រឿង "៧​ថ្ងៃ" ឈរ​លើ​គេ​នៅ​រោងភាពយន្ត​ទំនើប​ៗ​នៅ​រាជធានី

  • 2015-03-21 17:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ពី​ក្រុម​ផលិត​បាន​ឲ្យ​ដឹង​ថា ភាពយន្ត "៧​ថ្ងៃ" របស់​ផលិតកម្ម Rich Kids Media បាន​ក្លាយ​ជា​ភាពយន្ត​មាន​សន្ទស្សន៍​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​គេ​នៅ​តាម​រោងភាពយន្ត​ទំនើប​ៗ​ទាំង​អស់​នៅ​រាជធានី​មាន Major Cineplex By Cellcard, Platinum Cineplex និង Legend Cinema គ្រប់​សាខា។

 

ចាន់ណា រ៉ូណាន អ្នក​ដឹកនាំ​រឿង បាន​ថ្លែង​ថា “តាម​ព័ត៌មាន​ដែល​ខាង​រោងភាពយន្ត​ទាំង​អស់​បញ្ជូន​មក​ឲ្យ​យើង គឺ​រឿង​របស់​យើង​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​គេ​ទាំង​អស់ ក្នុង​រយៈ​យើង​ដាក់​បញ្ចាំង​កន្លះ​ខែ​មក​នេះ!”។ យ៉ាង​ណា​ក៏​ដោយ​តួលេខ​ពិត​ប្រាកដ​នៃ​អ្នក​ចូល​ទស្សនា ក៏​ដូច​ជា​ចំនួន​សំបុត្រ​លក់​ចេញ មិន​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​ទេ ដោយ​ភាគី​រោងភាពយន្ត​សុំ​ទុក​ជា​ការ​សម្ងាត់។

 

 

ភាពយន្ត “៧​ថ្ងៃ" ត្រូវ​បាន​បើក​សម្ពោធ​ដាក់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី ៦ មីនា​កន្លង​មក។ រោងភាពយន្ត​ទំនើប​ទាំង​អស់​នៅ​រាជធានី​បាន​ទទួល​យក​រឿង​នេះ​ទៅ​ដាក់​បញ្ចាំង។ តាម រ៉ូណាន បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​កន្លះ​ខែ​មក​នេះ ចំនួន​អ្នក​ទស្សនា​មិន​មាន​ការ​ស្រកស្រុត​ទេ។ "តាំង​ពី​ថ្ងៃ​ដាក់​បញ្ចាំង​មក មាន​អ្នក​ចូល​ទស្សនា​ច្រើន​រហូត ហើយ​មក​ទល់​ឥឡូវ​ក៏​នៅ​តែ​ច្រើន និយាយ​ទៅ​ល្អ​មែន​ទែន"។

 

អ្នក​និពន្ធ និង​ដឹក​នាំ​រឿង​វ័យ​ក្មេង​រូប​នេះ ប្រាប់​ទៀត​ថា នៅ​រោងភាពយន្ត Major Cineplex By Cellcard តាំង​ពី​ដំបូង​ដាក់​បញ្ចាំង ៧​ដង​ក្នុង​១​ថ្ងៃ មក​ដល់​ឥឡូវ​នៅ​តែ​៧​ដង​ក្នុង​១​ថ្ងៃ​ដដែល។ ដោយ​ឡែក​នៅ Platinum Cineplex ដាក់​បញ្ចាំង​ដំបូង ៧​ដង​ក្នុង​១​ថ្ងៃ​ដូច​គ្នា ឥឡូវ​នៅ ៦​ដង​ក្នុង​១​ថ្ងៃ។ ហើយ Legend គ្រប់​សាខា ចុះ​ពី ៦​ដង មក​ត្រឹម ៤​ដង​ក្នុង​១​ថ្ងៃ។

 

 

យ៉ាង​ណា​ដោយ តាម រ៉ូណាន អ្នក​ទស្សនា​តាម​ម៉ោង​នីមួយ​ៗ នៅ​តែ​ច្រើន​នៅ​ឡើយ។ ក្រោយ​ពី​ជោគជ័យ អ្នក​និពន្ធ និង​ដឹក​នាំ​រឿង​មាន​ប្រវត្តិ​ហុត​ទឹក​គុយ​ទាវ​សល់​ពី​គេ​រូប​នេះ គ្រោង​យក​ទៅ​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​នៅ​តាម​បណ្តា​ខេត្ត​បន្ត​ទៀត។ "ឥឡូវ​យើង​កំពុង​តែ​ចុះ​ទៅ​មើល...ហើយ​តាម​ដែល​យើង​គ្រោង​មាន សៀមរាប ដាក់​បញ្ចាំង​ក្រោយ​ចូល​ឆ្នាំ បន្ត​មក​ទៀត​មាន បាត់ដំបង កំពង់​ចាម ស្វាយរៀង និង​ខេត្ត​ព្រះសីហនុ"។

 

 

ភាពយន្ត​ខ្នាត​ធំ​រឿង “៧​ថ្ងៃ” និយាយ​ពី​ការ​ដឹង​ខ្លួន​របស់​ខ្មោច​ដែល​ស្លាប់​ទៅ​ហើយ​គម្រប់​៧ថ្ងៃ​តាម​ការ ​តំណាល​ត​ៗ​គ្នា​របស់​ចាស់​ៗ។ អ្នក​និពន្ធ ចង់​បង្ហាញ​ពី​កម្មពៀរ​ពិត​ជា​មាន​មែន​លើ​លោក​សន្និវាស​យើង​នេះ។ ភាពយន្ត​ទី​១​របស់ Rich Kids Media នេះ​ចូល​រួម​សម្ដែង​ដោយ នី មុន្នីនាថ សុទ្ធ ពេញ​បរមី ទេព រិនដារ៉ូ សុធា ពិសិដ្ឋ ប៊ូសាយ ខ្ញុង នាយ យ៉ាន និង​តា​ចេក ជា​ដើម៕

 

អត្ថបទ៖ រឿង”៧​ថ្ងៃ” ចំណាយ​ទុនជិត ១០ម៉ឺន​ដុល្លារ ដាក់​បញ្ចាំង​ផ្លូវ​ការ

 

អត្ថបទ៖ ទារិកា