កូរ៉េខាងជើង​បាញ់​មីស៊ីល ៧​គ្រាប់​ចំ​ពេល​សមយុទ្ធ​រវាង​កូរ៉េខាងត្បូង និង​អាមេរិក

  • 2015-03-14 00:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ថា ​មីស៊ីល ៧​គ្រាប់ ត្រូវ​កូរ៉េខាងជើង​សាកល្បង​បាញ់​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​នៅ​ឆ្នេរ​​ភាគ​បូព៌ា។ ​​

 

 

ជាទូទៅ កូរ៉េខាងជើង តែង​សាកល្បង​បាញ់​មីស៊ីល គ្រាប់​រ៉ុកកែត និង​កាំភ្លើង​ធំ ប៉ុន្តែ​ការ​បញ្ចេញ​សកម្មភាព​លើក​ចុង​ក្រោយ​នេះ ចំ​ពេល​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក កំពុង​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រួម​គ្នា។ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ហៅ​សមយុទ្ធ​នេះ​ថា ជា​ការ​ហាត់​សម​ដើម្បី​ឈ្លានពាន​។ ចំណែក​រដ្ឋាភិបាល​ក្រុង​សេអ៊ូល និង​សហរដ្ឋអាមេរិក​វិញ បាន​និយាយ​ថា សមយុទ្ធ​នេះ​គ្រាន់​តែ​ជា​ការ​ហាត់​សម​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ។ ​ កាល​ពី​ដើម​ខែ​មីនា​នេះ កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ពីរ​គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ​ម្ដង​រួច​មក​ហើយ ដែល​ពេល​នោះ​ចំ​ថ្ងៃ​ទី​មួយ​នៃ​សមយុទ្ធ​រវាង​មហាអំណាច​យោធា​អាមេរិក និង​កូរ៉េខាងត្បូង។ មុន​សមយុទ្ធ​រួម​គ្នា​រវាង​ប្រទេស​សេរី​ទាំង​ពីរ​កើត​ឡើង លោក គីម ជុងអ៊ុន ដែល​ជា​មេដឹកនាំ​វ័យ​ក្មេង​របស់​កូរ៉េខាងជើង ​ក៏​ធ្លាប់​បាន​ប្រាប់​កងទ័ព​របស់​ខ្លួន​ឲ្យ​ត្រៀម​អាវុធ​ធ្វើ​សង្គ្រាម​ផង​ដែរ។

 

នេះ​គឺ​ជា​ការ​​វិវឌ្ឍ​ដ៏​តានតឹង​ថ្មី​មួយ​ទៀត​នៅ​ឧបទ្វីប​កូរ៉េ បន្ទាប់​ពី​ការ​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ដ៏​ចម្រូងចម្រាស “The Interview” របស់​ផលិតកម្ម Sony ដែល​និយាយ​ពី​ការ​លប​ធ្វើ​ឃាត​មេដឹកនាំ​ផ្ដាច់ការ​​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន ព្រម​ទាំង​ការ​ធ្វើ​​សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង៕

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ cbsnews​​​​​