​គំរូ "សេវាកម្ម​បុណ្យ​សព” ​​ឈ្នះ​មេដាយ​មាស​តំបន់​ និង​បន្ត​ទៅ​​ប៉ះ​និស្សិត​សាកលវិទ្យាល័យ​ល្បី​ៗ​លើ​លោក​នៅ អាមេរិក​

  • 2015-04-02 15:31:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គំរូ​អាជីវកម្ម​រៀប​ចំ​បុណ្យ​សព​​​​មិន​ធ្លាប់​មាន​​​ឈ្មោះ​ថា​ RIP Funeral ​Service Agency ​បាន​​ធ្វើ​ឲ្យ​​​​​យុវតី​ស្ថាបនិក​ខ្មែរ​២​រូប​គឺ​​កញ្ញា ហោ ស៊ីវហុង និង​ ឡាយ ឈុនយី​​ ​​បំបែក​ឯតទគ្គកម្ម​​​ឈ្នះ​មេដាយ​មាស​​​នៃ​​ការ​​ប្រកួត​​គំរូ​អាជីវកម្ម​​ប្រចាំ​មហា​អនុ​តំបន់​​​​ទន្លេ​មេគង្គ Menkong Business Challenge និង​កំពុង​ត្រៀម​​បន្ត​​ទៅ​​ការ​ប្រកួត​​កម្រិត​​អន្តរជាតិ​កំពូល​នៅ​ សហរដ្ឋ​អាមេរិក​នៅ​​ខែ​ឧសភា​​។

 

​​និស្សិត​​​​​សាកលវិទ្យាល័យ​​ផ្នែក​ច្បាប់​​ឆ្នាំ​ទី​៤​ ឈុនយី​ និ​ង​ផ្នែក​ធនាគារ​​​ហិរញ្ញវត្ថុ​​ ស៊ីវហុង ​​បាន​ចាប់​ដៃ​​​គ្នា​ជា​ក្រុម​ ជម្រុះ​រហូត​ឈ្នះ​ជើង​ឯក​​ថ្នាក់​ជាតិ​លើ​ក្រុម​​​និស្សិត​​​គ្រប់​​សាកលវិទ្យាល័យ​​​ទូទាំង​ប្រទេស​ជាង​៦០​ក្រុម​ ​កាល​ខែ​មករា​​។ ​​ជើង​​ឯក​ជាតិ​ជា​ឱកាស​បើក​ផ្លូវ​ឲ្យ​ ឈុនយី​​ និង​ស៊ីវហុង នាំ​​យក​​គំរូ​​​អាជីវ​កម្ម​ "សេវាកម្ម​បុណ្យ​សព" ​​ទៅ​​​​បន្ត​​ប្រជែង​​ពាន​រង្វាន់​ថ្នាក់​តំបន់​​​ Mekong Business Challenge នៅ​​ទីក្រុង​ហាណូយ ជាមួយ​ក្រុម​និស្សិត​​១០​ក្រុម​ទៀត​មក​​ពី​ប្រទេស​សមាជិក​មហា​អនុ​តំបន់​ទន្លេ​​មេគង្គ​​រួម​មាន​ ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម ខេត្ត​​យូណាន និង ​ចិន។ ជា​លទ្ធផល​​​​យុវតី​វ័យ​២៣​ និង​ ​២១​ឆ្នាំ​​​ បាន​ឈ្នះ​​ជើង​ឯក​ ដែល​​ក្រុម​​កម្ពុជា​កន្លង​មក ​​មិន​​ធ្លាប់​​ធ្វើ​បាន​សោះ​​​។

 

 ឡាយ ឈុនយី (ស្ដាំ) និង ហោ ស៊ីវហុង

 

គំរូ​អាជីវកម្ម​​ ​សេវា​កម្ម​បុណ្យ​សព RIP Funeral Service Agency

 

