ស្វែងយល់​ពី​គុណសម្បត្តិ​ និង​គុណវិប្បត្តិ​ iPhone​ 6​

  • 2015-04-03 20:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​iPhone 6 ជា​កំពូល​ Smartphone ​របស់​ក្រុមហ៊ុន Apple ក្នុង​ឆ្នាំ២០១៥​ ដែល​​វត្តមាន​លើ​ទីផ្សាររបស់​វា​ ទទួល​​បាន​ការ​គាំ​ទ្រយ៉ាង​ច្រើន​ ពី​សំណាក់អតិថិជន។ ទាំង​គុណភាព​នៃ​ការ​រចនា​រូប​រាង​ សមត្ថភាព​ដំណើរ​ការ​ និង​មុខងារ​ពិសេសផ្សេងៗទៀត​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជាច្រើនពេញ​ចិត្ត​លើ Smartphone មួយ​នេះ។ ទោះ​ជា​យ៉ាង​ណា Smartphone ជំនាន់​ថ្មី​នេះ ក៏​មាន​គុណវិប្បត្តិ​ដែរ ដូច្នេះ​សូម​ស្វែង​យល់​ ពី​គុណសម្បត្តិ និង​គុណវិប្បត្តិ​របស់​វា​ដូច​ខាងក្រោម៖

 

@ គុណសម្បត្តិ

 

ទំហំ​អេក្រង់

 

 

 

​iPhone ជំនាន់​មុន​ៗ​ ​ត្រូ​វ​បាន​រចនា​ឡើង​ មានអេក្រង់​ទំហំ ​ត្រឹម​តែ​ ៣,៥ អ៊ីញ​ ឬ ៤ អ៊ីញ​ ​តែ​ប៉ុណ្ណោះ​។ តែ​សម្រាប់​ iPhone 6 ​ជំនាន់​ចុង​ក្រោយ​នេះ​វិញ​ គឺ​មាន​ទំហំ​ដល់​ទៅ​​ ៤,៧ អ៊ីញ​​​​ មាន ​Resolution ​1334 x 750 pixels ដែល​ជា​ទំហំ​ធំ​ល្មម​ ផ្ដល់​​ភាព​ងាយ​ស្រួល​ក្នុងការ​ទស្សនា​រូបភាព​ វីដេអូ លេង​ហ្គេម​ និងប្រើ​ប្រាស់​កម្មវិធី​ផ្សេងៗ។ បន្ថែម​លើ​នេះ ​​កម្រិត​បង្ហាញ​នៃ​ពណ៌​ មាន​ភាព​រស់​រវើក ភ្លឺ​ច្បាស់​ អាច​ទស្សនា​បាន​គ្រប់​ស្ថានការណ៍។

 

​គុណភាព​នៃ​ការ​ផលិត

 

 

​ការ​រចនា​របស់​ iPhone 6 គឺ​ខុស​ពី​ម៉ូដែល​មុន។​ តួ​ខ្លួន​របស់​វា ត្រូវ​បាន​រចនា​ឡើង​ដោយ​អាលុយមីញ៉ូម​ ដែល​​រឹង​មាំ​មិន​ងាយ​កោង ​និង​អាច​រងសំពាធ​ពត់​បាន​ខ្ពស់។ ចំណែក​ឯ​​​ប៊ូតុង Power និង Volume ក៏​​រចនា​ឡើង​មាន​គុណភាព​ល្អ​ដែរ។

 

​ល្បឿន

 

​​​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​​ពេញ​ចិត្ត​​ចំពោះ​​​ iPhone 6 ​​ព្រោះ​វា​មាន​​មាន​ល្បឿន​លឿន​ មិន​ទាក់​នៅ​ពេល​ដំណើរ​ការ​កម្មវិធី ​។ ទាំង​នេះ​គឺ​ដោយ​សារ​តែ​ iPhone 6 ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ដំណើរ​ការ​ iOS 8 ​​មាន​​ CPU ប្រភេទ Dual-core Cyclone (ARM v8-based) ល្បឿន 1.4GHz និង ​RAM ទំហំ 1GB ។

 

កាមេរ៉ា

 

 

ជា​មួយ​នឹងទំហំ​កាមេរ៉ា​​ក្រោយ 8MP និង​មុខ 1.2MP បាន​បន្ថែម​កម្រិត​គុណភាព​នៃ​ការ​ថតរូប និង វីដេអូ​​បាន​កាន់​តែ​ច្បាស់។ ជា​ពិសេស​ទៅ​ទៀត​នោះ​ កាមេរ៉ា​ដែល​បំពាក់​នៅ​លើ​ iPhone 6 ក៏​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​នឹង​បច្ចេកវិទ្យា​ និង​មុខ​ងារ​ទំនើប​ ដើម្បី​បន្ថែម​គុណភាព​ និង​​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចាប់​យក​រួប​ភាព ​បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ​ មិន​ថា​ងងឹត​ឬ​ភ្លឺ​នោះ​ទេ។​

 

@ គុណវិប្បត្តិ

 

​ការ​រចនា​

 

​ការ​រចនា​​រូប​រាង​ដោយប្រើ​លោហធាតុ​អាលុយមីញ៉ូម ​បាន​បង្ហាញ​ពី​​ស្រស់​ស្អាត​ ទាក់​ទាញ​​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់ ប៉ុន្តែ​ iPhone 6 មាន​ភាព​រអិល​​នៅ​ពេល​​កាន់​​ និង​ធ្វើ​ឲ្យ​របូត​ពី​ដៃ​បាន​បើ​មិន​បាន​ប្រយ័ត្ន។

 

​ថាមពល​ថ្ម

 

 

​សមត្ថភាព​នៃ​ការ​ផ្ទុក​ថាមពល​ថ្ម​របស់​​ iPhone 6 ​គឺ​​អាច​ផ្ទុក​ថាមពល​បាន​ច្រើន​ជាង ​​បើ​ប្រៀប​ធៀប​ជា​មួយ​ iPhone 5S (1560 mAh ទៅ 1810 mAh) ប៉ុន្តែ​សម្រាប់​ទំហំអេក្រង់ ​គឺ​ធំជាង​ iPhone 5S ដូច្នេះ​​​វា​ក៏ស៊ី​ថាមពល​ច្រើន​ជាង​ដែរ។

 

ជម្រើស​នៃ​ទំហំ​ផ្ទុក​ទិន្នន័យ

 

​iPhone 6 ត្រូវ​បាន​រចនា​ឡើង​ដោយ​បន្ថែម​នូវ​ទំហំ​ផ្ទុក​ទិន្នន័យ ​រហូត​ដល់​ជម្រើស 128GB សម្រាប់​បំពេញ​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​ដែល​ចង់​បាន​ទំហំ​ផ្ទុក​ទិន្នន័យ​ធំ។ ​ប៉ុន្តែ​​ចំពោះ​អ្នក​ប្រើ​ប្រាស់​ iPhone ជំនាន់​មុន​ គឺ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ ពេញ​ចិត្ត​ប្រើ​ម៉ូដែល 32 GB។​ ​ដោយ​ឡែក Apple បាន​លុបទំហំ​ផ្ទុក​ទិន្ន័យ​​ 32GB​ ចេញហើយ​ ដែលពេលនេះ​មាន​តែ​ 16GB, 64GB និង 128GB​ ប៉ុណ្ណោះ ។

 

តម្លៃ

 

​iPhone 6 ជា​ Smartphone ​កំពូល​របស់​ Apple។  ​ដោយ​មាន​ការ​រចនា​​ គុណភាពប្រើ​ប្រាស់ល្អ​ វាអាច​​ត្រូវគេ​ចាត់​ទុក​ជា​ Smartphone ល្បី​មួយនៅ​លើ​​ទីផ្សារ។​ ដូច្នេះ​បើ​និយាយ​ពី​តម្លៃ​វិញ​ iPhone 6 គឺ​ក៏​មាន​តម្លៃ​ខ្ពស់​ ​ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ អាច​​គ្មាន​លទ្ធភាព​ទិញ​ប្រើ​ប្រាស់។

 

ទោះជា​យ៉ាង​ណា​ក្ដី ​គុណវិត្តប្បត្តិ​ទាំង​នេះ​ មិន​មែន​ជា​បញ្ហា​ចោទ​សំខាន់​ប៉ុន្មាន​​នោះ​ទេ សម្រាប់​​អ្នកប្រើប្រាស់​មួយ​ចំនួន ព្រោះ iPhone 6 ក៏​នៅ​មាន​នូវ​មុខ​ងារ​ល្អ​​ជា​ច្រើន​ផ្សេង​ទៀត ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ពេញ​ចិត្ត៕

 

 

 

អាន​បន្ត៖ Galaxy S6 និង iPhone 6 ស្អាត​ដូច​គ្នា​អ៊ីចឹង មួយ​ណា​ស្ថិត​ក្នុង​ចិត្ត​ប្រិយមិត្ត?

 

 

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ forbes

អត្ថបទថ្មី