អ្នកគ្រប់គ្រងតារាដែលមានប្រវត្តិជាអ្នករត់តុ ដកខ្លួនពី Bigman
- 2015-04-03 17:29:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគ្រប់គ្រងតារាដែលមានប្រវត្តិជាអ្នករត់តុ ដកខ្លួនពី Bigman
ចន្លោះមិនឃើញ
ព្រុំ រតនៈ អតីតជំនួយការអ្នកចាត់ការទូទៅនៅផលិតកម្ម Bigman បានប្រាប់ថា លោកបានដកខ្លួនចេញពីផលិតកម្មមួយនេះអស់រយៈពេលខ្ទង់ ៣ខែហើយ បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេលប្រមាណ ១ឆ្នាំរួចមក។
ព្រុំ រតនៈ និង សុខ សោម៉ាវត្តី
ការបើកបង្ហាញពីការដកខ្លួនពីផលិតកម្ម Bigman នៅគ្រានេះ សាមីខ្លួនអះអាងថា ដើម្បីបំបាត់ការងឿងឆ្ងល់ និងការជជីកសួររបស់ប្រិយមិត្តទូទៅ។ ចំពោះមូលហេតុវិញ បុរសវ័យ ២៧ឆ្នាំរូបនេះ អះអាងថា គឺលោកគ្រាន់ចង់ស្វែងរកអនាគតថ្មីប៉ុណ្ណោះ ខណៈនៅទ្រនំចាស់ លោកគិតថាខ្លួនឯងទៅមុខទៀតលែងរួច ប៉ុន្តែមិនមានបញ្ហាអ្វីកើតឡើងឡើយរវាងលោក និងថ្នាក់ដឹកនាំផលិតកម្ម។
"និយាយទៅ គឺគ្រាន់តែចង់រកអ្វីដែលថ្មីទៀតអីចឹងណាបង កូនចៅអីរកលុយអត់បាន អីចឹងក៏សុំឈប់ទៅ ខ្ញុំបានពិភាក្សាជាមួយថ្នាក់លើដែរ ហើយគាត់ក៏អត់ថាអីទេ គឺគាត់ព្រមឲ្យឈប់ ព្រោះថាទុកខ្ញុំទៀត មិនដឹងដើម្បីអីអីចឹងណាបង!”។
មុនពេលលាឈប់ នៅក្នុងផលិតកម្ម Bigman ព្រុំ រតនៈ មាននាទីជាជំនួយការអ្នកគ្រប់គ្រង ដែលមានភារកិច្ចគ្រប់គ្រងតារាចម្រៀងក្នុងផលិតកម្មទាំងអស់។ ក្រោយចាកចេញ លោកបានទៅធ្វើជាអ្នកគ្រប់គ្រងក្នុងផលិតកម្មថ្មីមួយ ដែលលោកសុំលាក់ឈ្មោះសិន។ រតនៈ អះអាងថា នឹងមានបទចម្រៀងលើទីផ្សារឆាប់ៗ។ ដូច្នេះហើយ ទើបលោកសុំលាក់សិន ដោយចង់ឲ្យមានការភ្ញាក់ផ្អើល។
ព្រុំ រតនៈ ជាអ្នកមានកំណើតកើតជានៅរាជធានីភ្នំពេញ ក្នុងគ្រួសារមួយដែលបងប្អូន៨នាក់សុទ្ធតែប្រុស។ លោក ជានិស្សិតពេទ្យ ប៉ុន្តែ សិក្សាបានតែឆ្នាំទី ២ ក៏សម្រេចបោះបង់ការសិក្សាចោល ដោយសារមានបញ្ហាខាងជីវភាពគ្រួសារ។ បន្តមក ក៏ចេញរកការងារធ្វើ ដែលការងារដំបូងរបស់លោក គឺជាអ្នករត់តុនៅភោជនីយដ្ឋាន Number 9 ក្នុងឆ្នាំ ២០០៩។
ធ្វើជាអ្នករត់តុប្រមាណ ២ឆ្នាំ អ្នកគ្រប់គ្រងរូបនេះ បានប្ដូរទៅធ្វើជាអ្នកលក់មាសក្នុងហាងលក់មាសមួយកន្លែង។ ធ្វើតែ១ឆ្នាំប៉ុណ្ណោះ ក៏ឈប់ទៀត រួចទៅធ្វើជា Assistant Marketing ក្នុងក្រុមហ៊ុនទទួលរៀបចំពិធីនានាវិញ។ ការងារថ្មីនេះ ធ្វើបានតែ៤ខែប៉ុណ្ណោះ លោកក៏ប្ដូរទៅធ្វើការផ្នែកទីផ្សារនៅហាង Master Suki Soup ម្ដង ដោយធ្វើបានចំនួន ២ឆ្នាំទើបឈប់។
ព្រុំ រតនៈ(រូបខាងឆ្វេងទី២) និងមិត្តរួមអាជីព
ក្រោយឈប់ពី Master Suki Soup ព្រុំ រតនៈ បានចាប់អាជីពជាអ្នកគ្រប់គ្រងទូទៅនៅភោជនីយដ្ឋាន Lavo។ ធ្វើបានតែកន្លះឆ្នាំ ក៏ឈប់ មកចូលធ្វើការនៅផលិតកម្ម Bigman មាននាទីជាជំនួយការអ្នកគ្រប់គ្រង មុនពេលលាឈប់កាលពីថ្មីៗនេះ ទៅចូលរួមជាមួយផលិតកម្មថ្មីមួយ។ "នៅផលិតកម្មថ្មីនេះ ខ្ញុំនឹងរៀបចំឲ្យបានល្អ ខ្ញុំមិនហ៊ានអះអាងថាកម្រិតណាទេ តែអ្វីដែលយើងចង់ធ្វើ គឺជាអ្វីដែលជាស្នាដៃថ្មីរបស់កូនខ្មែរ"។ ព្រុំ រតនៈ ថ្លែង៕
អត្ថបទ៖ ទារិកា