Sturridge របួសជាថ្មី មិនអាចប្រកួតជម្រុះ Euro បានទេ
- 2015-03-24 17:15:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sturridge របួសជាថ្មី មិនអាចប្រកួតជម្រុះ Euro បានទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Daniel Sturridge នឹងត្រូវខកខានជួយក្រុមជម្រើសជាតិអង់គ្លេស ក្នុងវគ្គជម្រុះ Euro ២០១៦ ទល់នឹងក្រុមលីទុយអានី នាថ្ងៃសុក្រនេះ ដោយសារបញ្ហារបួសត្រគាក។
កីឡាករ Liverpool វ័យ២៥ឆ្នាំរូបនេះ បានរងរបួសអំឡុងការប្រកួតរវាង Liverpool និង Manchester United កាលពីថ្ងៃអាទិត្យកន្លងទៅ។ មិនត្រឹមតែមិនអាចជួយក្រុមក្នុងការជម្រុះ Euro ២០១៦ នោះទេ រូបគេក៏នឹងត្រូវខកខានការប្រកួតលក្ខណៈមិត្តភាពរវាងអង់គ្លេស និងអ៊ីតាលីនៅទីក្រុង Turin ថ្ងៃអង្គារ ទី៣១ ចុងខែនេះដែរ។
នេះមិនមែនជារឿងថ្មីសម្រាប់ Sturridge នោះទេ ត្បិតអីកាលពីប្រកួតក្នុងវគ្គជម្រុះកន្លងមកក៏អតីតខ្សែប្រយុទ្ធក្រុម Chelsea មិនបានលេងដែរ ពោលគឺបញ្ហារបួសបានបង្ខំឲ្យរូបគេខកខានការប្រកួតទល់នឹងស្វីស សាន់ម៉ារីណូ អេស្តូនី និងស្លូវើនៀ។
ក្រៅពី Sturridge សមាជិកក្រុម Liverpool ម្នាក់ទៀត គឺ Adam Lallana ក៏ត្រូវដកចេញពីក្រុមជម្រើសជាតិអង់គ្លេសដែរ ដោយសាររបួសក្រលៀនពេលប៉ះក្រុមលោក Louis van Gaal ដូចគ្នា។
Sturridge ពេលប្រកួតឲ្យក្រុមជម្រើសជាតិអង់គ្លេសកន្លងមក
អង់គ្លេសកំពុងឈរលើគេក្នុងពូល E ដោយឈ្នះទាំង៤ប្រកួតដំបូង លើសក្រុមលេខ២ ដល់ទៅ៦ពិន្ទុ។ ក្រុមកំពូលតារាងទាំង២ នឹងជាប់ទៅលេងនៅ Euro ២០១៦ ដោយស្វ័យប្រវត្តិ៕
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ bbc