ទេព រិនដារ៉ូ បង្ហើប​តិចនិក​​រក្សា​មិត្ត​ភាព​ជិត​ ៣០ ឆ្នាំ ជាមួយ អម្ពរ ទេវី

  • 2015-04-08 19:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ទេព រិនដារ៉ូ និង អម្ពរ ទេវី ដែល​ជា​ដៃ​គូ​សម្ដែង​ខ្សែភាពយន្ត​សក្ដិសម​បំផុត​​ក្នុង​អំឡុង​​ទសវត្ស ៩០ ហើយ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​នៅ​តែ​ស្អិតល្មួត​រហូត​​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ បើ​ទោះ​បី​ជា អម្ពរ ទេវី បាន​ចាក​ចេញ​ពី​ស្រុកកំណើត​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ច្រើន​ឆ្នាំ​​ហើយ​ក្ដី។ តើ​លោក​ ទេព រិនដារ៉ូ មាន​គន្លឹះ​អ្វី​ខ្លះ​ ដើម្បី​រក្សា​មិត្ត​ភាព​ឲ្យ​បាន​យូរអង្វែង​?

 

 រាប់​ពី​ឆ្វេង​ជា វត្ថុ​អនុស្សាវរីយ៍​ពី​ អ្នក​នាង​ អម្ពរ​ ទេវី មក​​ លោក​ ទេព​រិន​ដារ៉ូ និង ឈុត​ សម្ដែង​ក្នុង​រឿង

  ឆ្លើយ​តប​នឹង​សំណួរ​ខាង​លើ​នេះ លោក ទេព រិនដារ៉ូ តារា​សម្ដែង​ជើង​ចាស់​មក​ពី​ខេត្ត​ បាត់​ដំបង បាន​បង្ហើប​ប្រាប់​គេហទំព័រ Sabay ថា អ្វី​ដែល​សំខាន់​ គឺ​មិត្តភាព​ដែល​ល្អ​ ​ត្រូវ​ចេះ​​មើល​ពី​ចំណុច​ពិសេស​របស់​​ដៃ​គូ និង ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

 

ការ​លើកឡើង​របស់​ លោក ទេព រិនដារ៉ូ ខាង​លើ​នេះ គឺ​ធ្វើ​ឡើង​​ក្រោយ​ពី តារា​សម្ដែង​ស្រី​ល្បីល្បាញ​ក្នុង​​ទសវត្ស ៩០ អម្ពរ ទេវី បាន​ផ្ញើ​វត្ថុ​អនុស្សាវរីយ៍​ ជា​ទឹក​អប់​មក​កាន់ ​លោក​ ទេព រិនដារ៉ា កាល​ពេល​ថ្មីៗ​នេះ។ លោក ទេព រិនដារ៉ូ បាន​និយាយ​ថា នេះ​មិនមែន​ជា​លើក​ទី ១ នោះ​ទេ ដែល​លោក​ទទួល​បាន​​ រាល់​ពេល​ អម្ពរ​ ទេវី មក​លេង​ស្រុក​ខ្មែរ តែងតែ​ផ្ញើ​ជា​វត្ថុ​អនុស្សាវរីយ៍។  

អម្ពរ ទេវី ផ្ញើ​កាដូ​ ជា​ទឹក​អប់​ពី​​​អាមេរិក មក​លោក​ ទេព រិនដារ៉ូ ដែល​ជា​មិត្ត​ចាស់

  អតីត​​ជា​ ពីឡុត ​យន្តហោះ MIG-21 ក្នុង​អំឡុង​ឆ្នាំ ១៩៨៤ លោក ទេព រិនដារ៉ូ បាន​និយាយ​​បន្ថែម​ទៀត​​ថា "ខ្ញុំ​តែង​តែ​រក​ចំណុច​ពិសេស​របស់​គាត់​ ហើយ​ចំណុច​ពិសេស​នេះ នាំ​ឲ្យ​យើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ហើយ​ខ្ញុំ​នៅ​ក្បែរ​គាត់​តែងតែ​សប្បាយ​ចិត្ត"។

 