ជា​គំនិត​អាជីវកម្ម​​​ ដែល​​​រៀប​ចំ​ជា​ស្លាយ៍​​​​មាន​២០​ទំព័រ ដើម្បី​​​ធ្វើ​បទ​បង្ហាញ​​​និង​ពន្យល់​ ក្នុង​រយៈ​ពេល​កំណត់​១០​នាទី មុន​ពេល​គណៈវិនិច្ឆ័យ​​​ឈ្លេច​​សួរ​​១០​នាទី​ទៀត​​។ គំរូ​អាជីវកម្ម​នេះ បាន​​​​សង្កត់​លើ​ការ​ស្ទាបស្ទង់​ដែល​អាច​ធានា​ភាព​ជោគជ័យ​ដូច​ជា អតិថិជន ការ​ផ្សព្វផ្សាយ បណ្ដាញ​​ផ្គត់ផ្គង់​​ ធនធាន ការ​ចំណាយ និង​ផល​ចំណូល​ ជា​ដើម។ វា​ជា​​​​គំរូ​សេវាកម្ម​ ទទួល​រៀប​ចំ​បុណ្យ​សព​សម្រាប់​អតិថិជន​​នៅ​ភ្នំពេញ។ ​អ្វី​ដែល​ពិសេស​គឺ​អតិថិជន​ មិន​​បាច់​ខ្វល់​ពី​ការ​ចំណាយ​​។ RIP Funeral Service Agency ​រៀប​ចំ​បុណ្យ​សព​ ដោយ​​យក​ប្រាក់​​កុំមីស្យុង ​ពី​​ការ​ទិញ​​របស់​របរ​ផ្សេង​ៗ​​រៀបចំ​ពិធី គឺ​មិន​គិត​ប្រាក់​ពី​​អតិថិជន​​ឡើយ​​។

 

«​​អាជីវ​កម្ម​​​​ប្រកួត​បាន​​ លុះ​ត្រា​តែ​​ជា​ដំណោះ​ស្រាយ​​​សង្គម ​ហើយ​ក៏​ត្រូវ​រក​​បាន​​​ប្រាក់​ចំណេញ។ ​ខ្ញុំ​មាន​មិត្តភ័ក្ដិ​ម្នាក់​​​ស្លាប់​​។​ គាត់​ជា​កូន​​​​តែ​ម្នាក់​​​​​គត់​​ក្នុង​គ្រួសារ។ ​ពេល​​ខ្ញុំ​ទៅ​បុណ្យ​​ឃើញ ​ម្ដាយ​គាត់​​យំ​សន្លប់​បី​បួន​ដង​ ធ្វើ​អី​មិន​កើត​ទេ​​​​ បុណ្យ​ក៏​គ្មាន​អ្នក​រៀប​ចំ​គឺ​គាត់​លំបាក​​ណាស់​​​​​។ ​​​​ខ្ញុំ​ក៏​គិត​​ថា​ មង្គលការ​​​​មាន​​ផ្នួង​ មាន​គេ​រៀប​ចំ​ ចុះ​​ម៉េច​មនុស្ស​ស្លាប់​មិន​មាន​បែប​ហ្នឹង? មង្គល​ការ ​ភ្ជាប់​ពាក្យ ​អាច​មាន​គម្រោង​ថា​ពេល​នេះ​ពេល​នោះ តែ​ការ​ស្លាប់​​គ្មាន​នរណា​ដឹង​​ថា​ពេល​ណា  ​កន្លែង​ទេ​​។ ដូច្នេះ​វា​​​​នឹង​ជួយ​គ្រួសារ​សព​បើ​យើង​មាន​សេវា​បែប​ហ្នឹង​។ ​

 

