Sabay សហការ Osja Studio វិនិយោគអាជីវកម្មផលិតហ្គេមកម្សាន្ត
- 2015-04-09 15:59:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sabay សហការ Osja Studio វិនិយោគអាជីវកម្មផលិតហ្គេមកម្សាន្ត
ចន្លោះមិនឃើញ
ក្រុមហ៊ុន Sabay បានសហការជាមួយ Osja Studio លើគម្រោងវិនិយោគអាជីវកម្មផលិតហ្គេមកម្សាន្តដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានឆ្ពោះទៅប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ។
លោក អៀ អ៊ុយ ប្រធានដឹកនាំក្រុម Osja Studio បានឲ្យដឹងថា នេះជាការបោះជំហានថ្មីមួយទៀតដែលក្រុមហ៊ុន Sabay បានមកចាប់ដៃគូសហការលើការអភិវឌ្ឍអាជីវកម្មផលិតហ្គេមកម្សាន្ត ក្នុងពេលអាជីវកម្មផលិតហ្គេមនៅប្រទេសកម្ពុជា កំពុងមានសកម្មភាពផុលផុសនិងការគាំទ្រច្រើនឡើង។
លោកថា ការចាប់ដៃគូជាមួយ Sabay នឹងអាចចូលរួមអភិវឌ្ឍអាជីវកម្មផលិតហ្គេមរបស់លោកកាន់តែប្រសើរ ជាពិសេសអាចពង្រឹងលទ្ធភាពឈានទៅប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ ដែលកំពុងរីកលូតលាស់ជាខ្លាំង។
“Sabay ជាក្រុមហ៊ុនដ៏ធំដែលមានធនធាន និងបណ្ដាញចែកចាយធំទូលាយ។ ដូច្នេះតាមរយៈការសហការនេះ យើងជឿជាក់វាពិតជាអាចនាំភាពរីកចម្រើន និងអាចឲ្យយើងមានលទ្ធភាពក្នុងការឈានទៅប្រកួតប្រជែងក្នុងឧស្សាហកម្មផលិតហ្គេមអន្តរជាតិនាថ្ងៃអនាគត"។
Osja Studio បានទទួលភាពល្បីល្បាញក្នុងអាជីវកម្មផលិតហ្គេមកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ស្នាដៃផលិតហ្គេមរបស់ពួកគេកន្លងមក បានទទួលការគាំទ្រទាំងនៅលើឆាកជាតិនិងអន្តរជាតិ។
លោកជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានឲ្យដឹងថា វិស័យផលិតហ្គេមកម្សាន្តរបស់ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍ជាខ្លាំង តាមរយៈការលេចចេញស្នាដៃជាបន្តបន្ទាប់ដែលមានការគាំទ្រពីអ្នកប្រើប្រាស់។
ការវិនិយោគនេះនឹងជួយជំរុញឲ្យប្រទេសកម្ពុជាមានលទ្ធភាពអភិវឌ្ឍអាជីវកម្មផលិតហ្គេមកម្សាន្តកាន់តែប្រសើរឡើង ជាពិសេសការឈានទៅប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិនាពេលអនាគត។
លោកថា ក្រោមឈ្មោះថ្មី Sabay Osja ក្រុមហ៊ុននឹងអភិវឌ្ឍហ្គេមកម្សាន្តសម្រាប់បម្រើទាំងនៅទីផ្សារជាតិនិងអន្តរជាតិ។
អត្ថបទ៖ ប៊ុណ្ណារ៉ា