មាន សូនីតា នឹង​ឡើង​​ប្រកាស​​ជយលាភី នៅ​​មហោស្រព​ភាពយន្ត​នៅ​ម៉ាឡេស៊ី

  • 2015-04-01 13:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​តារា​ប្រុស​ខ្មែរ​ពីរ​ដួង គឺ Cheky និង វណ្ឌី ពិសិដ្ឋ ទើប​ឡើង​កម្រាល​ព្រំ​ក្រហម​នៅ​ជប៉ុន ឥឡូវ មាន សូនីតា តារា​ល្បី​ឈ្មោះ​មួយ​រូប​ទៀត​របស់​កម្ពុជា ត្រៀម​នឹង​ឡើងឆាកអន្តរជាតិ​ឆ្លង​កាត់​​កម្រាល​ក្រហម ក្នុង​មហោស្រព​ធំ​​​ធ្វើ​ឡើង​នៅ​ម៉ាឡេស៊ី​សប្តាហ៍ក្រោយនេះ​។

 

 

កម្មវិធី​ដែល សូនីតា ត្រូវ​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហមហើយ​ឡើង​ជាអ្នកប្រកាសពាន​រង្វាន់លើ​ឆាក​ទៀត​​នោះ គឺ​កម្មវិធី Asean International Film Festival & Award ដែល​មាន​តារា​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជា​ច្រើន​ចូល​រួម។ សូនីតា ប្រាប់​ថា នាង​ទើប​ទទួល​បាន​ព័ត៌មាន​នេះ​ថ្មី​ៗ​ដែរ យ៉ាង​ណា​នាង​មិន​ច្បាស់​ទេ ថា​ហេតុអ្វី​នាង​ត្រូវ​បាន​ជ្រើសរើស។

 

ទោះ​យ៉ាង​នេះ​ក្ដី តារា​ស្រី​វ័យ ២៥​ឆ្នាំ​រូប​នេះ ប្រាប់​ថា​នាង​មោទនភាព​ណាស់។ "សម្រាប់​ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​រឿង​ធម្មតា​ពេក​ទេ​រឿង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ឆាកអន្តរជាតិ ពិសេស​ គឺការឡើងលើឆាក​ជាអ្នក​ប្រកាសពាន​ទៀត ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​នេះ​ជា​លើក​ទី​១​ដែល​ខ្ញុំ​បាន​ចូល​កម្មវិធី​ធំ​បែប​នេះ​នៅ​អន្តរជាតិ ដែល​មាន​តារា​មក​ពី​ប្រទេស​ជា​ច្រើន​ទៀត​ចូល​រួម​ដូច្នេះ"។

 

នេះ​ជា​លើក​ទី​២ សម្រាប់​ដំណើរ​លើ​ព្រំ​ក្រហម​របស់ សូនីតា។ ប៉ុន្តែ​ជា​លើក​ទី​១​សម្រាប់​ការ​បង្ហាញ​វត្តមាន​លើ​កម្រាល​ព្រំ​នេះ​នៅបរទេស។ តាម​តួឯក​ស្រី​ក្នុង​រឿង "នាយ​ឡប់​ជំពប់​ស្នេហ៍" រូប​នេះ បទ​ពិសោធន៍​លើក​ទី​១​បំផុត​ក្នុង​ឆាក​ជីវិត​ជា​តារា​របស់​នាង​លើ​កម្រាល​ព្រំ​ក្រហម គឺ​កើត​ឡើង​នៅ​ក្នុង​ស្រុក ក្នុង​កម្មវិធី​អាណាចក្រ​តារា។

 

 

វិល​មក​វត្តមាន​លើ​ឆាក​អន្តរជាតិ​​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ មាន សូនីតា ប្រាប់​ថា នាង​នឹង​ធ្វើ​ជា Presenter ​ដោយ​ចាប់​ដៃគូ​ជាមួយ​បុរស​ជនជាតិ​ម៉ាឡេស៊ី ប៉ុន្តែ​នាង​មិន​ច្បាស់​ទេ​ថា កម្មវិធី​នេះ​មាន​តែ​នាង ឬ​ក៏​មាន Presenter គូ​ផ្សេង​ទៀត​ដែរ។ "ដោយ​សារ​ខ្ញុំ​អត់​ទាន់​ទទួល​ព័ត៌មាន​លម្អិត អីចឹង​ខ្ញុំ​អត់​ទាន់​ច្បាស់​ទេ ថា​មាន​អ្នក​ផ្សេង​ទៀត​ឬ​អត់ តែ​បើ​ខ្ញុំ គឺ​គេ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ឈ្មោះ​ភាពយន្ត​ណា​ជា​អ្នក​ឈ្នះ​អីចឹង​ណា​បង!”។

 

កម្មវិធី  Asean International Film Festival & Award នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់​កណ្ដាល​ខែ​នេះ​​ក្រៅពី សូនីតា គេរំពឹងថានិងមានសិល្បករ​អ្នកផលិត​ភាពយន្តខ្មែរ​មួយចំនួនទៀត​និងចូលរួម​បង្ហាញវត្តមាន​​លើព្រំក្រហមដែរ​គ្រាន់តែមិនបាន​ឡើងឆាកជា​អ្នក​ប្រកាស​​ដូចនាង​។

សូនីតា​ប្រាប់​ថា នាង​នឹង​ត្រៀម​សំលៀកបំពាក់​ពិសេស​សម្រាប់​ព្រឹត្តិការណ៍​នេះ។

"ឥឡូវ​មិន​ទាន់​ដឹង​ថា ម៉ូដ​អី​នៅ​ឡើយ​ទេ ប៉ុន្តែ​អាច​ថា​ឈុត​ណា ដែល​គេ​អាច​មើល​ទៅ​ដឹង​ថា​យើង​ជា​ខ្មែរ"៕

 

អត្ថបទ៖ ទារិកា