សៅ សុខា៖ លីកកម្ពុជា នឹងរៀបចំ Home/Away នៅរដូវកាលថ្មីនេះ
- 2014-10-08 22:50:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៅ សុខា៖ លីកកម្ពុជា នឹងរៀបចំ Home/Away នៅរដូវកាលថ្មីនេះ
ចន្លោះមិនឃើញ
ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា នៅរដូវកាលថ្មីនៃលីកបាល់ទាត់កំពូលរបស់កម្ពុជា មិត្តហ្វូនខេបូឌានលីក ២០១៥ (MCL 2015) នឹងរៀបចំការប្រកួតក្រៅដី និង ក្នុងដី (Home/Away)។
ការលើកឡើងបែបនេះរបស់ប្រធានសហព័ន្ធនៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីការចុះកិច្ចសន្យារួមគ្នាក្នុងបន្តឧបត្ថម្ភរយៈពេល ៣ ឆ្នាំ ថែមទៀតក្នុងរង្វង់ទឹកប្រាក់ ១ លាន ៥ សែនដុល្លារ រវាងសហព័ន្ធ និងក្រុមហ៊ុន VIETTEL (មិត្តហ្វូន) នាព្រឹកថ្ងៃទី ៨ តុលា ឆ្នាំ ២០១៤ នេះក្នុងសណ្ឋាគារកាំបូឌីយ៉ាណា។
លោក សៅ សុខា ក្នុងពិធីចុះហត្ថលេខាព្រឹកមិញ
ឯកឧត្តមបានបន្ថែមថា មួយរយៈពេលចុងក្រោយនេះ លីកបាល់ទាត់កម្ពុជាមានការវិវត្តន៍ និង ទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់តាំងពីមានក្រុមចូលរួមតែ ១០ ក្រុម ហើយដំឡើងបាន ១២ ក្រុម។
ប្រធានសហព័ន្ធបញ្ជាក់ថា ៖ «កន្លងមកបាល់ទាត់លីកកម្ពុជា មានការប្រកួតនៅតែមួយកន្លែងប៉ុណ្ណោះ ដើម្បីឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ និងទទួលបានការគាំទ្រកាន់តែច្រើន នៅរដូវកាល ២០១៥ ខាងមុខយើងសម្រេចរៀបចំការប្រកួតបែប មានក្រុមធ្វើជាម្ចាស់ផ្ទះ (Home/Away)»។
ក្រុមបាល់ទាត់ខេត្តស្វាយរៀង គឺជាក្រុមមួយដែលបានរៀបចំហេដ្ឋារចនាសម្ពន្ធរួចរាល់ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះមុនគេ ស្របពេលក្រុមមួយចំនួន ដូចជា ភ្នំពេញក្រោន, ចម្ការកៅស៊ូបឹងកេត និង ក្រុមមួយចំនួនកំពុងតែសាងសង់ និង គ្រោងសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនដូចគ្នា មុនការប្រកួតមកដល់។
ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមហ៊ុន មិត្តហ្វូនដែលជាដៃគូរបស់សហព័ន្ធ ដោយជួយជ្រោមជ្រែងទាំងក្រុមជម្រើសជាតិ ឧបត្ថម្ភការប្រកួតពានរង្វាន់ជាតិ និង អន្តរជាតិ នានាដល់កម្ពុជា។
លោក Hoang Trung Hhanh អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានលើកឡើងថា ក្រុមហ៊ុនលោករីករាយដែលបានបន្តកិច្ចសន្យារយៈពេល ៣ ឆ្នាំបន្តជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង បានក្លាយជាចំណែកមួយជួយលើកស្ទួយកីឡាបាល់ទាត់ជាតិខ្មែរ។ លោកនឹងពិភាក្សាបន្ថែមជាមួយឯកឧត្ដម សៅ សុខា ថា នឹងដំឡើងប្រាក់លើសពី ៥ សែនដុល្លារក្នុងមួយឆ្នាំ ឬ យ៉ាងណាទៀត។
នេះជាលើកទី៣ ហើយដែលក្រុមហ៊ុនមិត្តហ្វូន បានចុះកិច្ចសន្យាជួយឧបត្ថម្ភជ្រោមជ្រែងដល់លីកកំពូលកម្ពុជា ក្នុងរយៈពេល ៣ ឆ្នាំម្ដង ក្នុងខ្ទង់ទឹកប្រាក់ ១,៥ លានដុល្លារអាមេរិក (២០១០ ដល់ ២០១២, ២០១៣ ដល់ ២០១៥ និង ចុងក្រោយនេះ ២០១៦ ដល់ ២០១៨)។
ចំណែកប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកពានរង្វាន់ MCL គិតតាំងពីឆ្នាំដំបូងមកមាន ឆ្នាំ២០១០ ក្រុមភ្នំពេញក្រោន ជាជើងឯកទទួលបានប្រាក់រង្វាន់ ៥៤ លានរៀល, ឆ្នាំ ២០១១ ក្រុមភ្នំពេញក្រោនដដែលទទួលបានប្រាក់ ៦០ លានរៀល, ឆ្នាំ ២០១២ ក្រុមចម្ការកៅស៊ូបឹងកេត ទទួលបាន ៥៨ លានរៀល, ឆ្នាំ ២០១៣ ក្រុមខេត្តស្វាយរៀង ទទួលបាន ៥៨ លានរៀល និង ឆ្នាំ ២០១៤ ក្រុមភ្នំពេញក្រោន ទទួលបាន ៦០ លានរៀល៕
អត្ថបទពាក់ព័ន្ធ៖ សហព័ន្ធកីឡាបាល់ទាត់ បន្តកិច្ចសន្យា ៣ ឆ្នាំ ជាមួយក្រុមហ៊ុនឯកជនមួយក្នុងរង្វង់ទឹកប្រាក់ ១ លាន ៥ សែនដុល្លារ
អត្ថបទ៖ ម៉ឺន រស្មី