ចម ប្រសិទ្ធិ៖ Rolls-Royce មិនតិចជាង ២០គ្រឿងកំពុងប្រើប្រាស់នៅកម្ពុជា
- 2015-03-18 23:29:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម ប្រសិទ្ធិ៖ Rolls-Royce មិនតិចជាង ២០គ្រឿងកំពុងប្រើប្រាស់នៅកម្ពុជា
ចន្លោះមិនឃើញ
លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានឲ្យដឹងថា មានរថយន្ត Rolls-Royce មិនតិចជាង ២០ គ្រឿង ដែលពលរដ្ឋកម្ពុជាកំពុងប្រើប្រាស់រៀងរាល់ថ្ងៃ បន្ទាប់ពីម៉ាករថយន្តដ៏ប្រណិតនេះបានសម្ពោធទីផ្សារលក់ក្នុងប្រទេសកម្ពុជាជិតមួយឆ្នាំនេះ។
លោកចម ប្រសិទ្ធិរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានថ្លែងក្នុងពេលចូលរួមធ្វើជាអធិបតីភាពពិធីបើកសម្ពោធអាគារតាំងបង្ហាញរថយន្ត Rolls-Royce កាលពីព្រឹកមិញថា តាមលោកដឹងមានរថយន្ត Rolls-Royce មិនតិចជាង ២០ គ្រឿងទេ ដែលពលរដ្ឋកម្ពុជាទិញប្រើប្រាស់ ដែលនេះបង្ហាញពីភាពជោគជ័យសម្រាប់ទីផ្សារលក់រថយន្តដ៏ប្រណិតនេះ នៅក្នុងប្រទេសកម្ពុជា។
លោកថា ទោះបី Rolls-Royce ត្រូវគេដឹងថាជារថយន្តដ៏មានតម្លៃថ្លៃសម្រាប់ត្រកូលអភិជន ប៉ុន្តែពលរដ្ឋកម្ពុជាមួយចំនួននៅតែមានលទ្ធភាពទិញរថយន្តនេះយកប្រើប្រាស់ ដោយសារតែពួកគេជឿជាក់លើគុណភាពនិងកេរ្តិ៍ឈ្មោះដ៏ល្អនៃរថយន្តដ៏ល្បីឈ្មោះនេះ។
មជ្ឈដ្ឋានពលរដ្ឋជាច្រើននៅតែមានមន្ទិលសង្ស័យសម្រាប់ការមកដល់នៃរថយន្តដ៏ប្រណិតលំដាប់មហាសេដ្ឋី Rolls-Royce នៅប្រទេសកម្ពុជា ប៉ុន្តែការសម្រេចបានជោគជ័យសម្រាប់ទីផ្សារលក់រថយន្តដ៏ប្រណិត Rolls-Royce បានបង្ហាញថា កម្ពុជាត្រៀមខ្លួនក្នុងការប្រកួតប្រជែងក្នុងតម្រូវការប្រើប្រាស់ររថយន្តប្រណិតតម្លៃថ្លៃៗនៅក្នុងតំបន់។
លោក Paul Harris នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកក្រុមហ៊ុន Rolls-Royce បានឲ្យដឹងថា កម្ពុជាជាទីផ្សារដែលមានភាពទាក់ទាញសម្រាប់បណ្ដាក្រុមហ៊ុនរថយន្តនានា ក្នុងការបោះមូលដ្ឋានលក់រថយន្តនៅក្នុងតំបន់។
លោកថា លោកមានភាពភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ជោគជ័យការលក់រថយន្ត Rolls-Royce នៅទីផ្សារប្រទេសកម្ពុជា ដែលនេះបានបង្ហាញពីទំនុកចិត្តរបស់អតិថិជនក្នុងការជ្រើសរើសរថយន្ត Rolls-Royce ជាជម្រើសទិញប្រើប្រាស់។
"ពលរដ្ឋកម្ពុជាមួយចំនួនពិតជាមានលទ្ធភាពក្នុងការទិញរថយន្តដ៏មានតម្លៃ Rolls-Royce ប្រើប្រាស់ ដោយសារប្រាក់ចំណូលរបស់ពួកគេមានការកើនឡើង និងស្របពេលដែលប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំ ដែលនាំភាពជោគជ័យសម្រាប់សហគ្រិនអាជីវកម្មនានា"។
យ៉ាងណាលោកមិនបានបង្ហាញពីចំនួនលក់ជាក់លាក់នៅទីផ្សារកម្ពុជា ប៉ុន្តែលោកបញ្ជាក់ឆ្នាំ ២០១៤ ការលក់រថយន្ត Rolls-Royce នៅទីផ្សារពិភពលោកមានការកើនឡើងប្រមាណ ៣០ ភាគរយ និងទីផ្សារអាស៊ីមានការកើនឡើងជាង ១៥ ភាគរយ។
ក្នុងថ្ងៃសម្ពោធអាគារតាំងបង្ហាញរថយន្ត Rolls-Royce នៅព្រឹកមិញនេះ ក្រុមហ៊ុនក៏បានបង្ហាញរថយន្តស៊េរីថ្មី Rolls-Royce Ghost Series II ដ៏ថ្មីសន្លាងសម្រាប់លក់លើទីផ្សារប្រទេសកម្ពុជា។
ព័ត៌មានលម្អិតពីរថយន្តនេះ Sabay នឹងផ្សាយជូននៅពេលក្រោយ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា