ព្រីម លីហ្សា ជួលជំនួយការ ១ខែ ៣ ពាន់ ដុល្លារ
- 2014-10-08 16:28:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រីម លីហ្សា ជួលជំនួយការ ១ខែ ៣ ពាន់ ដុល្លារ
ចន្លោះមិនឃើញ
តារាសម្ដែង Sexy កញ្ញា ព្រីម លីហ្សា ដែលគេស្គាល់ថា ជាតារាដែលហ៊ានចំណាយប្រាក់ក្បែរម៉ឺន ដុល្លារទិញសំលៀកបំពាក់នោះ ធ្លាប់បានបង្ហើបប្រាប់ Sabay ថា នាងបានជួលជំនួយការរកទីផ្សារនៅក្រៅប្រទេស ក្នុងតម្លៃ ៣ ពាន់ដុល្លារក្នុង ១ ខែ។
“យ៉ាងហោចណាស់ខ្ញុំចេញទៅក្រៅប្រទេសពីរទៅបីដង ពេលខ្លះ ១ សប្ដាហ៍ ពេលខ្លះ ១ ខែ ទៅតាមការអញ្ជើញ របស់ក្រុមហ៊ុននៅក្រៅស្រុកនោះ។ ទីផ្សារខ្ញុំរកបាននេះ គឺបានមកពីខ្ញុំមានជំនួយការនៅប្រទេសសិង្ហបុរី គាត់ជាអ្នករកទីផ្សារសិល្បៈឲ្យខ្ញុំ”។ ទាំងនេះជាការលើកឡើងរបស់ ព្រីម លីហ្សា។
លីហ្សា ដែលគេស្គាល់ថា តារាសម្ដែងដែលមិនសូវមានទីផ្សារក្នុងស្រុក ប៉ុន្តែសម្រុកទីផ្សារក្រៅប្រទេសរូបនេះបានទទួលស្គាល់ថា នាងមិនសូវមានទីផ្សារក្នុងស្រុកនោះទេ។ ការណ៍ដែលមិនសូវមានទីផ្សារនោះទំនងដោយសារតែផលិតកម្មក្នុងស្រុក មិនហ៊ានហៅនាងព្រោះខ្លាចមានតម្លៃខ្លួនថ្លៃ។
ប៉ុន្តែ ព្រីម លីហ្សា បានបញ្ជាក់ថា អ្វីៗសុទ្ធតែអាចចរចាគ្នាបាន ថ្វីបើនាងមានទីផ្សារក្រៅប្រទេសច្រើនហើយមានតម្លៃខ្លួនថ្លៃក៏ដោយ ។ លីហ្សាក៏បានបង្ហើបប្រាប់ដែរថា នាងចេញទៅក្រៅប្រទេសម្ដងៗ អាចកើបប្រាក់បានខ្ទង់ពាន់ដុល្លារ ឬក្បែរម៉ឺនដុល្លារឯណោះ។ ប្រទេសដែលនាងធ្លាប់បានចេញទៅចូលរួមកម្មវិធីសម្ពោធក្រុមហ៊ុនធំៗ និង សម្ដែង រួមមានប្រទេស វៀតណាម ថៃ និង សិង្ហបុរី។
កញ្ញា ព្រីម លីហ្សា បានហក់ចូលសិល្បៈកាលពីឆ្នាំ ២០០៦ បន្ទាប់ពីនាងបានឈប់រៀននៅសាលាវិចិត្រសិល្បៈ នៅត្រឹមថ្នាក់ទី ១០។ ផលិតកម្មដំបូងគេ ដែលនាងបានថត គឺផលិតកម្មឆ្លងដែន, ប៊្លូដាយមីន, និង ផលិតកម្ម បុប្ផា។ ជាបន្តបន្ទាប់ នាងបានថតសម្ដែងខារ៉ាអូខេ និងដើរតួសម្ដែង ឲ្យផលិតកម្ម FCI, SSB, ហង្សមាស, និង Sunday ជាដើម។
គួរកត់សម្គាល់ដែរថា កញ្ញា ព្រីម លីហ្សា បានទទួលពានរង្វាន់តារាសម្ដែងស្រីមានប្រជាប្រិយភាពប្រចាំឆ្នាំ ពីកម្មវិធីអាណាចក្រតារា ២០១៣។ ពានរង្វាន់នេះ គឺទទួលបានតាមរយៈការបោះឆ្នោត SMS ពីមហាជន៕
http://youtu.be/xUNg_adtu1o
សូមអានអត្ថបទកម្សាន្ដជាច្រើនទៀតសូមចុចត្រង់នេះ
អត្ថបទ៖ ប៊ិន ប៊ុណ្ណា