សាលា IT ល្បីៗ​​មួយ​ចំនួន មាន​លុយ​ចង់​រៀន​ក៏​មិន​ងាយ

  • 2015-04-06 18:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​មាន​លុយ​បង់​ថ្លៃ​សិក្សា​ជា​រឿង​មួយ ប៉ុន្តែ​គ្រឹះស្ថាន​សិក្សា​មួយ​ចំនួន​ បាន​កំណត់​លក្ខខណ្ឌ​យ៉ាង​​តឹងរ៉ឹង​សម្រាប់​​សិស្ស​ដែល​ចង់​​ចុះ​ឈ្មោះ​សិក្សា បើ​ទោះ​បី​សិស្ស​និស្សិត​​​ទាំង​នោះ​មាន​លទ្ធភាព​បង់ថ្លៃ​សិក្សា​បាន​ក៏​ដោយ។

 

ខាងក្រោម​ជា​គ្រឹះស្ថាន​សិក្សា​មួយ​ចំនួន​​ដែល​​មាន​កេរ្តិ៍​ឈ្មោះ​​ល្បីល្បាញ​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​ព័ត៌មានវិទ្យា ប៉ុន្តែ​​សាលា​ទាំង​នោះ​មាន​លក្ខខណ្ឌ​យ៉ាង​តឹងរ៉ឹង​ មុន​ពេល​សិស្ស​និស្សិត​អាច​មាន​ឱកាស​ចូល​សិក្សា​បាន។

 

សាលា​អង្គការ Passerelles Numériques Cambodia

 

 

បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៥ Passerelles Numériques Cambodia ជា​សាលា​អង្គការ​ដែល​ជំនាញ​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ព័ត៌មានវិទ្យា​ដល់​សិស្ស​និស្សិត​ក្រីក្រ​កម្ពុជា។

 

សាលា​នេះ​ជា​គោលការណ៍​ផ្ដោត​​តែ​ទៅ​លើ​និស្សិត​ក្រីក្រ​តែ​ប៉ុណ្ណោះ ដែល​មាន​សមត្ថភាព​តែ​ខ្វះ​លទ្ធភាព​ក្នុង​ការ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា។ សិស្ស​និស្សិត​ដែល​​អាច​សិក្សា​នៅ​សាលា​នេះ​បាន​ ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ជាច្រើន​ដំណាក់​កាល​ដូចជា ជា​សិស្ស​ដែល​ក្រីក្រ​ពិត​ប្រាកដ ​ការ​ធ្វើតេស្ត​​ទៅ​លើ​ការ​សរសេរ ការ​ធ្វើតេស្ត​ផ្ទាល់​មាត់​និង​ការ​វាយ​តម្លៃ​ផ្សេង​ទៀត។ សាលា​នេះ​តែងតែ​ជ្រើសរើស​សិស្ស​ក្រីក្រ​​​ជា​រៀង​រាល់​ឆ្នាំ​ដែល​ទើប​បញ្ចប់​ថ្នាក់​ទី ១២ ​ដើម្បី​មាន​ឱកាស​អាច​បន្ត​ការ​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា ឈាន​ទៅ​ផ្លាស់ប្តូរ​ជីវិត​ចាក​ឆ្ងាយ​ផុត​ពី​ភាព​ក្រីក្រ។

 

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)

 

 

ជា​គ្រឹះស្ថាន​សិក្សា​របស់​រដ្ឋ ដែល​ផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិស្វកម្ម​និង​បច្ចេកវិទ្យា​តាំង​ពី​សម័យ​សង្គម។ ក្នុង​ចំណោម​មុខជំនាញ​វិស្វកម្ម​និង​បច្ចេកវិទ្យា សាលា​នេះ​​ក៏​មាន​ភាព​ល្បីល្បាញ​ និង​ទទួល​​ស្គាល់​​ពី​សិស្ស​និស្សិត​​សម្រាប់​ការ​បណ្តុះបណ្តាល​​ជំនាញ​ព័ត៌មានវិទ្យា​។

 

​ការ​​សិក្សា​បាន​ សិស្ស​និស្សិត​​ក៏​តម្រូវ​​ឲ្យ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ប្រលង​យ៉ាង​ស្វិតស្វាញ ហើយ​ចំនួន​សិស្ស​ដែល​អាច​សិក្សា​ក៏​មាន​កំណត់។

 

សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)

 

 

សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​បណ្តុះបណ្តាល​ជំនាញ​ចម្រុះ​ទាំង​ផ្នែក​​សង្គម វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា។ RUPP ក៏​មាន​ភាព​ល្បីល្បាញ​លើ​ការ​បណ្តុះបណ្តាល​​ជំនាញ​ព័ត៌មានវិទ្យា ដែល​មួយ​ឆ្នាំ​ៗ​សាលា​បាន​ទទួល​សិស្ស​ចុះ​ឈ្មោះ​ជា​ច្រើន។ យ៉ាង​ណា​សាលា​ក៏​មាន​លក្ខខណ្ឌ​មួយ​ចំនួន ​ដើម្បី​​សិស្ស​និស្សិត​អាច​ចុះឈ្មោះ​​សិក្សា​​បាន​​ត្រូវ​​ជាប់​​មុខវិជ្ជា​គណិត និង​រូប​ និង​​ក៏​មាន​ការ​ប្រលង​ប្រជែង​មួយ​ចំនួន​ផង​ដែរ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី