អាកាសចរណ៍ថៃរងផលប៉ះពាល់អ្វីខ្លះ ក្រោយប្រទេសអាស៊ី៣បិទជើងហោះហើរ?
- 2015-04-01 22:43:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាកាសចរណ៍ថៃរងផលប៉ះពាល់អ្វីខ្លះ ក្រោយប្រទេសអាស៊ី៣បិទជើងហោះហើរ?
ចន្លោះមិនឃើញ
ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនក្នុងប្រទេសថៃ កំពុងរងវិបត្តិយ៉ាងធ្ងន់ធ្ងរ ក្រោយគោលដៅធំៗបីនៅអាស៊ី ដែលមានជប៉ុន ចិន និងកូរ៉េខាងត្បូង ហាមឃាត់មិនឲ្យជើងហោះហើរពីប្រទេសមួយនេះហោះចូល។ ការហាមឃាត់ កើតមានឡើងបន្ទាប់ពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) បង្ហាញកង្វល់ចំពោះសុវត្ថិភាពហោះហើររបស់ប្រទេសថៃ។
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Asia Altantic Airline
ប្រធាននាយកដ្ឋានអាកាសចរណ៍ស៊ីវិលថៃ លោក Somchai Piputwat បានអះអាងថា អ្នកដំណើរជិត ១២ម៉ឺននាក់ ដែលចង់ធ្វើដំណើរទៅជប៉ុន នឹងត្រូវរងផលប៉ះពាល់ខ្លាំងក្នុងរយៈពេល ២ខែបន្ទាប់ ព្រោះការរឹតត្បិតថ្មីនេះ។ "បើសិនយើងមិនអាចដោះស្រាយបញ្ហាចេញ នៅរយៈពេល ៨ខែបន្ទាប់ទេ ផលប៉ះពាល់អាចនឹកស្មានមិនដល់"។ នេះបើតាម លោក Somchai និយាយប្រាប់អ្នកយកព័ត៌មាន។
អ្នកដំណើរប្រមាណ ៧៧០០០នាក់ ដែលកក់ជើងហោះហើរទៅកាន់ប្រទេសជប៉ុន សម្រាប់ខែមេសា និងខែឧសភា ជាមួយកម្មវិធី "ហោះហើរលើផ្លូវឆ្ងាយ តែតម្លៃទាប" របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsiaX នឹងរងផលប៉ះពាល់ដោយការហាមឃាត់របស់ជប៉ុន។ លើសពីនេះ អ្នកដំណើរ ២៧០០០នាក់ នៃក្រុមហ៊ុនអាកាសចរណ៍ NokScoot និងអ្នកដំណើរ ១០០០០នាក់ នៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways International ព្រមទាំងអ្នកដំណើរ ៣៦០០នាក់ នៃក្រុមហ៊ុនអាកាសចរណ៍ Asia Altantic Airline ក៏ត្រូវរងផលប៉ះពាល់ដូចគ្នា។
កម្មវិធី "ហោះហើរលើផ្លូវឆ្ងាយ តែតម្លៃទាប" របស់ក្រុមហ៊ុនអាកាសចរណ៍ NokScoot អាចនឹងខាតបង់ ៤០០លានបាត (១២លានដុល្លារ) សម្រាប់ចំណូលឆ្នាំនេះ បន្ទាប់ពីមន្ត្រីជប៉ុនបដិសេធមិនអនុញ្ញាតឲ្យជើងហោះហើរ៤៤ ហោះចូលប្រទេសរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោក Piya Yodmani ដែលជាប្រធានប្រតិបត្តិក្រុមហ៊ុន។ លោក Piya បានបន្តទៀតថា ក្រុមហ៊ុនអាកាសចរណ៍ NokScoot ត្រូវផ្ទេរអ្នកដំណើរ ២០០០០នាក់ ដែលមានទិសដៅទៅក្រុងអូសាកា និងក្រុងតូក្យូ ប្រទេសជប៉ុន ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ក្នុងអំឡុងចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៣០ ខែឧសភា។
ចំពោះក្រុមហ៊ុនអាកាសចរណ៍ AirAsiaX នឹងត្រូវបាត់បង់អ្នកដំណើរ ១៥ម៉ឺននាក់នៅឆ្នាំនេះ ប្រសិនបើជប៉ុនមិនអនុញ្ញាតឲ្យចាប់ផ្ដើមជើងហោះហើរទៅកាន់ទីក្រុងសាប៉ូរ៉ូ ពីថ្ងៃទី១ ខែកក្កដា។ នេះបើតាមការបញ្ជាក់របស់លោក Nadda Buranasiri ជានាយកប្រតិបត្តិប្រចាំក្រុមហ៊ុន។
អ្នកវិភាគបានលើកឡើងថា ការរឹតបន្តឹងនេះមានផលប៉ះពាល់លើវិស័យទេសចរណ៍ថៃយ៉ាងខ្លាំង ដោយសារជើងហោះហើរដំណើរការបានតែ ៥ភាគរយប៉ុណ្ណោះ ក្នុងចំណោមជើងហោះហើរទាំងអស់។ លោក Surapong Techaruvichit ជាប្រធានសមាគមសណ្ឋាគារថៃ (Thai Hotels Association) បាននិយាយថា លោកមានការព្រួយបារម្ភខ្លះដែរ ទៅលើផលប៉ះពាល់ចំពោះការកក់សណ្ឋាគារអំឡុងថ្ងៃចូលឆ្នាំថ្មី ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខ។
នាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha បានបញ្ជាក់ថា នឹងបើកឲ្យភ្នាក់ងារសុវត្ថិភាពហោះហើររបស់អឺរ៉ុប(EASA) ស៊ើបអង្កេតទៅលើប្រតិបត្តិការនៃទីភ្នាក់ងារគ្រប់គ្រងអាកាសចរណ៍ថៃ ដើម្បីជួយស្រោចស្រង់ទំនុកចិត្តពីអន្តរជាតិឡើងវិញ។ "ដំបូងយើងអនុញ្ញាតឲ្យ EASA ចូលមកបង្កើតទំនុកចិត្តសិន... ហើយចាំបង្កើតគណៈកម្មការ បញ្ចប់ការហាមឃាត់ក្នុងរយៈពេលមួយខែ"។ លោក Prayut និយាយប្រាប់អ្នកយកព័ត៌មាន៕
ចុចអាន៖ ជប៉ុនបិទមិនឲ្យយន្តហោះថៃខ្លះហោះចូលប្រទេសខ្លួន
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ abs-cbnnews