ទេព រិនដារ៉ូ បាន​ប្រាប់​ពី​ចំណុច​ពិសេស​របស់​ អម្ពរ ទេវី ថា៖    -ទេវី ជា​មនុស្ស​កំប្លុកកំប្លែង​ -ទេវី បើ​ទោះ​មាន​ទុក្ខ​ ក៏​នាង​នៅ​តែ​ធ្វើ​ឲ្យ​ក្រុម​ការងារ​សប្បាយ​ចិត្ត -ចូល​ចិត្ត​ញ៉េះញ៉ោះ​​​ លេង​សើច -ទំនាក់ទំនង​ស្មោះ​ត្រង់​ -ចេះ​កែ​លម្អ​រាល់​ចំណុច​ខ្សោយ​របស់​ក្រុម​ការងារ​ -ជា​មនុស្ស​ផ្ចិតផ្ចង់​ការងារ

 

តារា​សម្ដែង​ខ្សែភាពយន្ត​លើក​ទី ១ នៅ​ក្នុង​រឿង "ទឹកភ្នែក​សម្ងាត់​រាត្រី​ពណ៌ស្វាយ" នា​ឆ្នាំ ១៩៨៩ លោក ទេព រិនដារ៉ូ បាន​និយាយ​ទៀត​​ថា ដើម្បី​ឲ្យ​មិត្ត​ភាព​បាន​យូរ​អង្វែង អ្វី​ដែល​សំខាន់​​មួយ​ទៀត​​នោះ គឺ៖

 

-​​ទី ១ ដៃ​គូ​ត្រូវ​មាន​ទំនុក​ចិត្ត​លើ​គ្នា៖ ជីវិត​អ្នក​សិល្បៈ​រង​ព្យុះភ្លៀង ជាពិសេស​អ្នក​កាសែត​សរសេរ​រឿង​មិន​ល្អ ឬ អ្នក​សិល្បៈ​គ្នាឯង​​ ចង់​ឲ្យ​យើង​ឈ្លោះ​គ្នា ដូច្នេះ បើ​យើង​ទុក​ចិត្ត​គ្នា​ យើង​មិន​ជឿ​លើ​ការ​ញុះញង់​អ្នក​ដទៃ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​យើង​ចេះ​សួរ​នាំ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ស្វែង​រក​ព័ត៌មាន​ពិត។

 

-ទី ២ ស្រឡាញ់​រាប់​អាន​ផុស​ចេញ​ពី​ចិត្ត៖ កត្តា​នេះ​សំខាន់​ណាស់​ការ​រាប់​អាន​ត្រូវ​មាន​​ក្ដី​ស្រឡាញ់​ ការ​ស្រឡាញ់​ក៏​ត្រូវ​មាន​ភាព​ស្មោះត្រង់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​​ទាំង​អស់​នេះ ផ្ដើម​ពី​ការ​រាប់​អាន​ស្មោះត្រង់​ គ្មាន​អ្វី​លើស​ពីនេះទេ។

 

-ទី ៣ ភាព​នឹងន​មិន​ប្រែប្រួល៖ មាន​ន័យ​ថា ការ​រាប់​អាន​មិន​ប្រកាន់​លើ​មាន​ ឬ ក្រ​នោះ​ទេ។ ដើមឡើយ​យើង​រាប់​អាន​គ្នា​ពី​ក្រ​ដូចគ្នា ក្រោយ​មក​តារា​ស្រី​ខ្លះ​ចាប់​ផ្ដើម​មាន​បាន​ចាប់​ផ្ដើម​ប្រែប្រួល​ចរិត ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ថមថយ​ ឬ ​ដាច់ដោច។​ ដូច្នេះ ទោះ​អនាគត ​មាន​ ឬ​ ក្រ ក៏ដោយ មិត្ត​ភាព​នៅ​តែ​មិត្តភាព គឺ​យើង​មិន​ត្រូវ​ប្រែប្រួល​ចរិត​នោះ​​ទេ។

 

ខ្សែភាពយន្ត​ដំបូង ដែល​លោក​ ទេព រិនដារ៉ូ បាន​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ អម្ពរ ទេវី គឺ​ រឿង "អាថ៌កំបាំង​កិច្ចសន្យា"។ ក្រោយ​មក​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​តារា​សម្ដែង​សក្ដិសម​បំផុត​នៅ​ក្នុង​អំឡុង​ទសវត្ស ៩០។ អ្នក​ទាំង​ពីរ​បាន​លែង​​ចាប់​ដៃគូ​សម្ដែង​ ក្រោយ​ពី​ តារា​ស្រី អម្ពរ​ ទេវី ចាក​ចេញ​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ តារា​ជើង​ចាស់ ទេព រិនដារ៉ូ នៅ​តែ​ជា​តារា​សម្ដែង​ពេញ​និយម​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន៕  

 
 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

រូបថត៖ Facebook Tep Rindaro

អត្ថបទពេញនិយម