីម្សិលមិញដែរ វ៉ា ហ្វីនទីន ត្រូវបានដូរជំនួសដោយ គួច សុកុម្ភៈ និង ស៊ុន សុវណ្ណរិទ្ធី ដូរជំនួសដោយ រស់ សំអឿន។ ជម្រើស១១នាក់ដំបូងរបស់លោក Lee Tae Hoon មាន៖
អ្នកចាំទី៖ អ៊ុំ សេរីរ័ត្ន ខ្សែការពារ៖ ង៉យ ស្រ៊ីន, សុខ សុវណ្ណ, សឿយ វិសាល ខ្សែបម្រើ៖ វ៉ា ហ្វីនទីន និង ហួច ផល្លីន (បម្រើកណ្ដាល) ឈិន ឈឿន (បម្រើស្ដាំ) ស៊ុន សុវណ្ណរិទ្ធី (បម្រើឆ្វេង) សុះ ស៊ូហាណា (បម្រើប្រយុទ្ធ) ខ្សែប្រយុទ្ធ៖ ឃួន ឡាបូរ៉ាវី និង ប្រាក់ មុន្នីឧត្តម
ចាន់ វឌ្ឍនាកា និងអ្នកគាំទ្រ
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា