​ត្រៀម​សមាហរណកម្ម​អាស៊ាន​ ធាតុ​ផ្សំ​សំខាន់​ៗ​​ត្រូវ​​មាន​ បើ​ចង់​​ក្លាយ​ខ្លួន​ជា​សហគ្រិន​

  • 2015-03-16 17:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាក់  សុខដូង មក​ពី​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ ជា​យុវជន​ម្នាក់​​ចំណោម​មនុស្ស​អាយុ​ស្របាល​ៗ​​គ្នា​រាប់​រយ​នាក់​ទៀត​ ដែល​កំពុង​អង្គុយ​ស្ងៀមស្ងាត់​ ស្ដាប់​​​វាគ្មិន​​ក្នុង​វេទិកា​ «យុវជន​​​កម្ពុជា​ក្នុង​វិស័យ​ធុរកិច្ច» នៅ​សាល​​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា រៀប​ចំ​ដោយ​ AIESEC ម្សិល​មិញ​នេះ។​​

 

 

សុខ​ដូង វ័យ​២១​ឆ្នាំ ​​និង​មាន​ក្ដី​សុបិន​​បើក​​អាជីវកម្ម​មួយ​​ដោយ​​ផ្ទាល់​​ខ្លួន​​​នៅ​ថ្ងៃ​ណា​មួយ​ និយាយ​ថា​​យុវជន​ជា​ច្រើន​បច្ចុប្បន្ន​នេះ​តែង​​ប្រាថ្នា​រក​​ស៊ី​​ខ្លួន​ឯង​។ ប៉ុន្តែ​ ដួង ​បែរ​ជា​​ចោទ​សួ​ថា​តើ យុវជន​ ត្រូវ​រៀប​ចំ​ខ្លួន​បែប​ណា​​ដើម្បី​​​ក្លាយ​ខ្លួន​ជា​ សហគ្រិន? តើ​សហគ្រិន ​ត្រូវ​​ប្រឈម​មុខ​នឹង​អ្វី​ខ្លះ?

 

 

លោក ជី សិលា នាយក​ប្រតិបត្តិ​​ក្រុម​ SABAY DIGITAL CORP. ​និង​ជា​ស្ថាបនិក​​សភា​យុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​​ ថា​ភាព​ជា​សហគ្រិន​គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្ពស់​។ ធុរកិច្ច​ជន​ដែល​បាន​ចាប់​ផ្ដើម​​អាជីវកម្ម​​ដោយ​លុយ​៥០០​ដុល្លារ​កាល​ពី​​ប្រមាណ​១៥​ឆ្នាំ​មុន​រូប​នេះ ថា​មនុស្ស​​លើ​ពិភពលោក​​គឺ​មាន​តែ​១%​ប៉ុណ្ណោះ អាច​ក្លាយ​ខ្លួន​ជា​សហគ្រិន ហើយ​៩៩%​ទៀត​ ​បាន​ត្រឹម​​ជា​អ្នក​ធ្វើ​​ការ​​ឲ្យ​សហគ្រិន​។

 

 

លោក ជី សិលា ដែល​បាន​​បោះ​បង់​ការ​សិក្សា​មហា​វិទ្យាល័យ​ត្រឹម​ឆ្នាំ​ទី​១​កាល​ពី​ទសវត្ស​​​រ៍​ឆ្នាំ​៩០ ទៅ​ធ្វើ​ការ​ឲ្យ​គេ​ ​ថា​ចំណុច​សំខាន់​ គឺ​​មនុស្ស​ជា​ទូទៅ​ចូល​ចិត្ត​ធ្វើ​​អ្វី​តាម​​គ្នា​។ ប៉ុន្តែ​ដើម្បី​ក្លាយ​ខ្លួន​ជា​សហគ្រិន ជំហាន​ដំបូង​​​​​គេ​ត្រូវ ​គិត​​និង​ស្វែង​រក​អ្វី​ដែល​ខុស​គេ​ មិន​ឲ្យ​ដូច​អ្នក​ផ្សេង​ និង​អត់​ធ្មត់​ជម្នះ​អ្វី​ថ្មីៗ​​​ជា​និច្ច​។

 

 

 

លោក ជី សិលា ​បាន​លើក​យក​​ចំណុច​ខ្លឹម​៥​យ៉ាង​ដែល​​យុវជន​គួរ​ដឹង​ដើម្បី​​​ក្លាយ​ខ្លួន​ជា​សហគ្រិន​ម្នាក់​។

  ​ -​មាន​​សុទិដ្ឋិនិយម​ក្នុង​ការ​គិត

  ​ គឺ​ត្រូវ​​ជឿជាក់​ថា​​គ្មាន​អ្វី​ដែល​មិនអាច​​ទៅ​រួច​នោះ​ទេ​​​ និង​​មិន​ត្រូវ​បោះបង់​វា​ចោល​ដោយ​ងាយ​ឡើយ​​។

 

 

​-ធ្វើ​ការ​កុំ​ស្ដាយ​កម្លាំង

 

 

លោក​ថា​​ការ​លត់​ដំ​នឹង​ការងារ​​​ឲ្យ​​ខ្លាំង​​ច្រើន​ប្រភេទ​​ជា ​​ការ​​រៀន​និង​សន្សំ​បទ​ពិសោធន៍​។ «​ឆ្នាំ​១៩៩៤​ ខ្ញុំ​ធ្វើ​ការ​​​ឲ្យ​គេ​​​១​ថ្ងៃ​១៥​ម៉ោង​ ៧​ថ្ងៃ​ក្នុង​មួយ​អាទិត្យ​។ ១០​ឆ្នាំ​ដែល​ខ្ញុំ​ធ្វើ​​ការ​ គឺ​​បទ​ពិសោធន៍​​ស្មើ​នឹង​​៦០​ឆ្នាំ​​ដែល​គេ​ធ្វើ​ការ​​ ហើយ ​វា​ជា​អ្វី​​​​ដែល​​នាំ​ឲ្យ​ខ្ញុំ​គឺ​ខ្ញុំ​ថ្ងៃ​នេះ​​។​​»

 

 

-ដាក់​វិន័យ​ខ្លួន​ឯង​

 

 

កំពុង​ចង្អុល​ទៅ​​ស្លាយ​បង្ហាញ​រូប​ភាព​លោក​ជិះ​កង់​មួយ​​ថ្ងៃ​ជាង​២០០​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ ក្រុង​ព្រះ​សីហនុ​ លោក​ សិលា ថា​ជា​សហគ្រិន​ម្នាក់​គឺ​ត្រូវ​​ដាក់​វិន័យ​ខ្លួន​ឯង​ឲ្យ​ធ្វើ​​ការ​ងារ​​ធ្ងន់ធ្ងរ​​​គ្រប់​បែប​ទាំង​អស់​ ពិសេស​ការងារ​ដែល​ខ្លួន​ឯង ​និង​អ្នក​ដ៏​​ទៃ​គិត​ថា​​លំបាក​មិន​ចង់​ធ្វើ​។ ​សហគ្រិន​ត្រូវ​អត់ធ្មត់​ ដើម្បី​​ឆ្ពោះ​ទៅ​គោលដៅ​ថ្មី​ៗ​។

 

 

-ធ្វើ​អ្វី​ៗ​ដែល​ចង់​ធ្វើ​កុំ​ខ្វល់​នឹង​ការ​តិះ​ទៀន

  ​ «​​កុំ​ខ្លាច​​​អ្នក​ចាំ​សើច​ថា​យើង​ក្មេង គ្មាន​លុយ​ គ្មាន​បទ​ពិសោធន៍។ ​មនុស្ស​ខ្លះ​គឺ​អីចឹង​ គេ​​មិន​ដែល​ធ្វើ​ទេ តែ​បើ​អ្នក​​ផ្សេង​អ្វី​​មួយ​គេ​ចាំ តែ​​​បន្ទោស​​ថា​អីចឹង ថា​អី​ចុះ ប៉ុន្តែ​គេ​មិន​ដែល​ធ្វើ​អ្វី​ឡើយ​​​»

 

 

-ក្លាហាន​

 

 

មនុស្ស​ជា​ទូទៅ​​ ​ខ្លាច​ក្នុង​ការ​ប្រឈម​​នឹង​ហានិភ័យ​ ប៉ុន្តែ​​ចំណុច​ខ្លាំង​របស់​​ សហគ្រិន គឺ​ត្រូវ​​​ក្លាយ​ហាន​ជា​និច្ច។

 

 

អ្វី​ដែល​ចាំ​​បាច់​ក្រៅ​​​ពី​​ធាតុ​​​ផ្សំ​ដែល​រៀប​រាប់​លោក ជី សិលា ថា​ អ្នក​ដឹក​នាំ​​​គឺ​ងាយ​​ណាស់​​ក្នុង​ការ​ប្រាប់​គេ​ថា​ជា​អ្នក​ដឹកនាំ តែ​ការ​ធ្វើ​គឺ​មិន​ស្រួល​ដូច​ការ​និយាយ​ឡើយ​។ សហគ្រិន​ គឺ​ត្រូវ​​តែ​ជា​បុគ្គល​មាន​សមត្ថភាព​ដឹក​​នាំ​ និង​មាន​អំណាច​​ខាង​បញ្ចុះ​បញ្ចូល​។

 

 

រី​ឯ​លោក ទេព លីវីណា ដែល​មាន​ដើម​ទុន​​១៨០០​ដុល្លារ ដើម្បី​បើក​​មជ្ឈមណ្ឌល​​បណ្ដុះ​បណ្ដាល​​​ភាសា​អង់គ្លេស​ EDNICHE ​ឡើង​​កាល​ឆ្នាំ​២០១០​នោះ ថា​ក្រៅពី​​​មាន​បំណិន​ផ្សេង​ៗ​​សហគ្រិន​ ត្រូវ​​លះ​បង់​ខ្ពស់​ណាស់​ ពិសេស​ពេល​វេលា។ «​​គឺ​ពេល​ខ្លះ​គេង​មិន​បាន​គ្រប់​ទេ។ គឺ​​គ្មាន​ថ្ងៃ​សម្រាក គ្មាន​ថ្ងៃ​អាទិត្យ​​ដើរ​លេង​ គ្មាន​​ការ​លម្ហែ​ ​ខ្លះ​គឺ​​ខ្ញុំ​​គ្មាន​ពេល​សម្រាប់​គ្រួសារ​​ខ្ញុំ​​ គឺ​​អ្នក​​ត្រូវ​​​បាត់​បង់​វា​ ប៉ុន្តែ​អ្នក​បាន​វិញ​នូវ​សេរី​ភាព គ្មាន​នរណា​គ្រប់​​គ្រង់​អ្នក​ គឺ​អ្នក​ខ្លួន​ឯង។ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​សំខាន់។ ខ្ញុំ​លើក​យក​​មិត្តភ័ក្ដិខ្ញុំម្នាក់ ​ក្រ​ណាស់កាល​វិទ្យាល័យ​ មិនមាន​​សូម្បី ម៉ូតូ​កង់​ជិះ​ គឺ​ទៅ​រៀន​ដោយ​ដើរ ប៉ុន្តែ​​​​​​ចង់​​នរណា​​សួ​អី​ក៏​វា​ដឹង វា​ស្គាល់​អ្នក​ឲ្យ​ចម្លើយ​បាន។ ឥឡូវ​គាត់​ជិះ Audi គឺ​ Audi Q7 និង​មាន​ជំនួញ​បី​បួន​មុខ​»។

 

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​

​​​

អត្ថបទថ្មី