ជួបគ្រោះថ្នាក់ដេកពេទ្យ ទើបបែកធ្លាយថាមានសង្សារ ១៧នាក់
- 2015-04-07 16:24:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបគ្រោះថ្នាក់ដេកពេទ្យ ទើបបែកធ្លាយថាមានសង្សារ ១៧នាក់
ចន្លោះមិនឃើញ
បុរសជនជាតិចិនម្នាក់ ដែលគេដាក់ឈ្មោះថាជា Romeo វ័យក្មេង បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារសមត្ថភាពទាក់ទងមិត្តស្រីលួចលាក់បានដល់ទៅ ១៧នាក់ ក្នុងពេលតែមួយ។ រឿងរ៉ាវនេះបានបែកធ្លាយ ក្រោយរូបគេជួបគ្រោះថ្នាក់ចរាចរណ៍ចូលសម្រាកក្នុងមន្ទីរពេទ្យ ហើយមិត្តស្រីទាំង ១៧នាក់នោះ បង្ហាញខ្លួនបន្តបន្ទាប់។
លោក Yuan ដែលគេដាក់ឈ្មោះថាជា Romeo វ័យក្មេង
បុរសសម្បូរស្នេហ៍នេះ មានឈ្មោះ Yuan រស់នៅក្រុង Changsha ខេត្តហឺណាន ប្រទេសចិន។ រូបគេបានទាក់ទងមិត្តស្រីលួចលាក់ជាច្រើនក្នុងពេលជាមួយគ្នា ហើយម្នាក់ក្នុងចំណោមនោះថែមទាំងមានកូនទៀតផង។ កាលពីពេលថ្មីៗនេះ លោក Yuan បានជួបគ្រោះថ្នាក់ចរាចរណ៍ ចូលសម្រាកក្នុងមន្ទីរពេទ្យ ហើយមិត្តស្រីដែលលោកលួចទាក់ទង ខ្លះទើបបានត្រឹមខែ ឯខ្លះទៀតបានដល់រាប់ឆ្នាំ បានបង្ហាញខ្លួនគួរឲ្យភ្ញាក់ផ្អើល។ នេះគ្រាន់តែជានារីដែលបង្ហាញខ្លួនជាក់ស្ដែងប៉ុណ្ណោះ ឯចំនួនពិតប្រាកដអាចមានលើសពីនេះ។
នារីម្នាក់ឈ្មោះ Xiao Li ដែលទាក់ទងជាមួយបុរសសម្បូរស្នេហ៍បាន ១៨ខែ បានរៀបរាប់ប្រាប់សារព័ត៌មាន Xiaoxiang Chen Bao ថា "ខ្ញុំបារម្ភខ្លាំងណាស់ពេលឮថាគាត់ចូលពេទ្យ... តែពេលឃើញស្រីស្អាតៗបង្ហាញខ្លួន ខ្ញុំក៏ឈប់យំទៀត"។ នារីរូបនេះ បានបន្តទៀតថា អ្នកផ្សេងបានផ្ដល់លុយកាក់ដើម្បីចិញ្ចឹមលោក Yuan ហើយនារីម្នាក់បានធ្វើបែបនេះអស់រយៈពេល ៩ឆ្នាំមកហើយ។ ចំណែកនារីម្នាក់ផ្សេងទៀត ថែមទាំងមានគម្រោងរៀបការទៀតផង។
រឿងរ៉ាវនេះ បានក្លាយជាប្រធានបទយ៉ាងក្ដៅគគុកក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិតនៅប្រទេសចិន។ អ្នកខ្លះបានបញ្ចេញមតិរិះគន់ទៅលើគំនិតបោកប្រាស់របស់បុរសសម្បូរស្នេហ៍នេះ ឯអ្នកខ្លះទៀតបែរជាសរសើរថាអាចលាក់បាំងបានយ៉ាងល្អ។ ពេលនេះមន្ត្រីប៉ូលិសកំពុងបើកការស៊ើបអង្កេត ទៅលើអំពើបោកប្រាស់ ដែលធ្វើឲ្យនារីជាច្រើនលង់ខ្លួន៕
ចុចអាន៖ គូស្នេហ៍រ៉ូមែនទិកនាំគ្នាងូតទឹកត្រសងកណ្ដាលហ្វូងមនុស្ស
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ BBC