ដូច​ថា​អីចឹង ការ​ស្លាប់​គ្មាន​នរណា​​​កំណត់​ទេ​​ ការ​ស្លាប់​មាន​រាល់​​ថ្ងៃ​​។ គេ​​ថា​បុណ្យ​សព​ គឺ​ជា​ការ​លា​​គ្នា​ ជូន​ដំណើរ​គ្នា​ ជា​លើក​ចុងក្រោយ​បង្អស់ ចុះ​ហេតុ​អ្វី​បាន​ជា​គ្រួសារ​ខ្លះ​មិន​អាច​ធ្វើ​វា​ឲ្យ​​បាន​​​​សម​រម្យ​​​​​ ព្រោះ​តែ​មិន​មាន​លុយកាក់? ​​​ការ​​រៀប​ចំ​បុណ្យ​សព​គឺ​សាំ​ញ៉ាំ​គ្មាន​ជួប​គាត់​ទេ ដូច្នេះ​​គឺ​មាន​ពួក​យើង​​​ជួយ​​គាត់ ហើយ​​គាត់​ក៏​មិន​បាច់​លំបាក​ដើរ​ទិញ​នេះ​ទិញ​នោះ មិន​ចាំ​បាច់​​គេ​កោ​​ថ្លៃ​ៗ​»។ ​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ទាំង​រូប​ លើក​ឡើង​ពី​អ្វី​ដែល​នាង​សម្រេច​ចិត្ត​ បង្កើត​គំរូ​អាជីវកម្ម​នេះ​ឡើង​ រហូត​ឈ្នះ​មេដាយ​មាស​ប្រចាំ​តំបន់​។

 

គំរូ​​សេវា​កម្ម​នេះ​ ក៏​និយាយ​ពី​ការ​ចាប់​ដៃ​គូ​ជាមួយ ក្រុមហ៊ុន​ធានារ៉ាប់រង ធនាគារ​ និង​​​ គ្រឹះស្ថាន​​​មីក្រូ​ហិរញ្ញវត្ថុ​ ដើម្បី​ធ្វើ​យ៉ាង​ណា​​ឲ្យ​អតិថិជន​មិន​ចាំ​បាច់​បារម្ភ​រឿង​អត់​ប្រាក់ ​ធ្វើ​បុណ្យ​ពេល​សមាជិក​គ្រួសារ​បាត់បង់​ជីវិត។

 

កំណត់​ត្រា​មេដាយ​មាស

 

​៩​ឆ្នាំ​​​ហើយ​​​​ដែល​​ការ​ប្រកួត​​នេះ​​បាន​រៀប​ចំ​ឡើ​ង​ តែ​ កម្ពុជា មិន​ធ្លាប់​ឈ្នះ​ជើង​​ឯក​សោះ ឬ​សូម្បី​ជើង​ឯក​​​រង។ ក្នុង​ការ​ប្រកួត គ្រប់​ក្រុម​ទាំង​អស់​មាន​​រយៈ​​១០​នាទី ដើម្បី​ធ្វើ​បទ​បង្ហាញ​​ពី​គំរូ​ជីវកម្ម​​ក្រុម ដែល​មាន​​​​គណៈ​វិនិច្ឆ័យ​​​​អន្តរជាតិ​មក​ពី ​អាល្លឺម៉ង់ ជប៉ុន អាមេរិក សិង្ហ​បូរី​ ជា​ដើម​វាយ​តម្លៃ​ និង​ឈ្លេច​សួរ។

 

«​​​ពេល​ប្រកាស​​គេ​ចាប់​ប្រកាស​ពី​លេខ​៣​មុន រួច​លេខ​២​ គឺ​ពួក​​យើង​​​​គិត​ថា​ប្រហែល​គ្មាន​​សង្ឃឹម​ទេ ព្រោះ​ក្រុម​គេ​​ខ្លាំង​ៗ​ សុទ្ធ​​​តែ​​អនុបណ្ឌិត​ពាណិជ្ជកម្ម។ ​ណា​មួយ ​​មុន​ពេល​ដែល​ពួក​យើង​ទៅ​​​ មិត្តភ័ក្ដិ​​និង​មនុស្ស​មួយ​ចំនួន​​​ឮ​យើង​និយាយ​ គេ​​​ថា​ទៅ​ប្រកួត​​អី​ស្រី​ៗ​ក្មេងៗ​​អីចឹង​ ទៅ​អី​ឈ្នះ​គេ ហើយ​​នឹក​ឃើញ​អី​មិន​ឃើញ​ទៅ​យក​​​​​​​រឿង​​បុណ្យ​ខ្មោច​អីចឹង​​គឺ​រឹត​តែ​​​គួរ​ឲ្យ​​​ចង់​សើច​​ណាស់​។ ប៉ុន្តែ​ពួក​​យើង​​គិត​ថា​​​​ជា​​​​មោទនភាព​​ដែល​​អាច​យក​ ប្រពៃណី​មួយ​​របស់​​ខ្មែរ​ទៅ​បង្ហាញ​គេ ហើយ​​​វា​ជា​រឿង​ដ៏​រំភើប​​​​​និង​មោទនភាព​ ​​ដែល​ទី​បំផុត​​ពួក​យើង​ត្រូវ​គេ​ប្រកាស​ថា​ជា​ជើង​ឯក​។ គឺ​វា​ដោយ​សារ​​អាជីវកម្ម​របស់​យើង​ពុំ​បាន​ផ្ដោត​លើ​ប្រាក់​ចំណេញ​ច្រើន​ទេ គឺ​ជួយ​សង្គម​​ច្រើន​វិញ​​​​»។

 

 

ជប៉ុន ចាប់​អារម្មណ៍​​អនុវត្ត​គំរូ​​សេវា​កម្ម​បុណ្យ​សព​

 

​យុវតី​​ទាំង​២​​នាក់ បង្ហើប​​​ថា​គំរូ​អាជីវ​កម្ម​ឈ្នះ​មេដាយ​មាស​នេះ ​​បាន​ទាក់​ទាញ​​​វិនិយោគិន​មួយ​ចំនួន​ចង់​យក​ទៅ​​អនុវត្ត​បើក​អាជីវកម្ម​ពិត​។ ​ប៉ុន្តែ ស៊ីវហុង និង​ឈុនយី​ ពុំ​ទាន់​​ចង់​គិត​ដល់​ការ​​បើក​ដំណើរការ​អាជីវកម្ម​ ដែល​កំពុង​ស្ថិត​ក្នុង​គំរូ​នេះ​​​នៅ​ឡើយ ដោយ​ថា​​​​នៅ​កំពុង​រៀន ពុំ​មាន​បទ​ពិសោធន៍​​​​ និង​ពុំ​មាន​ទុន​​ផង។ សហ​ស្ថាបនិក​គំរូ​អាជីវកម្ម​បុណ្យ​សព​​ពោល​ថា៖​​ «​​កាល​សិក្ខាសាលា​​​អាជីវកម្ម​ខ្នាត​តូច​​ដើម​ខែ​ហ្នឹង សហគ្រិន​​មក​ពី​ជប៉ុន​គាត់​បាន​ចាប់​​អារម្មណ៍​ តែ​​វា​ជា​រឿង​បន្ទាប់​​​ទៀត​ ខ្ញុំ​​មិន​ទាន់​ចង់គិត​ទេ​​។ សំខាន់​ពេល​នេះ ​ពួក​ខ្ញុំ​កំពុង​គិត​រឿង​ទៅ​ប្រកួត​នៅ​អាមេរិក​សិន​ ចាំ​យើង​មក​​​​វិញ ​យ៉ាង​ម៉េច​ៗ​ ចាំ​យើង​ស្ទាបស្ទង់​ទីផ្សារ​​ឲ្យ​​ហ្មត់ចត់​បំផុត​​»។

 

 

 

ឆ្ពោះ​ទៅ​​​កាន់​អាមេរិក​ប៉ះ​ក្រុម​និស្សិត​សាកលវិទ្យាល័យ​ល្បី​ៗ​លើ​លោក​

 

លោក Stephen Paterson  សហ​ស្ថាបនិក​​​​កម្មវិធី​ប្រជែង​ពាន​រង្វាន់​គំរូ​អាជីវកម្ម​ Mekong Business Challenge និង​ជា​ទីប្រឹក្សា​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​​ ថា​​​ជយលាភី​​​​​ប្រចាំ​តំបន់ ឈុន​យី​ និង​ ស៊ីវ ហុង ​នឹង​ត្រូវ​បញ្ជូន​​ទៅ​ប្រកួត​​​ជា​អន្តរជាតិ​​ International Business Model Competition នៅ​សាកលវិទ្យាល័យ Brigham Young University រដ្ឋ​​យូតា​​​​ថ្ងៃ​ទី ១​ឧសភា​ខាង​មុខ​​។ ​ទី​នោះ​​ ក្រុម​យុវតី​ខ្មែរ​នឹង​ ប្រកួត​ប្រជែង​​​​ជាមួយ​​ក្រុម​និស្សិត​​​ជាង​៥០​ក្រុម​ទៀត មក​ពី​​​សាកលវិទ្យាល័យ​​ល្បីៗ​​​​តាម​ប្រទេស​​ផ្សេង​ៗ​ ​មាន​ទាំង​សាកលវិទ្យាល័យ​​លំដាប់​ពិភពលោក Harvard និង Stanford។

 

កម្ពុជា​លើ​ឆាក​ពិភពលោក​

 

សហ​ស្ថាបនិក​គំរូ​អាជីវកម្ម​បុណ្យ​សព​​​​ ពុំ​បង្ហើប​​ថា​​មាន​ជំនឿ​​​​ចិត្ត​​​បាន​លទ្ធផល​បែប​ណា​ទេ តែ​​​កង្វល់​គឺ​ថា​ជា​រឿង​លំបាក ដែល​ត្រូវ​​ប្រឈម​នឹង​គំរូ​​អាជីវកម្ម​របស់​ក្រុម​និស្សិត​កម្រិត​សិក្សា​ខ្ពស់​ៗ​​​មក​ពី​​សាកលវិទ្យាល័យ​ លំដាប់​​​ថ្នាក់​ពិភពលោក​ក៏​មាន​។  យ៉ាង​ណា​មិញ​​ ឈុនយី​ និង​ស៊ីវហុង ​​ថា​លទ្ធផល​​​បែប​ណា​គឺ​ជា​រឿង​មួយ​ តែ​អ្វី​ដែល​កញ្ញា​​​​ធ្វើ​បាន​សម្រាប់​​ប្រជាជន​​​កម្ពុជា ​គឺ​នឹង​​​បង្ហាញ​ពិភព​លោក​ថា​យុវជន​កម្ពុជា​​មាន​សមត្ថភាព​​​ នឹង​រំពឹង​ថា​គេ​កាន់​តែ​ស្គាល់​ប្រទេស​​​​ជ្រោយ​ឥណ្ឌូចិន​នេះ ពិសេស​​​ទាក់ទាញ​វិនិយោគ​មក​កាន់​កម្ពុជា​​​។ «​​សំខាន់​មួយ​ទៀត​ពួក​ខ្ញុំ​នឹង​បង្ហាញ​ពិភពលោក​ឲ្យ​គេ​ស្គាល់​ខ្មែរ ព្រោះ​ថា​អាមេរិក​និង​អឺរ៉ុប​ខ្លះ​គេ​មិន​ស្គាល់​ខ្មែរ​​នៅ​ឯ​ណា​ទេ ​​យើង​អាច​បង្ហាញ​​​​ប្រពៃណី​​​បុណ្យ​សព​ប្លែក​ពី​គេ​របស់​ខ្មែរ​​ឲ្យ​គេ​ស្គាល់​​​​ ហើយ​​មួយ​ទៀត​​​និស្សិត​ខ្មែរ​​យើង​៩០​ភាគ​រយ​ ​តែង​រៀន​ដើម្បី​​ធ្វើ​ការ​​​ឲ្យ​គេ អីចឹង​វា​នឹង​លើក​ទឹក​ចិត្ត​​​យុវជន​ថា​គំនិត​​អាជីវកម្ម​យុវជន​យើង​ក៏​មិន​ធម្មតា​ដែរ ហើយ​​យុវជន​​​យើង​ត្រូវ​រៀន​អ្វី​ដែល​ថ្មី​ៗ​»។  ឈុន​យី និង​ ស៊ីវហុង​​ បក​ស្រាយ​៕

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​