ជប៉ុនបិទមិនឲ្យយន្តហោះថៃខ្លះហោះចូលប្រទេសខ្លួន
- 2015-03-31 15:50:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនបិទមិនឲ្យយន្តហោះថៃខ្លះហោះចូលប្រទេសខ្លួន
ចន្លោះមិនឃើញ
ប្រទេសថៃកំពុងប្រឈមមុខនឹងត្រូវគេបិទមិនឲ្យមានជើងហោះហើរអន្តរជាតិថ្មីៗរបស់ខ្លួនទៅកាន់ប្រទេសដទៃ និងត្រួតតម្រូវឲ្យពិនិត្យបន្ថែម បន្ទាប់ពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បានលើកឡើងអំពីកង្វល់នៃសុវត្ថិភាពនៃការហោះហើររបស់ប្រទេសនេះ។
កង្វល់របស់ ICAO ទៅលើអាកាសចរណ៍ថៃគឺមិនត្រូវបានប្រកាសជាសាធារណៈដោយភ្នាក់ងារអង្គការសហប្រជាជាតិនោះទេ ប៉ុន្តែបានជូនដំណឹងទៅកាន់រដ្ឋាភិបាលប្រទេសនេះ។ លោក Kwak Young-pil មន្ត្រីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃប្រទេសកូរ៉េខាងត្បូង ថ្លែងថា ICAO បានបង្ហាញពីកង្វល់របស់ខ្លួនតាំងពីថ្ងៃទី២០ ខែមីនាម្ល៉េះ។
ប្រទេសជប៉ុនបានបិទជើងហោះហើរថ្មីៗពីប្រទេសថៃហើយ ដោយយោងតាមសេចក្ដីសម្រេចរបស់ ICAO។ ទន្ទឹមនឹងនេះ ប្រទេសកូរ៉េខាងត្បូងក៏កំពុងពិចារណាអំពីរឿងលុបការហោះហើរពីប្រទេសថៃដែរ។
ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍របស់ថៃ ដែលត្រូវបានលុបចោលជើងហោះហើរអន្តរជាតិ មានដូចជា Thai AirAsia X, NokScoot និង Asia Atlantic Airline។ ចំណែកជើងហោះហើរ Thai Airways ក៏រងផលប៉ះពាល់ផងដែរ។
អ្នកនាំពាក្យពីការិយាល័យនៃទីក្រុងតូក្យូ Noriaki Umezawa បានឲ្យដឹងថា ការបិទនេះគឺធ្វើជាបណ្ដោះអាសន្នទេ ដើម្បីឲ្យជឿជាក់ថា ជើងហោះហើរត្រូវបំពេញគ្រប់លក្ខខណ្ឌស្តង់ដារនៃប្រព័ន្ធសុវត្ថិភាពជាអន្តរជាតិ។
នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha បានប្រាប់ទៅកាន់សារព័ត៌មានទាក់ទងនឹងបញ្ហាខាងលើថា លោកបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសពិភាក្សាអំពីរឿងនេះហើយ ហើយបានបញ្ជាភ្លាមៗផងដែរឲ្យមានការរុះរើត្រួតពិនិត្យគ្រឿងម៉ាស៊ីនយន្តហោះនៅនាយកដ្ឋានអាកាសចរណ៍ស៊ីវិល។
រដ្ឋាភិបាលថៃចង់ឲ្យបញ្ហាទាំងនេះត្រូវដោះស្រាយមុនពេលដែលពិធីបុណ្យចូលឆ្នាំជាតិថៃចូលមកដល់ ដែលក្នុងនោះការហោះហើរនឹងមានការកើនឡើង។
អាកាសចរណ៍ថៃត្រូវបានត្រួតពិនិត្យដោយ ICAO ប្រហែលជាមួយទសវត្សមុន បន្ទាប់ពីការត្រួតពិនិត្យចុងក្រោយក្នុងឆ្នាំ២០០៥។ ការត្រួតពិនិត្យអាកាសចរណ៍ទៅលើប្រទេសមួយ គឺដើម្បីឲ្យច្បាស់ថា ជើងហោះហើររបស់ប្រទេសនោះគឺប្រកបដោយសុវត្ថិភាព៕
-អានអត្ថបទ៖ រកឃើញលាមកមនុស្សផ្ទុកលោហៈធាតុមាស មានតម្លៃរាប់លានដុល្លារ!
អត្ថបទ៖ មាន រតនា ប្រភព៖ AP, news.com.au